អ្វីទៅជាការឆ្លុះក្រពះនិងពោះវៀន?


ក) អ្វីទៅជាការឆ្លុះក្រពះនិងពោះវៀន?
   - ការឆ្លុះក្រពះ គឺជាការស៊កទុយយូរតូចមួយដែលនៅខាងចុងមានកាម៉េរាមានពន្លឺចាំងដាក់ចូលតាមមាត់ឆ្លងតាមបំពងអាហារចូលដល់ក្នុងក្រពះរហូតដល់ដើមនៃពោះវៀនតូច។
   - ការឆ្លុះពោះវៀន គឺជាការស៊កទុយយូរដែលមានទំហំធំជាងទុយយូរឆ្លុះក្រពះបន្តិចដែលនៅខាងចុងមានកាម៉េរាមានពន្លឺចាំងដាក់ចូលតាមរន្ធគូទរហូតដល់គល់នៃពោះវៀនធំ និងឆ្លងចូលចុងនៃពោះវៀនតូច។
ខ) តើមានអាការៈបែបណាខ្លះដែលគួរមកឆ្លុះក្រពះ និងពោះវៀន?
   ១. អាការៈគួរឆ្លុះក្រពះ៖
        - ពិបាកលេបអាហារ
        - ហូបអាហារឆាប់ឆ្អែត ឆ្អល់ ភើរ និងណែនតឹងក្នុងពោះ
        - ឈឺចុកឆ្អល់ចង់ក្អួតក្តៅក្រហាយចុងដង្ហើម
        - ឈឺចុកចាប់ក្តៅក្រហាយក្នុងពោះ
        - ឈឺចុកចាប់ក្នុងពោះ ចង់ក្អួតចង្អោរមុនបាយឬក្រោយបាយ
        - មានក្អួតឈាមឬជុះឈាម ឬជុះខ្មៅ ស្លេកស្លាំង
        - ជំងឺក្រិនថ្លើម ឬ មានទាចទឹក
        - អ្នកជំងឺដែលមានបញ្ហាក្រពះ និងព្យាបាលមិនធូរស្បើយ។
   ២. អាការៈគួរឆ្លុះពោះវៀន៖
        - អ្នកជំងឺរាករូសញឹកញាប់និងរ៉ាំរ៉ៃ
        - ឧស្សាហ៍ទល់លាមកញឹកញាប់និងរ៉ាំរ៉ៃ
        - ឈឺពោះ ហើមពោះ ទល់ខ្យល់ញឹកញាប់
        - ឈឺក្នុងពោះរ៉ាំរ៉ៃ ឬស្រក់ទំងន់
        - ជុះឈាមឬខ្មៅ
        - អ្នកដែលមានប្រវត្តិក្រុមគ្រួសារមានជម្ងឺមហារីកពោះវៀន។
គ) តើត្រូវធ្វើដូចម្ដេចមុននឹងធ្វើការឆ្លុះក្រពះនិងពោះវៀន?
   ១. មុននឹងឆ្លុះក្រពះ ៖ អ្នកដែលមកឆ្លុះក្រពះគ្រប់រូបត្រូវឈប់ហូបអាហារមុនឆ្លុះរយះពេល ៦ ទៅ ៧ ម៉ោងដើម្បីអោយក្រពះទំនេរស្អាត ងាយអោយគ្រូពេទ្យពិនិត្យឃើញច្បាស់។ ប៉ុន្តែក្នុងករណីអ្នកខ្លះហូបអាហារហើយតែអាហារនោះតិចតួចឬជំងឺនោះធ្ងន់ធ្ងរចាំបាច់ត្រូវធ្វើការឆ្លុះបន្ទាន់ដូចជា ក្អួតឈាម ជុះឈាមឬស្លាក់ចំណីនិងរបស់ផ្សេងៗក្នុងបំពង់ក គ្រូពេទ្យចាំបាច់ត្រូវដាក់ថ្នាំដើម្បីជំរុញអោយអាហារឬឈាមនៅក្នុងក្រពះនោះអោយឆាប់ធ្លាក់ទៅក្នុងពោះវៀន។
   ២. មុននឹងឆ្លុះពោះវៀន ៖ អ្នកឆ្លុះពោះវៀនត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យឈាមនិងពន្យល់អំពីរបៀបផឹកទឹកថ្នាំលាងពោះវៀន ព្រោះជាទូទៅអ្នកឆ្លុះពោះវៀនត្រូវផឹកទឹកថ្នាំចំនួន៤លីត្រ ដើម្បីលាងពោះវៀនអោយបានស្អាត ក្នុងករណីលាងមិនស្អាត គេអាចបន្ថែមទឹកថ្នាំ១លីត្រឬ២លីត្រទៀត។
ឃ) ជម្រើសនៃការឆ្លុះ៖
ការឆ្លុះក្រពះពោះវៀនមានជំរើស២:
   ១. ជំរើសទី១: ការឆ្លុះក្រពះនិងពោះវៀនធម្មតាដោយគ្មានការដាក់ថ្នាំសណ្ដំ:
