ថ្នាំផ្សះជាអ្វី?
មានគ្រូពេទ្យមួយចំនួនដែលជារាមច្បង បាននិយាយប្រាប់ខ្ញុំថា ជម្ងឺអីក៏ដោយបើមិនឲ្យថ្នាំផ្សះទេ អ្នកជម្ងឺមិនជាឡើយ បើតាមការអង្កេតរបស់គាត់ ហើយគាត់បានបន្ថែមទៀតថាបើក្បួនឲ្យកម្រិតប៉ុណ្ណេះយើងត្រូវឲ្យលើសពីក្បួនទើបអ្នក
ជម្ងឺឆាប់ជា។ ខ្ញុំសូមនិយាយថាគ្រូពេទ្យទាំងនោះសុទ្ធតែជាមហាបណ្ឌិត ហើយពិតជាគ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គបានឡើយ។
ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ក្តៅខ្លួនខ្លាំងមកសម្រាកនៅកន្លែងខ្ញុំ នៅពេលយកឈាមរបស់គាត់ទៅពិនិត្យឃើញមានមេរោគ (តែសូមទោសខ្ញុំភ្លេចលទ្ធផលហើយពីព្រោះវាកើតឡើង ៤ឆ្នាំហើយ) ហើយមេរោគនោះផ្សាំជាមួយថ្នាំផ្សះគ្រប់ទាំងអស់ដែលនៅក្នុងស្រុកខ្មែរ។ ពុទ្ធោអើយ តើឲ្យខ្ញុំសង្គ្រោះអ្នកតាមរប្រៀបណា?
មានអ្នកខ្លះនិយាយថា គ្រូពេទ្យបានតែព្យាបាលគេទេ តែបើព្យាបាលក្រុមគ្រួសាររបស់ខ្លួនឯងគឺមិនទុកចិត្តឡើយ? វាជាការពិត បើគ្រូពេទ្យទាំងនោះសុទ្ធតែជាមហាបណ្ឌិត បើត្រឹមតែបណ្ឌិតហើយធ្វើតាមក្បួននោះគឺគេមិនខ្លាចញញើតក្នុងការព្យាបាលឡើយ។
នៅក្នុងថ្ងៃនេះ ខ្ញុំមានរឿងមិនសប្បាយចិត្ត៣រឿង។ ខ្ញុំឆ្ងល់ហើយសែនឆ្ងល់ ក្នុងនាមជាពេទ្យ រៀនចេញពីសាលាតែមួយ រៀនទ្រឹស្តីតែមួយ តើហេតុអ្វីបានជាការព្យាបាលខុសគ្នា? មានគ្រូពេទ្យម្នាក់ធ្វើរោគវិនិច្ឆ័យថាគ្រុនពោះវៀន ហើយព្យាបាលដោយ វិធីសាស្ត្រចាក់ថ្នាំតែ២ថ្ងៃគឺចប់ហើយ។ រឿងមួយទៀតអ្នកជម្ងឺរបស់ខ្ញុំម្នាក់គ្រាន់តែឈឺពោះហៅឥតក្តៅខ្លួនសោះ គ្រូពេទ្យឲ្យគាត់ នូវថ្នាំ ស៊ីប្រូផ្លូសាក់សីន (Ciprofloxacin)។ មានករណីមួយទៀតកើតឡើងទៅលើមិត្តរបស់ខ្ញុំផ្ទាល់ គាត់ក្តៅខ្លួន ហើយឈឺក គ្រូពេទ្យមិនទាន់ទាំងពិនិត្យឲ្យច្បាស់ផងក៏ចាប់ផ្តើម អូផ្លូសាក់សីន (Ofloxacin)។ សូមបញ្ជាក់ថា ស៊ីប្រូផ្លូសាក់សីន (ciprofloxacin) ឬក៏ អូផ្លូសាក់សីន (ofloxacin) សុទ្ធតែជាថ្នាំផ្សះ។
ខ្ញុំសូម ហើយសូមទៀត សូមកុំបំផ្លាញខ្លួនឯងទៀត បើមិនដូច្នោះទេអ្នកជម្ងឺខ្មែរយើងនឹងរត់ទៅប្រទេសជិតខាងហើយ។
ប្រភព វេជ្ជ. ពិសិទ្ធ