ការលើសអរម៉ូនទីរ៉ូអ៊ីតលើស្ត្រីមានផ្ទៃពោះ!


ការលើសអរម៉ូនទីរ៉ូអ៊ីត លើស្ត្រីមានផ្ទៃពោះ!
(Hyperthyroïdie et la grossesse)
អរម៉ូនទីរ៉ូអ៊ីតត្រូវបានបញ្ចេញពីក្រពេញទីរ៉ូអ៊ីត ដែលមានរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃដើមក ដើម្បីទ្រទ្រង់ជីវិតមនុស្ស។ ការកើនឡើងលើសពីប្រក្រតីនៃអរម៉ូននេះ បង្ករឲ្យមានវិបត្តិសុខភាពធ្ងន់ធ្ងរ។ ការកើនឡើងលើសប្រក្រតីនៃអរម៉ូនទីរ៉ូអ៊ីតលើស្ត្រីមានផ្ទៃពោះ  មានអត្រារហូតដល់ 0,2%នៃស្ត្រីមានផ្ទៃពោះ ហើយវាអាចបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងទារកក្នុងផ្ទៃបើពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។
  
ក) រោគសញ្ញា៖
    - ការស្រកទម្ងន់ ឬមិនឡើងទម្ងន់ក្នុងកំឡុងពេលមានផ្ទៃពោះ ជាសញ្ញាមួយដែលធ្វើឲ្យយើងគិតដល់ជំងឺនេះ
    - ការក្អួតខ្លាំង(ចាញ់កូនខ្លាំង)
    - អស់កំលាំង
    - បេះដូងដើរញាប់
    - ហត់
    - ឆាប់ខឹង ឆាប់មួម៉ៅ
ខ) មូលហេតុ៖
    - ជំងឺ Basedow ជាមូលហេតុដែលជួបប្រទះញឹកញាប់ជាងគេ វាកើតឡើងដោយសារការបញ្ចេញអង់ទីករ ភ្ញោចទៅលើក្រពេញទីរ៉ូអ៊ីត (Anticorps Anti-Récepteur de la TSH)
    - ការកើនឡើងអ័រម៉ូនទីរ៉ូអ៊ីតក្នុងរយៈពេលខ្លី (Thyrotoxicose gestationnelle transitoire) កើតឡើងដោយការភ្ញោចអ័រម៉ូនរបស់គ៌ភ (β-HCG)ទៅលើក្រពេញទីរ៉ូអ៊ីត ហើយវាត្រលប់ទៅរកភាពប្រក្រតីវិញនៅទ្រីមាសទី២ និងទី៣
    - ដុំពកកច្រើន(Goitre multinodulaire toxique)
    - ដុំពកក (Adénome toxique)
    - ការរលាកក្រពេញទីរ៉ូអ៊ីតផ្សេងៗទៀត (Thyroïdites)

គ) ផលវិបាក៖
    - ផលវិបាកលើម្តាយៈ
      • រលូតកូន (Fausses couches spontanées)
      • កូនកើតមិនគ្រប់ខែ (Prématurité)
      • ការឡើងសំពាធឈាមពេលមានផ្ទៃពោះ (HTA gravidique)
      • ក្រលាភ្លើង (Pré-éclampsie)
      • ខ្សោយបេះដូង (Insuffisance cardiaque)
    - ផលវិបាកលើទារកក្នុងផ្ទៃៈ
      • រូបរាងមិនប្រក្រតី (Malformation congénitale)
      • ការលូតលាស់យឺតយ៉ាវ (Retard de Croissance)
      • កូនស្លាប់ក្នុងផ្ទៃ (Mort in utéro)
      • ការលើសអរម៉ូនទីរ៉ូអ៊ីតលើកូន (Hyperthyroïdie foetale)
ឃ) រោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺផ្អែកលើការពិនិត្យឈាមមើលកំរិតអរម៉ូនក្នុងឈាម
    - ការកើនឡើងនៃ T4 libre
    - ការថយចុះនៃ TSH
    - ការស្វែងរកមូលហេតុតាមរយៈការ អេកូរណ៍សាស្រ្តលើក្រពេញទីរ៉ូអ៊ីត និងការពិនិត្យឈាមរកអង់ទីករ ដែលភ្ញោចទៅលើក្រពេញទីរ៉ូអ៊ីត (TRAK)
ង) ការព្យាបាល ៖
ចំពោះការព្យាបាល ត្រូវបានធ្វើឡើងដោយប្រើថ្នាំ ដើម្បីបន្ថយអរម៉ូនទីរ៉ូអ៊ីត ទៅតាមកម្រិតរបស់វា។
ច) ដំបូន្មាន៖
    - ស្រ្តីមានផ្ទៃពោះគ្រប់រូបគួរតែតេស្តឈាមមើលកំរិតអរម៉ូនទីរ៉ូអ៊ីតឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា
    - ស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានលើសអ័រម៉ូនទីរ៉ូអ៊ីត ត្រូវប្រញាប់មកពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេសផ្នែកជំងឺក្រពេញឲ្យបានឆាប់ជាទីបំផុត និង គោរពតាមដំបូន្មានគ្រូពេទ្យជំនាញឲ្យបានខ្ជាប់ខ្ចួន ដើម្បីសុវត្តិភាពម្តាយ និងកូន។
Credit : Clmette Hospital

Post a Comment

Khmer drama

4/Disease/featured