ជំងឺវៀចមាត់បណ្តាលមកពីអ្វី?



ជម្ងឺវៀចមាត់គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថាណែហ្វហ្វាស្យាល។
ជម្ងឺវៀចមាត់មានពីរប្រភេទ៖
១- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ
២- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល

ក) រោគសញ្ញា៖
   ១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅៈ
ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយៈទេ។
       - ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះឬរលុបបាត់។
       - ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើនិងចេញក្រៅ។
       - ផ្ទៃមុខផ្នែកខាងក្រោម:  ផ្នែកខាងដែលខូចគឺមានស្នាមជ្រូញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។
ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។

   ២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាលៈ
-ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោមពោលគឺមានតែការថយចុះឬ រលុបបាត់ស្នាមជ្រួញនៅជិតច្រមុះហើយមាត់ទាញទៅផ្នែកខាងល្អ។
-រួមទាំងអាចមានការថយខ្សោយនៃអវះយវះមួយចំហៀងខ្លួនទៀត។

ខ) មូលហេតុនៃជម្ងឺវៀចមាត់៖
   ១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅ:
       - ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។
       - អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។
       - ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose ។
       - ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយនិងខាងក្រោមនៃខួរក្បាល។
       - ជំងឺមេតាបូលីកដូចជាជម្ងឺទឹកនោមផ្អែម
       - វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយះពេលតិចបំផុត២ខែ តែវាក៍អាចមាននៅមានសំណល់ ២០%ដែរ។

   ២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល:
       - ជំងឺគ្រោះថ្នាក់សរសៃរឈាមខួរក្បាល: ដាច់សរសៃរឈាម ឬស្ទះសរសៃឈាមខួរក្បាល។
       - ជំងឺដុំសាច់ ឬមហារីកខួរក្បាល
       - ជំងឺ Sclerose en plaque

គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅៈ
   - ការពិនិត្យឈាម
   - ការបូមទឹកឆ្អឹងខ្នង
   - ការវិភាគតាមCT scan ឬ MRI

ឃ) ការព្យាបាល៖
ការព្យាបាលជម្ងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺៈ
   - ការប្រើប្រាស់ថ្នាំ
   - ការព្យាបាលដោយចលនា (Physiothérapie) និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ
   - ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ។

ដូច្នេះបើបងប្អូនមានជំងឺវៀចមាត់ ឬមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យបានរហ័សច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយជោគជ័យប្រសិទ្ធភាពខ្ពស់៕

Post a Comment

Khmer drama

4/Disease/featured