ការពុលចំណីអាហារ!

ត្រូវប្រុងប្រយ័ត្ន ការពុលចំណីអាហារ!

ការពុលចំណីអាហារតែងតែកើតឡើងជាប្រចាំថ្ងៃដែលនាំអោយប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់យើង រហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ការពុលចំណីអាហារគឺជាការបរិភោគអាហារដែលមានមេរោគ សារធាតុពុល រឺសារធាតុគីមី។

១) តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានការពុលចំណីអាហារ?
ការពុលចំណីអាហារមានកត្តាចំបងជាច្រើនដែលចូលរួមដូចជា ៖
   - ការបរិភោគអាហារដែលគ្មានអនាម័យ ចម្អិនមិនបានឆ្អិនល្អ និងមានមេរោគ (បាក់តេរី វីរុស អាមីប បារ៉ាសីត...) ដូចជាៈ salmonella, staphylococcus, clostridium perfingens, bacillus cereus, clostridium botulinum….
   - មិនបានលាងសំអាតបន្លែ ផ្លែឈើ សម្ភារៈចំអិនអាហារ អោយបានស្អាត។
   - ការបរិភោគចំណីអាហារដែលមានសារធាតុគីមី និងសារធាតុពុល។
   - ការបរិភោគអាហារដែលហួសថែ្ងកំណត់ និងរក្សាគុណភាពមិនបានត្រឹមត្រូវ។
   - មិនបានលាងសំអាតដៃមុនពេលញ៉ាំចំណីអាហារ។

២) រោគសញ្ញានៃការពុលចំណីអាហារ៖
រោគសញ្ញាដែលកើតឡើងជាញឹកញាប់រួមមាន:
   - ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល រាគរូស ឈឺពេញពោះ វិលមុខ អស់កំលាំងខ្លាំង។
   - រោគសញ្ញានៃការបាត់បង់សារធាតុទឹក (ស្ងួតមាត់ ស្រេកទឹក) ដែលបណា្តលមកពីការក្អួត និងរាគរូសខ្លាំង។

រោគសញ្ញាធ្ងន់ធ្ងររួមមានៈ
   - សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរញាប់ រឺខ្សោយ
   - រាគរូសនិងក្អួតច្រើនដងរយៈពេលយូរ
   - ពិបាកនិយាយ សន្លឹម រឺបាត់បង់ស្មារតី
   - ក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សារសេ និងរងារញាក់។

៣) តើមនុស្សប្រភេទណាខ្លះដែលងាយប្រឈមនិងមានគ្រោះថ្នាក់បំផុតក្នុងការពុលចំណីអាហារ?
   - កុមារដែលមានអាយុតិចជាង ៥ ឆ្នាំ
   - ស្ត្រីមានផ្ទៃពោះ
   - មនុស្សចាស់ដែលមានអាយុលើសពី៧០ឆ្នាំ
   - មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ

៤) តើអ្វីទៅជាផលវិបាកនៃការពុលចំណីអាហារ?
ផលវិបាករបស់វារួមមាន៖
   - ខ្សោយក្រលៀន និងកោសិកាថ្លើម
   - ការស្លេកស្លាំងដោយការបែកគ្រាប់ឈាម  ខ្សោយក្រលៀន និងកំណកឈាមថយចុះ (Hemolytic-uremic syndrome)
   - ចំពោះស្រ្តីមានផ្ទៃពោះអាចអោយមាន ការសម្រាលមុនកំណត់ ការរលូត និងការលូតលាស់ទារកខុសធម្មតា។

៥) វិធីការពារ៖
យើងអាចបង្ការការពុលចំណីអាហារនេះបាន ដោយ:
   - លាងសំអាតបន្លែ ផ្លែឈើ សាច់ និង សម្ភារៈប្រើសំរាប់ចំអិនម្ហូបអោយបានស្អាត។
   - ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច។
   - ត្រូវរក្សាទុក បន្លែ ផ្លែឈើ សាច់ នៅក្នុងសីតុណ្ហភាពតូចជាង ៥ អង្សារសេ ហើយបើនៅក្នុងប្រព័ន្ធកំដៅត្រូវលើសពី ៦០ អង្សារសេ។
   - ចំអិនអាហារអោយបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និង អាហារសមុទ្រ។
   - ទុកដាក់ចំណីអាហារឆៅ និងឆ្អិន ឲ្យដាច់ដោយឡែកពីគ្នា។
   - ហាមប្រើប្រាស់សារធាតុគីមីក្នុងការចំអិនអាហារ។
   - កុំប្រើប្រាស់ចំណីអាហារដែលហួសកាលកំណត់ប្រើប្រាស់។
   - ត្រូវលាងដៃនឹងសាប៊ូមុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយពេលបន្ទោរបង់រួច។

៦) តើយើងត្រូវធ្វើដូចម្តេចនៅពេលពុលចំណីអាហារ?
រាល់ការពុលចំណីអាហារត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗដែលកើតឡើង។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេសដើម្បីជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។


Post a Comment

Khmer drama

4/Disease/featured