ការព្យាបាលជំងឺអេពីឡឹបស៊ី ឬជំងឺឆ្កួតជ្រូក !

ការព្យាបាលជំងឺអេពីឡឹបស៊ី ឬជំងឺឆ្កួតជ្រូក !


ជំងឺឆ្កួតជ្រូក (អេពីឡឹបស៊ី - Epilepsy) ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាធំៗនៃសុខភាពសាធារណៈ។ តាមរយៈអង្គការសុខភាពពិភពលោក មានអ្នកជំងឺឆ្កួតជ្រូកប្រមាណ ៦០លាននាក់នាពេលបច្ចុប្បន្ននេះ។ នៅប្រទេសកម្ពុជាអត្រាប្រេវ៉ាឡង់នៃជំងឺនេះគឺមានប្រហែល ០,៥៨%។ នៅក្នុងសង្គមខ្មែរយើងក៏ដូចជាប្រទេសដ៏ទៃទៀតលើពិភពលោកដែរ ភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់និងកង្វះការយល់ដឹងអំពីជំងឺនេះ។ អ្នកជំងឺភាគច្រើនត្រូវទទួលរងនូវការរើសអើងពីមិត្តភ័ក្តនិងមជ្ឈដ្ឋានជុំវិញ។ ពួកគាត់ពេលខ្លះត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។

ក) រោគសញ្ញា៖
រោគសញ្ញានៃជំងឺនេះអាចប្រែប្រួលទៅតាមទីតាំង និងទំហំដែលប៉ះពាល់ទៅលើខួរក្បាលដូចជាៈ
   - បាត់បង់ស្មារតីភ្លាមៗ
   - រឹងខ្លួន និងមានចលនាកន្រ្តាក់ពេញដងខ្លួន និងអវៈយវៈ
   - មានខាំអណ្តាត ឬរបួសដោយការដួល
   - មានលេចនោម
   - អាចវង្វេងវង្វាន់ ឈឺក្បាល ឈឺសាច់ដុំ ក្រោយប្រកាច់
   - ជួនកាលអាចមានអាការៈស្ពឹកៗ នៅផ្នែកណាមួយនៃរាងកាយ
   - ជួនកាលអាចមានការពិបាកនិយាយ រឺមានអារម្មណ៍ប្លែកៗខុសពីធម្មតា

ខ) មូលហេតុ៖
អ្នកជំងឺឆ្កួតជ្រូកដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំៗមានដូចជាៈ
   - ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
   - ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល
   - ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
   - មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនីញ៉ា នៅក្នុងខួរក្បាល
   - ការវិវត្តន៍ខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ
   - ពុលដោយសារពិសាសុរាច្រើនពេក រឺក៏ពពួកថ្នាំញៀនផ្សេងៗទៀត។

គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើៈ
   - រោគសញ្ញាគ្លីនិក
   - ការវាស់រលកចរន្តកោសិកាខួរក្បាលដោយម៉ាស៊ីន EEG ដោយវជ្ជបណ្ឌិតជំនាញ
   - ការថតឆ្លុះខួរក្បាលដោយម៉ាស៊ីន MRI ឬ Scanner

ឃ) ការព្យាបាល និងការបង្ការ៖
   - ដូចបានរៀបរាប់ពីខាងលើ ជំងឺឆ្កួតជ្រូកមានទម្រង់ខុសៗគ្នា ដូច្នេះការព្យាបាលក៏ប្រែប្រួលទៅតាមនោះដែរ។ គ្រូពេទ្យអាចសម្រេចចិត្តជ្រើសរើសថ្នាំណាមួយ ដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
   - ដើម្បីបង្ការការប្រកាច់ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពីការសេពគ្រឿងស្រវឹង
   - ត្រូវជៀសវាងការងារ រឺស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើង ។ល។

បើមានអាការៈដូចបានជម្រាបខាងលើ ឬសង្ស័យថាមានជំងឺនេះ សូមរួសរាន់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺឆ្កួតជ្រូក ឬអេពីឡឹបស៊ី គឺជាជំងឺដែលព្យាបាលជាសះស្បើយ។

“សូមកុំរើសអើងជាមួយអ្នកជំងឺឆ្កួតជ្រូក ព្រោះជំងឺនេះមិនឆ្លងទេ!”

Post a Comment

Khmer drama

4/Disease/featured