ជំងឺស្ទះពោះវៀន?


ជំងឺស្ទះពោះវៀន កើតមានពី ១០% ទៅ ២០% នៃអាការៈឈឺពោះចំពោះមនុស្សធំ និងជាមូលហេតុទីពីរ នៃការ
ចូលព្យាបាលដោយវះកាត់ បន្ទាប់ពីជំងឺរលាកខ្នែងពោះវៀន។
ក) អ្វីទៅជាជំងឺស្ទះពោះវៀន?
ជំងឺស្ទះពោះវៀន ជាភាពរអាក់រអួលនៃចលនាពោះវៀនដែលបង្កការរារាំង ដល់ដំណើរការធម្មតានៃការបញ្ចេញ
លាមក និងផោម។ ការស្ទះនេះអាចកើតមាននៅពោះវៀនតូច ឬនៅពោះវៀនធំ។
   ១. ជំងឺស្ទះពោះវៀនដោយមុខងារមិនប្រក្រតី:
បញ្ហា Iléus paralytique បង្កជាជំងឺស្ទះពោះវៀន ដែលមានប្រភពមកពីភាពមិនប្រក្រតីលើមុខងារដែលរារាំងដល់
ដំណើរបញ្ចេញធម្មតារបស់ពោះវៀន។ សភាពជំងឺនេះអាចកើតមានឡើងក្រោយការប្រើប្រាស់ថ្នាំទប់រាគ  ក្រោយការវះកាត់ពោះវៀន ជំងឺរលាកខ្នែងពោះវៀន រលាកស្រោមពោះវៀន រលាកលំពែង ឬជំងឺពីកំណើត (Hirschsprung)។
   ២. ជំងឺស្ទះពោះវៀនក្រោយវះកាត់:
វាជាប្រភេទជំងឺស្ទះដោយមូលហេតុមេកានិក។ សភាពជំងឺនេះកើតមានក្រោយការវះកាត់ក្នុងពោះ អាចចន្លោះរាប់ថ្ងៃ ខែ ឬរាប់ឆ្នាំ ដែលបណ្តាលមកពីការស្អិតនៃពោះវៀន។
ខ) មូលហេតុ៖
ជំងឺនេះអាចបណ្តាលមកពីការបាត់ចលនាកន្រ្តាក់នៃសាច់ដុំពោះវៀន ដែលជារឿយៗមានប្រភពមកពីៈ
   - បញ្ហាប្រព័ន្ធប្រសាទ
   - ការរលាក ឬការក្លាយរោគ
   - ការឈឺចាប់ ឬក្រោយការវះកាត់
   - ការរមួលនៃផ្នែកណាមួយនៃពោះវៀន ឬក៏មកពីការរាំងស្ទះក្នុងប្រហោងពោះវៀនដោយសារដុំសាច់
   - ដុំលាមក ឬមកពីគៀបសង្កត់ពីក្រៅប្រហោងពោះវៀន។
មូលហេតុដែលជួបប្រទះញឹកញាប់គឺបណ្តាលមកពីៈ
   - ជំងឺក្លនលូន (Hernie)
   - ដុំសាច់ (Tumeur)
   - ស្អិតពោះវៀនក្រោយវះកាត់ (Adhérence intestinale)
គ) រោគសញ្ញា៖
បណ្តុំរោគសញ្ញាសំខាន់ៗ នៃជំងឺស្ទះពោះវៀនស្រួចស្រាវមានៈ
   - ឈឺពោះ
   - ប៉ោងពោះ
   - ទល់ផោម និងលាមក
   - ក្អួត
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យគឺត្រូវបានធ្វើឡើងតាមរយៈ
   - ការពិនិត្យគ្លីនិកៈ ការស្ទាបពោះ និងលូករន្ធគូថ
   - ការថតកាំរស្មីអ៊ិច (ASP) និងការថតស្កែន (Scanner) ដើម្បីបញ្ជាក់ពីទីតាំង និងប្រភេទនៃមូលហេតុស្ទះ
   - ការពិនិត្យឈាម
ង) ការព្យាបាល៖
ការកំណត់ការព្យាបាលជំងឺស្ទះពោះវៀន ត្រូវពឹងផ្អែកទៅលើៈ
   - មូលហេតុស្ទះ (Origine)
   - ទីតាំងស្ទះ (Localisation)
   - សភាពធ្ងន់ធ្ងរនៃជំងឺ (Gravité)
ជំងឺស្ទះពោះវៀនដោយការរមួល ទាមទាការព្យាបាលជាបន្ទាន់ដើម្បីដកយកមូលហេតុរមួលចេញ។ ក្នុងករណីជំងឺស្ទះដោយការសង្កត់ពីក្រៅ ឬការរាំងស្ទះខាងក្នុងប្រហោងពោះវៀន ការព្យាបាលអាចប្រព្រឹត្តទៅដោយ ការវះកាត់ ការប្រើថ្នាំ ឬដោយការធ្វើ Lavement តាមការពិភាក្សាពហុឯកទេសចំរុះ និងសម្រេចរបស់ក្រុមគ្រូពេទ្យជំនាញអំពីវិធីសាស្ត្រព្យាបាល។
ច) ផលវិបាក៖
ជំងឺស្ទះពោះវៀនតំរូវអោយសម្រាកក្នុងមន្ទីរពេទ្យជាបន្ទាន់ ហើយជំងឺនេះទាមទារការព្យាបាលទៅតាមមូលហេតុ ដោយការប្រើថ្នាំ, ដោយការឆ្លុះអង់ដូស្កូប ឬដោយការវះកាត់។ ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវ
និងយឺតយ៉ាវ ជំងឺនេះបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា វិបត្តិមេតាបូលីកធ្ងន់ធ្ងរ (វិបត្តិកង្វះជាតិទឹក, វិបត្តិ
បេះដូង, ចុះខ្សោយតម្រងនោមជាដើម) ការធ្លាយពោះវៀនបង្កជាការក្លាយរោគក្នុងស្រោមពោះ ដោយមេរោគក្នុង
ពោះវៀនដែលរមួលរយៈពេលយូរ ឬសភាពជំងឺស្ហុក (état de choc)។
«បើបងប្អូនដែលមានជំងឺស្ទះពោះវៀននេះ ឬមានអាការៈសង្ស័យដូចបានជម្រាបជូនខាងលើ សូមមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឲ្យឆាប់រហ័ស ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ព្រោះជំងឺស្ទះពោះវៀនដែលមិនបានទទួលការព្យាបាលបន្ទាន់អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។»
Credit: នៅមន្ទីរពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured