៨ចំណុច ជាគន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា!

១) ការគ្រប់គ្រងជាតិស្ករ៖
ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖
   - ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករ និងចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា
   - ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ ចំណីអាហារខ្លះមានសន្ទស្សន៍ជាតិស្ករខ្ពស់ ខ្លះមធ្យម ខ្លះទាប អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់)
   - ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍
   - ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ
   - ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ទាំងមុននិងក្រោយអាហារ

២) គ្រប់គ្រងសម្ពាធឈាម៖
ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមមិនមែនមានត្រឹមតែការបញ្ចុះជាតិស្ករនោះទេគឺត្រូវគិតអំពីសម្ពាធឈាមថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានា។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចខាងក្រោយ៖
   - បន្ថយការពិសាប្រៃ មានដូចជាគ្រឿងផ្អាប់
   - រក្សាសម្ពាធឈាមឲ្យនៅក្រោម ១៤០/៩០មីលីម៉ែត្របារ៉តសម្រាប់អ្នកជំងឺទឹកនោមផ្អែមទូទៅ និងក្រោយម១៣០/៨០មីលីម៉ែត្របារ៉ត សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានមុខងារតម្រងនោមធ្លាក់ចុះ
   - ឆាប់ពិភាក្សាជាមួយគ្រូពេទ្យអំពីសម្ពាធឈាម ក្នុងករណីមិនប្រក្រតី

៣) គ្រប់គ្រងជាតិខ្លាញ់៖
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមានផលវិបាកលើសរសៃឈាមបេះដូង ខួរក្បាលនិងសរសៃឈាមនៅអវយវៈខាងក្រោមជាដើម។ ហេតុនេះហើយ ដើម្បីកាត់បន្ថយនូវហានិភ័យខាងលើ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
   - បន្ថយបរិភោគអាហារដែលមានខ្លាញ់ច្រើន ដូចជាអាហារបំពង ចៀន ឬក៏គ្រឿងក្នុងសត្វ...
   - រក្សាកុំឲ្យលើសទម្ងន់
   - ពិនិត្យជាតិខ្លាញ់យ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ រួចប្រឹក្សាជាមួយគ្រូពេទ្យ តើជាតិខ្លាញ់របស់យើងលើសហើយឬនៅ

៤) ពិនិត្យនិងតាមដានតម្រងនោម៖
   - ពិនិត្យមើលមុខងារតម្រងនោមតាមរយៈការពិនិត្យឈាម Creatinine, Urée ឲ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ
   - ពិនិត្យមើលទឹកនោម Microalbumine យ៉ាងហោចណាស់ឲ្យបាន១ដងក្នុង១ឆ្នាំ
   - ពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីការតាមដានតម្រង់នោមនិងព្យាបាលឲ្យបានទាន់ពេលវេលា
   - ចៀសវាងការយល់ច្រលំថា ថ្នាំពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមនាំឲ្យខូចតម្រងនោម។ ការសិក្សាមិនបានបង្ហាញថាមានថ្នាំពេទ្យ សំរាប់ព្យាបាលទឹកនោមផ្អែមណាមួយដែលធ្វើឲ្យខូចតម្រងនោមនោះទេ។ ផ្ទុយទៅវិញ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អនោះទេដែលធ្វើឲ្យខូចតម្រងនោម

៥) ពិនិត្យនិងតាមដានភ្នែក៖
ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចធ្វើឲ្យអ្នកជំងឺមានបញ្ហាបាតភ្នែក និងជំងឺភ្នែកមួយចំនួនទៀត ហេតុដូច្នេះហើយ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
   - ត្រួតពិនិត្យភ្នែកយ៉ាងតិចឲ្យបាន១ដងក្នុង១ឆ្នាំទោះបីមិនមានរោគសញ្ញាអ្វីក៏ដោយ
   - ប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្នែកក្នុងករណីមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែកជាដើម

៦. ពិនិត្យនិងតាមដានជើង៖
អ្នកជំងឺទឹកនោមផ្អែមប្រឈមមុខខ្ពស់នឹងការមានដំបៅក្រជា ឬក៏កាត់ម្រាមជើង ឬក៏កាត់ជើងតែម្តង ខ្ពស់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហេតុដូច្នេះហើយមានចំណុចមួយចំនួនដែលយើងត្រូវអនុវត្តប្រតិបត្តិ៖
   - ដុសសម្អាតជើងឲ្យបានស្អាតជាប្រចាំ
   - ចៀសវាងយកទឹកក្តៅ ឬឆ្នាំអ៊ុតមកស្អំ                       
   - ចៀសវាងដើរជើងទទេ
   - ករណីមានដំបៅ ដាច់ខាតត្រូវតែទៅប្រឹក្សាជាមួយគ្រូពេទ្យទោះបីដំបៅនោះតូចយ៉ាងណាក៏ដោយ

៧) បញ្ឈប់ការជក់បារី៖
បារីនិងជំងឺទឹកនោមផ្អែម បើបូកបញ្ចូលគ្នាគឺជាគ្រោះធំរបស់អ្នកជំងឺ។ ដាច់ខាតត្រូវតែបោះបង់ការជក់បារីឲ្យបាន ព្រោះអ្នកជំងឺទឹកនោមផ្អែមដែលជក់បារីប្រឈមមុខខ្ពស់ជាងអ្នកដែលអត់ជក់បារីទៅលើជំងឺសរសៃឈាមបេះដូង ការកាត់ជើង និងការខូចបាតភ្នែក

៨) ប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យ៖
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរគប្បីយល់ថា ជំងឺទឹកនោមផ្អែមប្រភេទី២ជាជំងឺដែលវិវឌ្ឍទៅមុខជាប្រចាំ ពីព្រោះថា ខ្លួនយើងអាចចាស់ លំពែងយើងក៏ចាស់ ក៏ចុះទ្រុឌទ្រោមផងដែរ (លំពែងជាដើមហេតុធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទទី២)។ អ្នកជំងឺគួរគប្បី៖
-  ចៀសវាងការលេបថ្នាំតាមគ្នា
-  ចៀសវាងការទិញថ្នាំទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា
-  ប្រឹក្សាអំពីថ្នាំដែលអ្នកជំងឺទទួលទាន ពីព្រោះជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ អ្នកជំងឺត្រូវទទួលទានថ្នាំរយៈពេលយូរ ដូច្នេះហើយអ្នកជំងឺនិងក្រុមគ្រួសារគួរគប្បីស្វែងយល់អំពីប្រភេទថ្នាំលេប ឬក៏ថ្នាំចាក់នីមួយៗដែលអ្នកជំងឺប្រើប្រាស់រាល់ថ្ងៃ។

ហេតុដូច្នេះហើយការតាមដានជាប្រចាំជាមួយគ្រូពេទ្យគឺពិតជាកត្តាសំខាន់ ជាពិសេសជាមួយក្រុមគ្រូពេទ្យជំនាញ



ប្រភព: មន្ទីរពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured