ការលើសជាតិប៉ូតាស្យូម និង ផលវិបាក!

ការលើសជាតិប៉ូតាស្យូម និង ផលវិបាក!

ការលើសជាតិប៉ូតាស្យូម
ការលើសជាតិប៉ូតាស្យូម

សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាមជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។ ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សំរាប់អោយសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។ សរីរាង្គយើងតម្រូវអោយកម្រិតជាតិប៉ូតាស្យូមក្នុងឈាម ស្ថិតក្នុងចន្លោះមួយយ៉ាងជាក់លាក់ គឺ ៣.៥ - ៥.៥ mEq/L បើទាបជាងនេះ ឬច្រើនជាងនេះ សុទ្ធតែអាចបណ្តាលអោយមានគ្រោះថ្នាក់ ហើយជាគ្រោះថ្នាក់ដែលអាចរហូតដល់បាត់បង់ជីវិតផងក៏មាន។

គ្រូពេទ្យកំណត់ថាលើសជាតិប៉ូតាស្យូម កាលណាកម្រិតរបស់វាក្នុងឈាមមានលើសពី ៥.៥ mEq/L។
   - នៅចន្លោះ ៥.៥- ៦mEq/L ជាការលើសកម្រិតស្រាល
   - នៅចន្លោះ ៦.១ - ៧mEq/L ជាការលើសកម្រិតមធ្យម
   - ចាប់ពី ៧mEq/L ឡើងទៅ វាជាការលើសកម្រិតធ្ងន់ធ្ងរ។ ក្នុងកម្រិតនេះ វាបណ្តាលអោយបេះដូង និងប្រព័ន្ធប្រសាទ លែងដំណើរការធម្មតា ឬគាំងដង្ហើម គាំងបេះដូង និងបាត់បង់ជីវិតតែម្តង។

១) មូលហេតុអ្វីដែលនាំអោយប៉ូតាស្យូមក្នុងឈាមលើស?
ជាធម្មតាតម្រងនោម និងពោះវៀនធំ ជាផ្លូវបញ្ចេញប៉ូតាស្យូមចោលដ៏សំខាន់ ហើយវាក៏ជាអ្នកតម្រូវដោយរក្សាទុកនូវបរិមាណប៉ូតាស្យូមអោយបានសមស្រប។ ប៉ូតាស្យូមជាច្រើនចូលទៅក្នុងខ្លួនយើងតាមអាហារ បន្ថែមលើនេះ ថ្នាំដែលលេបប្រចាំថ្ងៃខ្លះដូចជា ថ្នាំបង្កើនទឹកនោម ថ្នាំលើសឈាម ថ្នាំរលាកសន្លាក់ជាដើម ក៏ជាប្រភពបញ្ចូលប៉ូតាស្យូមដែរ។

ភាគច្រើនប៉ូតាស្យូមក្នុងឈាមកើនឡើងដោយសារមូលហេតុ ៣ រួមផ្សំគ្នា៖
   - បរិមាណប៉ូតាស្យូមចូលច្រើន
   - យន្តការបញ្ចេញប៉ូតាស្យូមចោល មានឧបសគ្គ (ដូចជាខ្សោយតម្រងនោមជាដើម)
   - ប៉ូតាស្យូមចល័តចេញពីកោសិកាមកក្នុងឈាម (មានអ៊ីយ៉ុង អ៊ីដ្រូហ្សែនក្នុងឈាមច្រើនពេក ឬកង្វះអាំងស៊ុយលីនជាដើម ធ្វើអោយកើនបរិមាណប៉ូតាស្យូមក្នុងឈាម តែបរិមាណសរុបប៉ូតាស្យូមនៅដដែល)

២) រោគសញ្ញានៃការលើសកម្រិតប៉ូតាស្យូមក្នុងឈាម៖
មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។ រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំអោយមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។

រោគសញ្ញាសំខាន់មាន៖
   - ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
   - ហត់ ញ័រទ្រូង ចុកទ្រូង
   - ក្អួតចង្អោរ
   - ស្ពឹក ឬស្រពន់
   - បេះដូងដើរខុសសង្វាក់ បេះដូងឈប់ដើរ ឬការបាត់បង់ជីវិត។

៣) ការព្យាបាល៖
នៅពេលបានរកឃើញថាអ្នកជំងឺមានកម្រិតប៉ូតាស្យូមខ្ពស់ ទោះបីមិនទាន់មានរោគសញ្ញាក្តី គ្រូពេទ្យតែងរកវិធីបញ្ចុះវាអោយនៅក្នុងកម្រិតធម្មតាវិញ ដោយបន្ថយបរិមាណប៉ូតាស្យូមចូល ឬបង្កើនបរិមាណប៉ូតាស្យូមចេញតាមទឹកនោម ដោយប្រើថ្នាំដែលចាប់យកប៉ូតាស្យូមក្នុងពោះវៀន ឬកែសម្រួលមូលហេតុផ្សេងៗដែលនាំអោយប៉ូតាស្យូមចល័តចេញច្រើនពេកពីកោសិកាមកក្នុងឈាម។ ជួនកាលស្ថានភាពតម្រូវអោយប្រើថ្នាំប្រឆាំងសកម្មភាពប៉ូតាស្យូមទៅលើបេះដូង។ ក្នុងករណីអ្នកជំងឺខ្សោយតម្រងនោម មានកំហាប់អ៊ីយ៉ុងអ៊ីដ្រូហ្សែនខ្ពស់ (អាស៊ីដូ) និងកម្រិតប៉ូតាស្យូមខ្ពស់រហូតដល់បេះដូងរកកលនឹងឈប់ដើរទៅហើយ វាទាមទារអោយធ្វើការជួយសង្គ្រោះបេះដូងកម្រិតខ្ពស់ (Advanced cardiac life support) ការគ្រប់គ្រងទាំងស្រុង និងមួយរយៈលើដង្ហើមរបស់អ្នកជំងឺ (Artificial ventilation) ការបើកផ្លូវមួយជាបន្ទាន់ចូលទៅដល់សរសៃឈាមធំ ដើម្បីលាងឈាម (Central line catheter) និងធ្វើការលាងឈាមជាបន្ទាន់ (Emergency Hemodialysis) ដើម្បីបន្ថយកម្រិតប៉ូតាស្យូមក្នុងឈាម។

ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ ឧបករណ៍ និងខ្វះជំនាញណាមួយខាងលើ អ្នកជំងឺនឹងអាចបាត់បង់ជីវិត។

Post a Comment

Khmer drama

4/Disease/featured