ជំងឺស្ទះសរសៃឈាមបេះដូង មិនមែនមានន័យដូចគ្នានឹងជំងឺគាំងបេះដូងទេ។ ជំងឺគាំងបេះដូង គឺបេះដូងឈប់ដើរ ឬឈប់កន្រ្តាក់ (CARDIAC ARREST)។ ការស្ទះសរសៃឈាមបេះដូងអាចបណ្ដាលឱ្យបេះដូងគាំង។ វេជ្ជបណ្ឌិត តាំង តេក ហុង នៅគ្លីនិក ប័រលែន ហ្គ្រូវើ (BORLAND GROOVER CLINIC) នៅសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ប្រឹក្សាផ្នែកសុខភាពតាមរយៈវិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្សាយជាភាសាខ្មែរ (VOA KHMER) បង្ហាញអំពីការប្រឈម ផលវិបាក អាការៈ រោគសញ្ញា និងវិធីសង្គ្រោះ ទាក់ទងនឹងជំងឺស្ទះសរសៃឈាមបេះដូង។
៙ Heart Attack ឬ Myocardial infarction (MI) ជាជំងឺដែលសាច់ដុំបេះដូងរលួយខូចដោយសារឈាមហូរទៅចិញ្ចឹមមិនគ្រប់គ្រាន់ ពីព្រោះសរសៃឈាមបេះដូង (Coronary artery) មួយ ឬច្រើន ត្បៀត ឬស្ទះដោយសារក្រមរ (Plaque)។
ពាក្យ Heart Attack សំដៅលើការឈឺចុកចាប់ទ្រូងយ៉ាងខ្លាំង និងយ៉ាងគំហុក។ ក្រមរ (Plaque) ជាកំណកជាតិខ្លាញ់ (ឬអាចជាជាតិកាល់ស្យូម ក្នុងករណីខ្លះ) នៅតាមជញ្ជាំងសរសៃឈាម ដែលគេហៅថា Atherosclerosis disease (Athero- ជាពាក្យក្រិក មានន័យថាដុំខ្លាញ់ រីឯ sclerosis គឺឡើងរឹង)។ Atherosclerosis ជាមូលហេតុចម្បងដែលនាំឱ្យមាន Acute Coronary Syndrome cases (ការឈឺចុកចាប់ក្នុងទ្រូងយ៉ាងគំហុក)។
ជំងឺងាប់សាច់បេះដូង (Myocardial infarction ឬ MI) ប្រមាណជា៩០% បណ្តាលមកពីដុំឈាមកក (clots) ដែលធ្វើឱ្យស្ទះសរសៃឈាម។ ក្រមរខ្លាញ់ (Plaque) នៅតាមជញ្ជាំងសរសៃឈាម បែកធ្លាយ គឺជាមូលហេតុចម្បងដែលធ្វើឱ្យឈាមកក(clots)។
ក្នុងឆ្នាំ ២០១០ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា អត្រាមរណភាពដោយសារជំងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជាមាន ៥%។ ក្នុងឆ្នាំ ២០១៤ អង្គការសុខភាពពិភពលោកបានឱ្យដឹងទៀតថា អត្រាមរណភាពដោយសារជំងឺនេះបានកើនឡើងដល់ ១១,៥៨% នៅកម្ពុជា ខណៈដែលសហរដ្ឋអាមេរិចមាន ២៣,៥%។
១) ហានិភ័យនៃជំងឺរលួយសាច់ដុំបេះដូង
បុរសនិងស្ត្រីទាំងឡាយ អាចប្រឈមនឹងការកើតជំងឺរលួយសាច់ដុំបេះដូង ប្រសិនបើពួកគេស្ថិតក្នុងចំណុចណាមួយដូចខាងក្រោម៖
• មានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅចំពោះបុរស និង ៥៥ ឆ្នាំឡើងទៅចំពោះស្ត្រី
• មានជំងឺលើសសំពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម (LDL និង Triglyceride) និងមានជំងឺទឹកនោមផ្អែម
• មានសមាជិកក្នុងគ្រួសារដូចជាបងប្អូន ដូនតា ឪពុកម្តាយ ធ្លាប់មានជំងឺនេះមុនអាយុប្រហែល៥៥ ឆ្នាំចំពោះសាច់ញាតិប្រុស និង ៦៥ ចំពោះស្ត្រី
• មានរាងកាយមិនសកម្ម (ខ្វះលំហាត់ប្រាណ)
• មានរាងធាត់ជ្រុល
• មានកង្វល់ និងទុក្ខព្រួយច្រើន
• ធ្លាប់មានជំងឺក្រឡាភ្លើង ឬព្រាយក្រឡាភ្លើងចំពោះស្ត្រី (លើសសំពាធឈាម និងមានទឹកនោមប្រៃពេលមានផ្ទៃពោះ ឬ Preeclampsia)
• សេពគ្រឿងញៀនកូកាអ៊ីន និងអំហ្វេតាមីន
• ធ្លាប់មានជំងឺ Autoimmune disease ដូចជា Rheumatoid arthritis (ជំងឺរលាកសន្លាក់ម្យ៉ាង) ឬ SLE (ជំងឺម្យ៉ាងដែលឡើងស្នាមក្រហមនៅមុខ រាងដូចស្លាបមេអំបៅ ហើយខូចតម្រងនោម)។
២) អាការៈ និងរោគសញ្ញា
អ្នកជំងឺទាំងអស់មិនមានអាការៈ និងកំរិតធ្ងន់ធ្ងរដូចៗគ្នានោះទេ។ អ្នកជំងឺខ្លះគ្មានអាការៈអ្វីទាំងអស់ ហើយរោគសញ្ញាដំបូងរបស់ពួកគេ គឺគាំងបេះដូង (Cardiac arrest) តែម្តង។ ផ្ទុយទៅវិញ អ្នកជំងឺជាច្រើនមានអាការៈ និងរោគសញ្ញាឱ្យដឹងប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍មុន។
សញ្ញាឱ្យដឹងមុនដំបូងគេ គឺឈឺចាប់នៅដើមទ្រូង (Angina) [សូមអានលក្ខណៈខុសគ្នារវាងការឈឺចាប់ដើមទ្រូងដោយសារបេះដូង និងដោយសារមូលហេតុផ្សេងទៀតផង]។ ការឈឺចាប់នេះគឺឈឺខ្លាំងពេលមានចលនា ដោយសារតែចរន្តឈាមក្នុងសរសៃឈាមបេះដូងថយចុះ ហើយធូរស្រាលមកវិញពេលសំរាក។ នេះក៏ព្រោះតែចរន្តឈាមត្រឡប់មកធម្មតាវិញ។ ក្រៅពីនេះមានអាការៈរួមដទៃទៀតដូចជា៖
១-ឈឺដូចគេយកភ្នំមកសង្កត់ ឬគេរឹតខ្លាំងនៅចំកណ្តាលទ្រូង (ក្រោយឆ្អឹងសន្ទះទ្រូង) ហើយរាលចាក់ទៅថ្គាមក្រោម ទៅដៃខាងឆ្វេង និងជួនកាលទៅខ្នង
២-អាចមានអាការៈចង្អោរ មានអារម្មរណ៍ថាមិនរំលាយអាហារ (ហល់អាហារ ឬ Indigestion) ក្រហាយនៅកណ្តាលទ្រូង ឬឈឺពោះ
៣-ដកដង្ហើមខ្លីៗ
៤-បែកញើសត្រជាក់ខ្លួន
៥-អស់កំលាំងឬហេវ
៦-វិលមុខខ្លាំង
៧-តក់ស្លុត នឹកថាខ្លួននឹងស្លាប់។
៣) វិធីសង្គ្រោះ
ពេលសង្ស័យថាអាចមានជំងឺស្ទះសរសៃឈាមបេះដូង អ្នកជំងឺ ឬសមាជិកគ្រួសារ ឬអ្នកនៅជិតអ្នកជំងឺគួរ៖
