ជម្ងឺ ឆ្កូតជ្រូក

តើអ្វីទៅជា ជំងឺឆ្កួតជ្រូក ?

ជំងឺឆ្កួតជ្រូក (អេពីឡឹបស៊ី - Epilepsy) ជាបញ្ហាចំបងមួយក្នុងចំណោមបញ្ហាធំ ៗ នៃសុខភាពសាធារណៈ។ តាមរយៈអង្គការសុខភាពពិភពលោក មានអ្នកជំងឺឆ្កួតជ្រូកប្រមាណ ៦០ លាននាក់នាពេលបច្ចុប្បន្ននេះ។ នៅប្រទេសកម្ពុជាអត្រាប្រេវ៉ាឡង់នៃជំងឺនេះគឺ មានប្រហែល ០,៥៨%។ នៅក្នុងសង្គមខ្មែរយើងក៏ដូចជាប្រទេសដ៏ទៃទៀតលើពិភពលោកដែរ ភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ។ អ្នកជំងឺភាគច្រើនត្រូវទទួលរងនូវការរើសអើងពីមិត្តភ័ក្ត និងមជ្ឈដ្ឋានជុំវិញ។ ពួកគាត់ពេលខ្លះត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។

១) រោគសញ្ញា៖
រោគសញ្ញានៃជំងឺនេះអាចប្រែប្រួលទៅតាមទីតាំង និងទំហំដែលប៉ះពាល់ទៅលើខួរក្បាលដូចជាៈ
- បាត់បង់ស្មារតីភ្លាមៗ
- រឹងខ្លួន និងមានចលនាកន្រ្តាក់ពេញដងខ្លួន និងអវៈយវៈ
- មានខាំអណ្តាត ឬរបួសដោយការដួល
- មានលេចនោម
- អាចវង្វេងវង្វាន់ ឈឺក្បាល ឈឺសាច់ដុំ ក្រោយប្រកាច់
- ជួនកាលអាចមានអាការៈស្ពឹកៗ នៅផ្នែកណាមួយនៃរាងកាយ
- ជួនកាលអាចមានការពិបាកនិយាយ ឬមានអារម្មណ៍ប្លែកៗខុសពីធម្មតា

២) មូលហេតុ៖
អ្នកជំងឺឆ្កួតជ្រូកដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំ ៗ មានដូចជាៈ
- ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល
- ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
- មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនីញ៉ានៅក្នុងខួរក្បាល
- ការវិវត្តន៍ខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ
- ពុលដោយសារពិសាសុរាច្រើនពេក រឺក៏ពពួកថ្នាំញៀនផ្សេងៗទៀត។

៣) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើៈ
- រោគសញ្ញាគ្លីនិក
- ការវាស់រលកចរន្តកោសិកាខួរក្បាលដោយម៉ាស៊ីន EEG ដោយវជ្ជបណ្ឌិតជំនាញ
- ការថតឆ្លុះខួរក្បាលដោយម៉ាស៊ីន MRI ឬ Scanner

៤) ការព្យាបាល និងការបង្ការ៖
- ដូចបានរៀបរាប់ពីខាងលើ ជំងឺឆ្កួតជ្រូកមានទម្រង់ខុសៗគ្នា ដូច្នេះការព្យាបាលក៏ប្រែប្រួលទៅតាមនោះដែរ។ គ្រូពេទ្យអាចសម្រេចចិត្តជ្រើសរើសថ្នាំណាមួយ ដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
- ដើម្បីបង្ការការប្រកាច់ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពីការសេពគ្រឿងស្រវឹង
- ត្រូវជៀសវាងការងារ រឺស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើង ។ល។

បើមានអាការៈដូចបានជម្រាបខាងលើ សូមរួសរាន់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។

“សូមកុំរើសអើងជាមួយអ្នកជំងឺឆ្កួតជ្រូក ព្រោះជំងឺនេះមិនឆ្លងទេ!”

ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត

 

Post a Comment

Khmer drama

4/Disease/featured