ការវះកាត់ និងតសរសៃឈាមបេះដូងមានសារៈសំខាន់យ៉ាងណាចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង!!!
គោលបំណងនៃការវះកាត់តសរសៃឈាមបេះដូង (CABG=Coronary Artery Bypass Grafting) គឺដើម្បីបង្កើនលំហូរឈាមទៅចិញ្ចឹមសាច់ដុំបេះដូងដែលខូចខាតដោយសារជំងឺស្ទះសរសៃឈាមបេះដូង(Coronary artery Desease)។ គ្រូពេទ្យវះកាត់ប្រើប្រាស់ផ្នែកខ្លះនៃសរសៃឈាមខ្មៅនៅជើង(Internal saphenous vein) ឬសរសៃឈាមក្រហមនៃដៃ(Radial artery) ឬសរសៃឈាមក្រហមទៅចិញ្ចឹមសាច់ដុំទ្រូង(Internal mammary artery) ដើម្បីឲ្យមានចរន្ដឈាមឆ្លងកាត់ទៅដល់ផ្នែកតូចៗនៃសរសៃឈាមបេះដូង។ ការវះកាត់តសរសៃឈាមបេះដូង គឺជាការវះកាត់ជួយសង្គ្រោះជីវិតមនុស្សដែលស្ទះសរសៃឈាមបេះដូងដោយសារខ្លាញ់ ហើយមិនអាចធ្វើការព្យាបាលដោយបាញ់ពង្រីកដោយរ៉ឺស័របាន។
ក) តើសរសៃឈាមបេះដូង(Coronary artery)ត្រូវបានរួមត្បៀតដោយរបៀបណា?
ដោយកត្តាគ្រោះថ្នាក់ផ្សេងៗដូចជា៖
- ជំងឺលើសឈាម
- ជំងឺទឹកនោមផ្អែម
- ជំងឺលើសខ្លាញ់
- ការពិសារបារី
- លើសទំងន់ និងអ្នកជំងឺដែលមិនសូវបញ្ចេញពលកម្ម។
កត្តាទាំងនេះអាចបណ្តាលអោយជញ្ចាំងសរសៃឈាមបេះដូងឡើងរឹង គ្រិន និងបង្កទៅជាកំណកកំបោរដែលរំខានដល់លំហូរឈាមទៅចិញ្ចឹមបេះដូង។ កំណកទាំងនេះអាចបណ្តាលឲ្យមានជារោគសញ្ញាឈឺដើមទ្រូង(angina) ឬបើសិនជាធ្ងន់ធ្ងរអាចបណ្តាលអោយគាំងបេះដូងតែម្តង។
ខ) អត្ថប្រយោជន៍នៃការវះកាត់តសរសៃឈាមបេះដូង CABG ប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ គ្រូពេទ្យវះកាត់របស់អ្នកនឹងពិភាក្សាពីផលប្រយោជន៍ដែលរំពឹងទុកជាមួយអ្នក។
CABG អាច:
- កាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ
- បន្ថយបរិមាណឱសថដែលអ្នកកំពុងប្រើ
- បង្កើនឱកាសរស់នៅបានយូរ
ម្យាងវិញទៀតអ្នកជំងឺត្រូវតែ៖
- បញ្ឈប់ការជក់បារី
- ប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់តាមគ្រូពេទ្យណែនាំ
- ទទួលអាហារដែលមិនសូវមានជាត់ខ្លាញ់ និងប្រៃហួសហេតុ
- ជាពិសេសហាត់ប្រាណឲ្យបានទៀងទាត់។
គ) បន្ទាប់ពីការវះកាត់៖
- អ្នកជំងឹនឹងត្រូវស្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលប្រហែល៤៨ម៉ោង បន្ទាប់មកគាត់នឹងវិលមកសម្រាកក្នុងបន្ទប់ថែទាំទូទៅដោយមានការតាមដានជាមួយគ្រូពេទ្យជំនាញ និងការធ្វើអេកូពិនិត្យបេះដូងជាប្រចាំ។ ប្រសិនបើមិនមានសញ្អាអ្វីគួរបារម្មណ៍ អ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេលប្រហែល១០ថ្ងៃ។
- បន្ទាប់ពីការវះកាត់បានជោគជ័យ និងចេញពីមន្ទីរពេទ្យ អ្នកជំងឺគួរមកពិនិត្យសុខភាពឲ្យបានទៀងទាត់ទៅតាមការណាត់ជាមួយគ្រូពេទ្យជំនាញ និងពិសារថ្នាំឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។
ជារួមការវះកាត់តសរសៃឈាមបេះដូងគឺជាការវះកាត់មួយដ៏សំខាន់មិនអាចអត់បាននៅក្នុងការធ្វើការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង។ ការវះកាត់ប្រភេទនេះមានធ្វើឡើងក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង ដោយក្រុមការងារវេជ្ជបណ្ឌិតវះកាត់ឯកទេស និងគិលានុបដ្ថាកដែលមានបទពិសោធន៏ខ្ពស់។
‘’ស្វែងរកការប្រឹក្សាព្យាបាលអំពីជំងឺបេះដូងបានត្រឹមត្រូវ និងទាន់ពេលវេលា គឺផ្តល់អាទិភាពខ្ពស់ក្នុងការព្យាលបាលប្រកបដោយប្រសិទ្ធភាព។”