ជំងឺខ្សោយបេះដូង គឺជាបញ្ហាចំបងដល់សុខភាពសាធារណៈ !
១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure)
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។
២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង?
តាមរបាយការណ៌ថ្មីៗបានបង្ហាញថា
ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណៈ
៦៤លាននាក់ ។
- ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។
- អត្រាមរណៈភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)
ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ។
៣) រោគសញ្ញា៖
ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ
- អស់កំលាំង, ល្ហិតល្ហៃ
- ពិបាកដង្ហើម, ហត់ដង្ហក់
- ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម
- ហើមជើង, ឡើងទំងន់លឿន
- ញរ័ទ្រូង
- ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)
៤) មូលហេតុ៖
កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ
- លើសឈាម (HTN)
- ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)
- ជំងឺខូចប្រឺសបេះដូង (Valvular heart disease)
- ជំងឺបេះដូងពីកំណើត (Congenital heart disease)
- ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
- ជំងឺវិបត្តិចង្វាក់បេះដូង...
៥) រោគវិនិច្ឆ័យ៖
អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមានៈ
- ការថតសួត (Chest X-ray)
- ការវាស់ចង្វាក់បេះដូង (EKG)
- ការពិនិត្យឈាម
- ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)
៦) ផលវិបាក៖
ផលវិបាកផ្សេងៗនៃជំងឺនេះមានៈ
- ហើមសួតស្រួចស្រាវ (Acute pulmonary edema)
- វិបត្តិចង្វាក់បេះដូង
- គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។
៧) ការព្យាបាល៖
- មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។
- ការព្យាបាលភាគច្រើន ជាការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុង
សង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា។
- ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងនរ កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និង
ហានិភ័យផ្សេងៗ។
- ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់រឺស័រក្នុងសរសៃរឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរសម្រាប់
អ្នកជំងឺដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។
- ក្នុងករណីខ្លះ ការព្យាបាលដោយវះកាត់ មានការចាំបាច់ចំពោះអ្នកជំងឺដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។
- ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។
៨) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។
- កុំបរិភោគអាហារសម្បូរជាតិប្រៃ
- ឈប់ជក់បារី
- រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
- កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
- កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
- បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
- ហាត់ប្រាណឲ្យបានទៀងទាត់
- កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
- គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម។
- ត្រូវពិសារថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស
ប្រសិនបើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ និងអញ្ជើញមកទទួលការពិគ្រោះយោបល់ ដើម្បីឈានទៅរកការព្យាបាលឲ្យបានទាន់ពេលវេលានិងប្រកបដោយគុណភាព ជាមួយបច្ចេកវិទ្យាទំនើប ពីក្រុមគ្រូពេទ្យឯកទេសបេះដូង
Credit: Calmette Hospital