១-ទូរស័ព្ទទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ។ ប្រសិនជាអាចបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យតាមរយៈរថយន្តសង្គ្រោះដែលមានអ្នកជំនាញសង្គ្រោះនៅជាប់ជាមួយ ជាការល្អ។ មិនគួរបណ្តោយឱ្យអ្នកជំងឺទៅមន្ទីរពេទ្យដោយខ្លួនឯង ឬឱ្យបងប្អូន ឬមិត្តភក្តិជូនទៅឡើយ។
២-ឱ្យអ្នកជំងឺលេបថ្នាំ អាស្ពៀរីន (Aspirin) មួយគ្រាប់ដើម្បីទប់កុំឱ្យមានឈាមកកបន្ថែមទៀត ក្នុងករណីអ្នកជំងឺគ្មានបញ្ហានឹងថ្នាំនេះទេ (ដូចជាអ្នកមានធ្លាប់មានដំបៅ ឬឈាមក្រពះជាដើម)។
៣-ឱ្យអ្នកជំងឺលេបថ្នាំ Nitroglycerin បើអ្នកជំងឺនោះមានថ្នាំនេះជាប់នឹងខ្លួន (គ្រូពេទ្យធ្លាប់ចេញវេជ្ជបញ្ជាឱ្យពីមុន)។
៤) ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺនេះអាចធ្វើទៅបានដោយវិធីសាស្ត្រច្រើនយ៉ាង។ វិធីទាំងនោះមានដូចជា៖
• Electrocardiogram (ECG or EKG) ឬការវាស់ចង្វាក់បេះដូងតាមរយៈចរន្តអគ្គីសនីរបស់បេះដូង។ រូបភាព EKG នីមួយៗមានលក្ខណៈពិសេស ដែលអាចឱ្យគេកំណត់ពីកន្លែងដែលស្ទះបាន។ ជាទូទៅ បេះដូងមានសរសៃឈាមធំៗ២៖ សរសៃកូរ៉ូនែខាងស្តាំ (Right coronary artery or RCA) និងសរសៃកូរ៉ូនែខាងឆ្វេង (Left main coronary artery or LCA) ដែលបែកចេញជាសរសៃកូរ៉ែនែឆ្វេងខាងមុខ (Left anterior descending artery) និងសរសៃកូរ៉ូនែព័ទ្ធជុំវិញផ្នែកខាងឆ្វេង (Left circumflex or LCX)។ នៅពេលសរសៃកូរ៉ូនែខាងឆ្វេងស្ទះ វាអាចនាំឱ្យសាច់ដុំបេះដូងមួយភាគធំខូច។ ជាលទ្ធផល បេះដូងច្របាច់ឈាមចេញបានតិច នាំឱ្យសំពាធឈាមចុះទាប ឬអាចធ្វើឱ្យអ្នកជំងឺស្ថិតក្នុងសភាពអាសន្ន (Shock) និងខ្សោយបេះដូង។ បើមានស្ទះនៅសរសៃកូរ៉ូនែខាងស្តាំវិញ វាអាចប៉ះពាល់ដល់ Sinus node និង conducting pathways ដែលបញ្ជាចង្វាក់បេះដូង។ ជាលទ្ធផល បេះដូងអាចដើរយឺត ឬអាចឈានទៅគាំងបេះដូងទាំងស្រុងតែម្តង។
• Coronary Angiogram (ការថតសរសៃឈាមបេះដូង) ជាវិធីសាស្ត្រសំខាន់ជាងគេបំផុត។ គេចាក់ម្ជុលតូចតាមសរសៃអាកទែរពីម្តុំក្រលាន ជាមួយនឹងសារធាតុពណ៌រាវម្យ៉ាង (a liquid dye) បាញ់ឡើងឆ្ពោះទៅបេះដូង។ សារធាតុពណ៌នេះនឹងបង្ហាញតំបន់សរសៃឈាមដែលស្ទះ។ ក្នុងពេលនោះ គេអាចបំប៉ោងបាល់ឡុង (Balloon) ដើម្បីពង្រីកបើកមុខកន្លែងស្ទះ រួចមកគេអាចដាក់បំពុងសំណាញ់ (Stent) ដើម្បីជួយការពារសរសៃឈាមកុំឱ្យស្ទះម្តងទៀត។
• ម្យ៉ាងទៀត គេយកឈាមកទៅពិនិត្យរកសារធាតុមួយចំនួនដូចជា Troponin, creatine kinase (CK-MB), Myoglobin ជាដើម។ ពេលសារធាតុទាំងនេះឡើងខ្ពស់ វាបញ្ជាក់ថាមានសាច់ដុំបេះដូងរលួយឬងាប់។
• ការថតទ្រូងដោយកាំរស្មីអ៊ិកស៍ (X-ray) អាចបញ្ជាក់ពីទំហំបេះដូង (ថាតើវាមានរីកឬទេ) វត្តមានទឹកក្នុងស្រោមសួត (Pleural effusion) និងខ្សោយបេះដូង។
• ការឆ្លុះអេកូបេះដូង អាចជួយឱ្យគ្រូពេទ្យវាយតំលៃទំហំសាច់ដុំបេះដូងខូចខាត និងសមត្ថភាពនៃការច្របាច់បញ្ជូនឈាមរបស់បេះដូង។
• Exercise Stress Test៖ តេស្តនេះអាចធ្វើទៅបាន បន្ទាប់ពីអ្នកជំងឺមាន Heart attack រយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ គោលដៅនៃវិធីសាស្ត្រនេះ គឺគេចង់ដឹងពីការឆ្លើយតបរបស់បេះដូងនិងចរន្តឈាមបេះដូង ពេលមានចលនាឬលំហាត់ប្រាណ។ គេឱ្យអ្នកជំងឺដើរលើឧបករណ៍ហាត់ប្រាណ (Treadmill) ឬធាក់កង់នៅនឹងកន្លែង ដោយភ្ជាប់ខ្សែវាស់ចរន្តអគ្គីសនីបេះដូង (ECG) ជាមួយផង។ ជួនកាល គេអាចចាក់ថ្នាំភ្ញោចបេះដូង ជំនួសលំហាត់ប្រាណ។
• Nuclear stress test ជាវិធីសាស្ត្រម្យ៉ាងស្រដៀងគ្នាទៅនឹងវិធីសាស្ត្រខាងលើដែរ ប៉ុន្តែគេប្រើថ្នាំចាក់ម្យ៉ាង ដើម្បីថតយករូបភាពបេះដូង ពេលមានលំហាត់ប្រាណ។ វិធីសាស្ត្រទាំង២ចុងក្រោយនេះ អាចជួយណែនាំវិធីព្យាបាលទៅអនាគត។
៥) ផលវិបាក
ផលវិបាកនៃជំងឺស្ទះសរសៃឈាមបេះដូងមានដូចតទៅ៖
១-ចង្វាក់បេះដូងមិនទៀងទាត់ (Arrhythmia)៖ នេះគឺដោយសារតែសរសៃបញ្ជូនឈាមទៅសាច់ដុំបេះដូងមិនគ្រប់គ្រាន់។ ប្រព័ន្ធចរន្តអគ្គីសនីរបស់បេះដូង (SA node and conductive system) អាចប្រព្រឹត្តទៅមិនល្អ នាំឱ្យចង្វាក់បេះដូងប្រែប្រួលខុសធម្មតា។ បេះដូងអាចដើរយឺតពេក (Bradycardia) ឬលឿនពេក (Tachycardia) ឬមិនទៀងទាត់ (Atrial fibrillation)។ ករណីធ្ងន់ធ្ងរមែនទែនគឺបេះដូងដើរយឺតបំផុត ដោយសារដាច់ចរន្តអគ្គីសនីទាំងស្រុង ឬបេះដូងដើរលឿនពេក ដោយសារ Ventricular tachycardia(V-TAC) or Ventricular fibrillation(V-FIB) ។ អ្នកជំងឺអាចវិលមុខ ហេវ និងគាំងបេះដូង។ Atrial fibrillation អាចបណ្តាលឱ្យស្ទះសរសៃឈាមនៅខួរក្បាល (Stroke) ដោយសារមានដុំឈាមកករសាត់ចេញពីបេះដូងទៅ។
២-ខ្សោយបេះដូង៖ ជំងឺស្ទះសរសៃឈាមបេះដូង អាចបណ្តាលឱ្យបេះដូងខ្សោយ។ ពេលសាច់ដុំបេះដូងខូចខ្លាំង បេះដូងមិនអាចច្របាច់ឈាមចេញបានដូចធម្មតាទេ។ ការណ៍នេះនាំឱ្យសំពាធឈាមចុះទាប ដែលជាមូលហេតុធ្វើឱ្យខ្សោយបេះដូង។
៣-ធ្លាយបេះដូង៖ នៅម្តុំដែលស្ទះសរសៃឈាម សាច់ដុំបេះដូងរលួយ។ ផ្នែកដែលរលួយនឹងទៅជាស្តើង ហើយអាចធ្លាយឈាម។ អ្នកជំងឺអាចស្លាប់ភ្លាមៗ។
៤-វ៉ាល់បេះដូង៖ វ៉ាល់បេះដូងខូច នាំឱ្យបិទមិនជិត ជាហេតុធ្វើឱ្យលេចឈាម ពេលបេះដូងកន្ត្រាក់ (Rgurgitation)។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចស្លាប់បាន។
៦) ការប្រើប្រាស់ឱសថ
ចូរចងចាំថា មុននឹងប្រើប្រាស់ឧសថ ត្រូវអានការណែនាំ និងពិគ្រោះជាមួយគ្រូពេទ្យ ឬឧសថការីជាចាំបាច់។ ថ្នាំដែលគ្រូពេទ្យច្រើនប្រើសម្រាប់ព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងមានដូចខាងក្រោម៖
១-ថ្នាំអាស្ពៀរីន (Aspirin)៖ វាជួយទប់ប្លាកែត (Platelets) មិនឱ្យស្អិតជាប់គ្នា ដែលអាចផ្តុំទៅជាដុំឈាមកក (Blood clotting)។
២-ថ្នាំរំលាយឈាមកក៖ គេអាចហៅថ្នាំប្រភេទនេះម្យ៉ាងទៀតថា Clot buster។ ពពួកថ្នាំនេះជួយរំលាយដុំឈាមកក ដែលធ្វើឱ្យស្ទះចរន្តឈាមឆ្ពោះទៅបេះដូង។ អ្នកជំងឺទទួលថ្នាំនេះកាន់តែឆាប់ កាន់តែល្អ ព្រោះវាជួយមិនឱ្យសាច់បេះដូងខូច (ល្អបំផុតក្នុងកំឡុងពេល២ម៉ោងដំបូង)។ ថ្នាំដែលគ្រូពេទ្យច្រើននិយមប្រើមាន Strepto-kinase, Urokinase, Alteplase និង Tenectaplase។ ផលវិបាកធំបំផុតនៃការប្រើថ្នាំទាំងនេះគឺមានហូរឈាមក្នុងក្រពះ និងនៅទីដទៃទៀតនៃប្រព័ន្ធរំលាយអាហារ ក្នុងកម្រិតពី ០,៥% ទៅ ១%។
៣-ភ្នាក់ងារទប់ប្លាកែត (Antiplatelet Agents)៖ វាជាប្រភេទថ្នាំជួយការពារមិនឱ្យមានដុំឈាមកកថ្មីទៀត និងមិនឱ្យដុំឈាមកកដែលមានស្រាប់ រីកកាន់តែធំ។ ថ្នាំទាំងនេះមានដូចជា Clopidogrel (Plavix) និង Ticagrelor (Brilinta)។
៤-ថ្នាំដែលធ្វើឱ្យឈាមរាវដទៃទៀត (Blood thinners)៖ ពពួកថ្នាំទាំងនេះមានដូចជា Heparin ដែលគេស្គាល់ជាទូទៅ និងនិយមប្រើក្នុងការការពារមិនឱ្យឈាមកក។
៥-ថ្នាំបំបាត់ការឈឺចាប់ (Pain relievers or pain killer)៖ ជាទូទៅគេច្រើនប្រើ Morphine។
៦-Nitroglycerin៖ វាជួយបន្ថយការចុកចាប់ក្នុងទ្រូង ដោយជួយបើកចរន្តឈាមបេះដូងឱ្យរត់បានល្អ ព្រោះវាធ្វើឱ្យសរសៃឈាមរីកធំ។
៧-β–blocker៖ វាជួយឱ្យសាច់ដុំបេះដូងសំរាក បន្ថយចង្វាក់បេះដូង បន្ថយសម្ពាធឈាម។ វាក៏ជួយកំណត់បរិមាណសាច់ដុំដែលខូច និងការពារមិនឱ្យមានស្ទះសរសៃឈាម (Heart Attack) ថែមទៀត។
៨-ACE inhibitors៖ វាជួយបន្ថយសម្ពាធឈាម និងមិនឱ្យបេះដូងធ្វើការខ្លាំង (Heart stress)។
៧) អន្តរាគមន៍សល្យសាស្ត្រ និងទម្រង់ការដទៃទៀត (Surgical and other procedures)
បន្ថែមពីលើការព្យាបាលដោយឱសថ ក្រុមគ្រូពេទ្យអាចអនុវត្តន៍ទម្រង់ការខ្លះទៀតដូចជា៖
១-ការដាក់ Pacemaker ដែលជួយសម្រួលចង្វាក់បេះដូង។ ជាទូទៅ គ្រូពេទ្យអនុវត្តទម្រង់ការនេះលើអ្នកជំងឺដែលមានសរសៃចរន្តបេះដូងស្ទះទាំងស្រុង (Complete heart block) ហើយបេះដូងលោតយឺត។ ជួនកាល គ្រូពេទ្យចាំបាច់ត្រូវប្រើឧបករណ៍ម្យ៉ាងដែលហៅថា Defibrillation ពេលបេះដូងលោតលឿនហួសខុសធម្មតា ឬ Ventricular tachycardia។
២-Coronary Angioplasty and Stenting៖ ជាទម្រង់ការឬវិធីសាស្ត្រមួយ ដែលក្រុមគ្រូពេទ្យស៊កបំពង់ឆ្មារមួយចូលតាមសរសៃឈាមក្រហម ត្រង់ម្តុំក្រលាន ហើយរុញឆ្ពោះទៅកាន់បេះដូង។ ពេលរកឃើញកន្លែងស្ទះ បំពង់ឆ្មារនេះអាចបំប៉ោងប៉ឺតប៉ោងពិសេសមួយ ដើម្បីពង្រីកកន្លែងស្ទះ រួចហើយដាក់សំណាញ់លួស ដើម្បីទ្រសរសៃឈាមឱ្យបើកធំក្នុងរយៈពេលយូរ។
៣-ការវះកាត់បើកមុខសរសៃឈាមថ្មី (Bypass surgery)៖ ក្នុងករណីខ្លះដែលការស៊កបំពង់និងសំណាញ់លួសជួបបរាជ័យ ក្រុមគ្រូពេទ្យនឹងវះកាត់បើកមុខសរសៃឈាមថ្មី ដើម្បីឱ្យចរន្តឈាមអាចហូរវាងកន្លែងដែលស្ទះ ឬត្បៀតបាន។
៨) ក្រោយចេញពីមន្ទីរពេទ្យ
អ្នកជំងឺដែលទើបមានការចុកចាប់ក្នុងទ្រូង ត្រូវធ្វើកិច្ចការមួយចំនួនដើម្បីការពារកុំឱ្យមានអាការៈនេះទៅថ្ងៃក្រោយ និងជួយឱ្យអាការៈដែលកំពុងមាន បានជាឡើងវិញ។ កិច្ចការទាំងនោះមានដូចខាងក្រោម៖
• រក្សាសម្ពាធឈាម និងកម្រិតជាតិខ្លាញ់ក្នុងឈាម ឱ្យស្ថិតក្នុងបរិមានកំណត់មួយ (សម្ពាធឈាម LDL ≤ 70mg/dl)
• ហាត់ប្រាណជាប្រចាំ (ដើរឱ្យបានយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ឱ្យបាន ៥ ថ្ងៃក្នុងមួយសបា្តហ៍)
• ព្យាបាលជំងឺទឹកនោមផ្អែម ដោយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតនៅចន្លោះចំនួនដែលគ្រូពេទ្យកំណត់
• រក្សាទម្ងន់មិនឱ្យធាត់ ដោយបរិភាគអាហារដែលសំបូរជីវជាតិ។
• ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់
• បើផឹកស្រា ត្រូវផឹកក្នុងកម្រិតល្មម
• ឈប់ជក់បារី
• បន្ថយទុក្ខព្រួយ៕
ប្រភពដោយ ៖ វេជ្ជបណ្ឌិត តាំង តេក ហុង