សុខភាពបុត្រធីតា គឺជាសេចក្តីសុខ សុភមង្គលរបស់ក្រុមគ្រួសារនីមួយៗ។ ម្តាយគ្រប់រូប នៅពេលមានផ្ទៃពោះ តែងតែប្រាថ្នាចង់បានទារក ដែលកើតមកប្រកបដោយសុខភាពល្អ រឹងមាំ និងកាយសម្បទាគ្រប់គ្រាន់។ បន្ទាប់ពីអ្នកម្តាយបានសម្រាលបុត្រធីតារួច ការថែទាំទារកក្រោយសម្រាលពិតជាមានការចាំបាច់ និងមានសារៈសំខាន់បំផុត ពីព្រោះវាគឺជាការពិនិត្យតាមដានមើលលើសុខភាពទារកដែលទើបនឹងកើត ដើម្បីធានាអោយបាន និងអោយប្រាកដថាទារកមានសុខភាពល្អ អាចចាកចេញពីមន្ទីរពេទ្យបានប្រកបដោយសុវត្តិភាពខ្ពស់។ កត្តាសំខាន់ៗ ដែលឪពុកម្តាយត្រូវយកចិត្តទុកដាក់ស្វែងយល់លើទារកក្រោយពេលសម្រាលរួមមាន ៖
១) ការពិនិត្យសុខភាពទារកក្រោយកើត និងការផ្តល់ថ្នាំបង្ការ ដែលត្រូវធ្វើការកត់ត្រាក្នុងសៀវភៅសុខភាពទារក ឲ្យបានត្រឹមត្រូវ និងទៀងទាត់។
២) ការធ្វើតេស្តឈាមដោយជោះកែងជើងទារក (Newborn Screening Test) ដើម្បីស្វែងរកជំងឺពីកំណើត (១-២ដំណក់ឈាមប៉ុណ្ណោះ)។
៣) ពិនិត្យក្រុមឈាមទារក (Blood Group)។
៤) ការធ្វើការថតឆ្លុះអេកូបេះដូងទារក (Neonatal Echocardiography)។
ក្នុងករណីមានលក្ខណៈមិនធម្មតា ផ្នែកប្រពោធនកម្មទារកដើរតួសំខាន់ ក្នុងការសង្គ្រោះបន្ទាន់ទារកដែលមានសុខភាពមិនប្រក្រតី ឬមានជំងឺផ្សេងៗដូចជា៖
ក- ទារកកើតមិនគ្រប់ខែ និងទារកកើតមកខ្សោយ។
ខ- ការជួយសង្គ្រោះ និងព្យាបាលទារកដែលមានបញ្ហាសួត។
គ- ទារកដែលប្រឈមនឹងការឆ្លងមេរោគពីម្តាយ។
ឃ- ការព្យាបាលដោយកាំរស្មីពណ៌ស្វាយ (Phototherapy) ចំពោះទារកដែលមានជម្ងឺ
ខាន់លឿង។
ង- ទារកចាស់ខែ ឬលើសខែ (៤២ សប្តាហ៍)។
ត- ការតាមដានទារកក្រោយសម្រាល (Nursery) ចំពោះទារកដែលម្តាយមានជំងឺព្រាយក្រឡាភ្លើង, ទឹកនោមផ្អែម ឬ សម្រាលដោយវះកាត់ ។ល។
បញ្ជាក់ ៖ ចំពោះទារកដែលមកសម្រាកថែទាំព្យាបាលនៅផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត ក្រោយចេញពីមន្ទីរពេទ្យ នឹងតម្រូវឲ្យមានការណាត់ជួបជាបន្តបន្ទាប់ ដើម្បីធ្វើការតាមដានការលូតលាស់លើបញ្ញា និងកាយសម្បទារហូតដល់ទារកអាយុ៣ឆ្នាំ។
ការថែរក្សាទារក គឺជាជំនាញឯកទេសមួយដែលទាមទារឲ្យមានការថែទាំ និងព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទារកដែលទើបនឹងកើត។ ដូច្នេះផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត (Neonatal Intensive Care) ត្រូវបានបង្កើតឡើងដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រជំនាញពាក់ព័ន្ធឯកទេសទារកកម្រិតស្តង់ដារសកល ចូលរួមដោយក្រុមគ្រូពេទ្យឯកទេស និងគិលានុប្បដ្ឋាយិកាជំនាញ ប្រកបដោយបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីបម្រើសុខភាពបុត្រធីតាលោកអ្នកឲ្យកាន់តែប្រសើរឡើង។
«សូមស្រលាញ់បុត្រធីតារបស់លោកអ្នក ដោយចូលរួមយកចិត្តទុកដាក់ និងថែទាំទៅលើពួកគាត់គ្រប់ជ្រុងជ្រោយ ពិសេសបន្ទាប់ពីក្រោយសម្រាល»
ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត