ជម្ងឺ ស្រុតស្បូន

១) និយមន័យ
ជំងឺស្រុតស្បូន ជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ ៣០% នៃស្ត្រី ជាពិសេស ស្ត្រីវ័យចំណាស់ និងអស់រដូវ។ ជំងឺនេះបង្ករឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។

២) មូលហេតុ
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមានៈ
- ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក។
- ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត។
- ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក។
- ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក។
- មានជំងឺទល់លាមកញឹកញាប់។
- ធ្វើការធ្ងន់ ឬលើករបស់របរធ្ងន់ៗ។
- ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអរមូន។
- ស្ត្រីដែលធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក។

៣) រោគសញ្ញា
ជាទូទៅជំងឺនេះមានរោគសញ្ញាដូចជា:
- មានផលរំខានលើមុខងារបង្ហូរទឹកនោម។
- អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច ឬលើករបស់ធ្ងន់ ។ល។
- អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំទឹងណែនរំខាននៅក្នុងទ្វារមាស។
- អ្នកជំងឺមានផលរំខានក្នុងការបន្ទោរបង់លាមក។
- អ្នកជំងឺអាចជ្រាបលាមក ឬលេចផោម ដោយឯកឯង។
- ឈឺនៅអាងត្រគាក
- មានធ្លាក់ស
- រលាកទ្វារមាស
- ផលរំខានក្នុងការរួមភេទ
- ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារ លាមក តាមទ្វារមាសចេញមកក្រៅ។

៤) ការព្យាបាល
វិធីព្យាបាលនៃជំងឺនេះមាន ៣ប្រភេទ:
ក. ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអរម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
ខ. វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។
គ. វិធីវះកាត់៖
- ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
- ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជ ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។
ប្រសិនបើស្ត្រីដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬស្ត្រីដែលអស់រដូវ សូមមេត្តារួសរាន់មកពិគ្រោះនិងពិនិត្យសុខភាព ជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។

ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត

 

Post a Comment

Khmer drama

4/Disease/featured