ជម្ងឺ មហារីកមាត់ស្បូន

១) និយមន័យ
មហារីកមាត់ស្បូន ជាជំងឺដ៏គួរអោយខ្លាច និងបារម្មណ៍បំផុតសម្រាប់ស្រ្តីគ្រប់រូប ដែលជំងឺនេះធ្វើអោយមានផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជិវិតរបស់ពួកគាត់។ មេរោគដែលបង្កអោយមានមហារីកមាត់ស្បូនមានឈ្មោះ HPV (ហាស់ ពេ វេ) (Human Papilloma Virus)។ មេរោគនេះមានជាង ១០០ ប្រភេទ តែ ១៣ ប្រភេទប៉ុណ្ណោះ ដែលអាចបង្កអោយមានមហារីកមាត់ស្បូន។

២) តើមេរោគ HPV ឆ្លងពីណា?
HPV ដែលឆ្លងចូលក្នុងខ្លួនយើងជួនវាក៏បាត់ទៅវិញដោយខ្លួនឯង និងជួនវាបង្កអោយការបង្ករោគរ៉ាំរ៉ៃនៅមាត់ស្បូនដែលបង្កអោយមានលក្ខណៈត្រៀម
ចូលមហារីក។ ក្រោយពីមានមេរោគ HPV ចូលក្នុងខ្លួន វានឹងសម្ងំពី១៥ ទៅ២០ឆ្នាំ ទើបបង្កអោយទៅជាជំងឺមហារីកមាត់ស្បូន។

៣) មូលហេតុដែលនាំអោយកើតជំងឺមហារីកមាត់ស្បូន៖
- ការឆាប់រៀបការនូវអាយុក្មេងពេក (ក្រោម១៦ឆ្នាំ)
- អ្នកមានដៃគូររួមភេទច្រើន
- អ្នកមានកូនច្រើន
- អ្នកជក់បារី
- អ្នកដែលបានឆ្លងមេរោគប្រភេទ HPV បង្កមហារីកដូចជាប្រភេទ ១៦,១៨…
- អ្នកដែលមិនបានធ្វើការតាមដាន និងពិនិត្យមាត់ស្បូន
- អ្នកដែលមានភាពស៊ាំធ្លាក់ចុះ (មានផ្ទុកមេរោគHIV …)

៤) រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន៖
- ការធ្លាក់ឈាម
- ការធ្លាក់សមានធំក្លិនស្អុយ
- ការធ្លាក់ឈាមរដូវមិនទៀងទាត់
- អស់កម្លាំង, ចុះស្គម, អត់ឃ្លានអាហារ
- ឈឺខ្នង និងចង្កេះ

៥) ដំណាក់កាលនៃជំងឺមហារីកមាត់ស្បូន៖
ក. ដំណាក់កាលត្រៀមមហារីកមានៈ CIN I , CIN II, CIN III
ខ. ដំណាក់កាលមហារីកៈ
- កម្រិតទី១
- កម្រិតទី២
- កម្រិតទី៣
- កម្រិតទី៤

៦) វិធីបង្ការជំងឺមហារីកមាត់ស្បូន៖
ក. ការពិនិត្យ និងវិភាគកោសិកាមាត់ស្បូន:
- ការពិនិត្យចាប់ផ្តើមពីអាយុ២០ឆ្នាំឡើងទៅក្រោយមានដៃគូររួមភេទរយៈពេល ០១ឆ្នាំ
- ការពិនិត្យមាត់ស្បូនត្រូវធ្វើ០២ឆ្នាំម្តង
- ការធ្វើតេស្តរកមេរោគ HPV បង្កមហារីក
ខ. ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន:
ទោះស្រ្តីបានទទួលបានវ៉ាក់សាំងការពារហើយក៏ដោយ ក៏តម្រូវអោយបងប្អូនស្រ្តីនៅតែពិនិត្យ និងវិភាគមហារីកមាត់ស្បូនអោយបានទៀងទាត់ផងដែរ។

៧) ការព្យាបាល៖
ក. ដំណាក់កាលត្រៀមមហារីកគឺ ការព្យាបាលដោយកាត់កស្បូន ឬព្យាបាលដោយកាត់ស្បូន។
ខ. ដំណាក់កាលមហារីក:
- កាត់ស្បូន និងដៃស្បូន
- កាត់កូនកណ្តុរ
- ចាក់ថ្នាំគីមីប្រឆាំងមេរោគ
- បាញ់កាំរស្មីប្រឆាំងមេរោគ
*ចំណាំ៖
ការតាមដានក្រោយវះកាត់ និងព្យាបាល:
- ករណីជំងឺត្រៀមមហារីក ( CIN I, CIN II, CIN III ) ត្រូវតាមដានរាល់ ០១ ឆ្នាំម្តង ដោយធ្វើការពិនិត្យ និងវិភាគកោសិកាមាត់ស្បូន។
- ករណីជំងឺមហារីក អ្នកជំងឺត្រូវមកតាមដានអោយបានទៀងទាត់រៀងរាល់ ០៣ ខែម្តង - ០៦ ខែម្តង - ០៩ ខែម្តង- ១២ ខែម្តង - ១៨ ខែម្តង - ២៤ ខែម្តង - ៣៦ ខែម្តង និងរួចបន្តត្រួតពិនិត្យជារៀងរាល់ឆ្នាំ

ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត

 

Post a Comment

Khmer drama

4/Disease/featured