        - ចំពោះការឆ្លុះក្រពះ ការឆ្លុះនេះគ្រប់អ្នកជំងឺគ្រាន់តែប្រើថ្នាំស្ពឹកបាញ់តាមមាត់ឬបៀមជែលក្នុងមាត់ជាការស្រេច វាកាត់បន្ថយនូវការរំខាន ចង្អោរឬចង់ក្អួត ដែលធ្វើអោយអ្នកជំងឺអាចឆ្លុះបាន។
        - ចំពោះការឆ្លុះពោះវៀន គ្រប់អ្នកជំងឺដែលឆ្លុះធម្មតាតែងមានការចុកពោះសៀតពោះតិចតួច ប៉ុន្តែគ្រូពេទ្យអាចចាក់ថ្នាំសម្រន់បន្ថយការឈឺចុកសៀត ដើម្បីជួយសំរួលអោយអ្នកជំងឺឆ្លុះបាន។
   ២. ជំរើសទី២: ការឆ្លុះក្រពះនិងពោះវៀនដោយការដាក់ថ្នាំសណ្ដំ:
គ្រប់អ្នកជំងឺទាំងអស់ដែលត្រូឆ្លុះក្រពះពោះវៀនដាច់ខាតត្រូវតម្រូវឲ្យមកជួបគ្រូពេទ្យផ្នែកថ្នាំសណ្ដំដើម្បីពិគ្រោះនិងពិនិត្យជាមុនសិន មុននឹងធ្វើការឆ្លុះ។
        - ចំពោះការឆ្លុះក្រពះ ក្នុងករណីអ្នកជំងឺគាត់ខ្លាចចង្អោរឬចង់ក្អួតពិបាកទ្រាំ ឬក្នុងករណីអ្នកជំងឺធ្ងន់ធ្ងរដូចជា ក្អួតឈាម ជុះឈាមឬស្លាក់របស់ជាប់ក្នុងបំពង់ករ សភាពអ្នកជំងឺមិនអាចឆ្លុះធម្មតាបាន ដូចនេះជម្រើសដ៏ល្អគឺចាំបាច់ត្រូវតែដាក់ថ្នាំសណ្ដំដើម្បីសង្រ្គោះការព្យាបាល។
        - ចំពោះការឆ្លុះពោះវៀន គឺក្នុងករណីអ្នកជំងឺគាត់ខ្លាចការឈឺចុកសៀតពោះ ឬអ្នកជំងឺដែលហូរឈាមតាមបាតមានសភាពមិនអាចឆ្លុះធម្មតាបាន យើងត្រូវជ្រើសរើសការដាក់ថ្នាំសណ្ដំជាការល្អដើម្បីគ្រូពេទ្យអាចធ្វើការឆ្លុះបាន។
ង) អត្ថប្រយោជន៍នៃការឆ្លុះក្រពះនិងពោះវៀន៖
អាចជួយធ្វើរោគវិនិច្ឆ័យ ព្រមទាំងឈានទៅរកការព្យាបាលនិងសង្គ្រោះអ្នកជំងឺដែលមានបញ្ហាតាមប្រពន្ធ័រំលាយអាហារដូចជា៖
   - អាចពិនិត្យឃើញមានការរលាក ដំបៅ ដុះសាច់ ក្នុងបំពង់អាហារ ក្រពះពោះវៀន
   - អាចមានវិធីសង្គ្រោះទប់ស្កាត់ក្នុងករណីអ្នកជំងឺមានការក្អួតឈាមឬជុះឈាម ដោយអាចជៀសវាងការវះកាត់
   - អាចជួយសង្គ្រោះចាប់យករបស់ផ្សេងៗឬចំណីដែលស្ទះជាប់ក្នុងបំពង់អាហារ
   - អាចឆ្លុះច្រឹបសាច់ក្រពះនិងពោះវៀនទៅពិនិត្យរកមេរោគដើម្បីងាយស្រួលព្យបាល
   - អាចជួយកាត់ដុំសាច់តូចៗក្នុងក្រពះឬក្នុងពោះវៀនដោយមិនចាំបាច់ធ្វើការវះកាត់
   - អាចជួយពង្រីកបំពង់អាហារឬរន្ធគូទ ក្នុងករណីរួមត្បៀត
   - អាចធ្វើការចោះក្រពះដើម្បីបាញ់ចំណីអាហារ ក្នុងករណីអ្នកជំងឺលេបអាហារមិនចូល ឬដំបៅស្ទះត្បៀតបំពង់អាហារ
   - អាចជួយអោយគ្រូពេទ្យបានដឹងពីមូលហេតុដើម្បីងាយស្រួលក្នុងការព្យាបាលឆាប់ជានិងជួយសន្សំសំចៃថវិការអ្នកជំងឺ។
បើបងប្អូនមានបញ្ហាសុខភាពដូចអាការៈខាងលើ សូមអញ្ជើញមកពិគ្រោះនិងពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញឯកទេស មានបធពិសោធន៏ក្នុងការព្យាបាល ការជួយសង្រ្គោះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

Post a Comment

Khmer drama

4/Disease/featured