ការបាត់បង់សារធាតុរាវក្នុងខ្លួនធ្ងន់ធ្ងរ

ការបាត់បង់សារធាតុរាវក្នុងខ្លួនធ្ងន់ធ្ងរ !
(HYPOVOLEMIC SHOCK)

ការបាត់បង់សារធាតុរាវក្នុងខ្លួនធ្ងន់ធ្ងរ ដែលយើងអាចហៅបានថា “ស្ហុកកង្វះចំណុះឈាម ឬសារជាតិទឹក (Volemia)” គឺតម្រូវអោយមានការសង្រ្គោះជាបន្ទាន់។ ស្ហុករបៀបនេះយើងអាចដឹងបានតាមរយៈការហូរឈាម ឬការបាត់បង់ជាតិទឹកធ្ងន់ធ្ងរពីក្នុងខ្លួន។
ស្ហុកដែលកើតឡើងដោយការខ្វះចំណុះឈាម ឬសារជាតិទឹកបាន លុះត្រាតែបាត់បង់ឈាម ១/៥ នៃទំងន់ខ្លួន ឬក៏ ២០% នៃឈាម ឬជាតិទឹកសរុបនៅក្នុងខ្លួន។

ក) មូលហេតុស្ហុក (Cause Hypovolemic Shock)៖
ស្ហុករបៀបនេះវាស្តែងចេញ ក្រោយពីយើងបាត់សារជាតិរាវ ជាពិសេសឈាមតាមរយៈ
   - ការហូរឈាមធ្ងន់ធ្ងរពីកន្លែងដាច់ ឬរបួសខ្ទេចខ្ទាំ
   - ការហូរឈាមអាចមាននៅក្នុងៈ ពោះ គ្រឿងក្នុង បែកកូនក្រៅស្បូន(GEU) តាមបំពង់អាហារ ឬតាមទ្វាមាស។

ម្យ៉ាងទៀតស្ហុករបៀបនេះ ក៏អាចកើតឡើងបានដែរ ពេលដែលបាត់ជាតិទឹកក្នុងខ្លួនដូចជាៈ
   - ការរាគរូសយូរ និងច្រើនដង ឬក៏ការក្អួតខ្លាំង
   - ការរលាកដែលមានទំហំធំ
   - ការបែកញើសច្រើនហួសហេតុពេក

ខ) រោគសញ្ញា ( Symptoms of shock hypo volemia)៖
រោគសញ្ញា វាមានការប្រែប្រួលទៅតាមស្ថានភាពធ្ងន់ធ្ងរនៃការបាត់បង់ឈាម និងវត្ថុរាវ។ ទោះបីជាយ៉ាងណាក៏ដោយក៏ជំងឺនេះវាអាចមានគ្រោះថ្នាក់ដល់ជីវិត ដែលតម្រូវអោយមានការសង្គ្រោះយ៉ាងទាន់ពេលវេលា។ ការហូរឈាមខាងក្នុងពោះ វាមានការពិបាកមើលសញ្ញាជាងការហូរឈាមចេញក្រៅ។
   ១. រោគសញ្ញារួមផ្សំនៃស្ហុកនេះមានដូចជាៈ
      - វិលមុខ
      - ឈឺក្បាល
      - ក្អួត
      - ស្រេកទឹក
      - បែកញើសស្អិត

   ២. រោគសញ្ញាធ្ងន់ធ្ងរៈ
      - ដង្ហើមញាប់
      - ញើសស្អិត
      - ជីពចរដើរញាប់ ឬខ្សោយជួនចាប់ពុំបាន
      - ទឹកនោមតិច
      - ខ្សោយ
      - ស្រវាំងភ្នែក
      - បបូរមាត់ស្វាយ ចុងជើងចុងដៃស្វាយ
      - សន្លឹម បាត់បង់ស្មារតី។

គ) ការព្យាបាលបឋម (Emergency care and first aid)៖
ជំងឺនេះបើពុំមានការព្យាបាលទេ វានឹងបណ្តាលអោយអ្នកជំងឺស្លាប់។
ការសង្គ្រោះដំបូងចាំបាច់មានៈ
   - ដាក់អ្នកជំងឺសម្រាក ដោយលើកជើងអោយខ្ពស់ជាងក្បាល
   - ប្រយ័ត្នការលើកដាក់អ្នកជំងឺ បើសង្ស័យវាមានបញ្ហាក្បាល បាក់ក
   - រក្សាអ្នកជំងឺអោយមានកំដៅធម្មតា ជៀសវាងទុកអ្នកជំងឺក្នុងសីតុណ្ហភាពត្រជាក់ខុសធម្មតា (Hypothermie)
   - មិនត្រូវអោយជាតិទឹកតាមមាត់នោះទេ
   - ដាក់សេរ៉ូម (2 IV fluid) + O2

ឃ) ការព្យាបាលទូទៅ (Hypovolemia Shock Treatment)៖
ក្នុងមន្ទីរពេទ្យ នៅពេលជួបប្រទះអ្នកជំងឺស្ហុកដោយកង្វះឈាម ឬសារធាតុជាតិទឹកនោះ ការចាំបាច់របស់យើងគឺ ត្រូវផ្តល់ឲ្យនូវវត្ថុរាវ និងផលិតផលឈាមតាមសរសៃ ដើម្បីបង្កើនបានវិញនូវរបត់ឈាមរត់ និងដើម្បីស្ថាបនាការខូចខាតដោយការរបួសប៉ះទង្គិច ឬក៏ដោយសារជំងឺ។

ការសង្គ្រោះ (អាស្រ័យលើស្ថានភាពអ្នកជំងឺ) មានដូចតទៅ៖
   - រកផ្លូវចាក់ថ្នាំ ២ធំៗ (2ways fluid)
   - អាចបញ្ចូលផ្លាស្មា
   - អាចបញ្ចូលផ្លាកែត
   - អាចបញ្ចូលគ្រាប់ឈាមក្រហម
   - អាចបញ្ចូល សេរ៉ូម (cristalloide)

ស្ហុកដោយសារកង្វះឈាម ជាជំងឺធ្ងន់ធ្ងរអាចបណ្តាលអោយអ្នកជំងឺស្លាប់ភ្លាមៗ ដូចនេះ ពេលដែលយើងមិនអាចគ្រប់គ្រងស្ថានការណ៍នៃអ្នកជំងឺបាន ជាពិសេសពេលដែលមានសញ្ញាជីវិតធ្ងន់ធ្ងរ យើងគួរតែបញ្ចូនអ្នកជំងឺអោយបានឆាប់រហ័សទៅក្រុមគ្រូពេទ្យជំនាញ។

Post a Comment

Khmer drama

4/Disease/featured