តើជំងឺឈឺក-ឈឺចាក់ដល់ដៃមានសភាពដូចម្ដេចខ្លះ?
តើរោគសញ្ញានៃការឈឺក-ឈឺដៃកើតឡើងមានអ្វីខ្លះ ?
- តើត្រូវព្យាបាលដោយវីធីណាខ្លះទើបអាចជាសះស្បើយបាន?
- តើអ្នកមានការធុញថប់ក្នុងអារម្មណ៏រាល់ថ្ងៃដែរឬទេ?
- តើអ្នកមានការរងទុកវេទនាឈឺកញ្ចឹងក-ឈឺក្បាលរាល់ថ្ងៃទេ?
- តើអ្នកឈឺកញ្ចឹងក-ស្មារាល់ថ្ងៃដែរឬទេ?
- តើអ្នកមានឈឺក្បាលប្រកាំងជាប់ជាប្រចាំដែរឬទេ?
- តើមានធ្វើទុក្ខបេះដូង ឬឈឺម្ដុំឆ្អឹងខ្នង ដែរឬទេ?
ក) ការឈឺចាប់របៀបនេះវាអាចរាលដាលពីកញ្ចឹងក-ស្មា-ដៃនិងខ្នងផ្នែកខាងលើ(ម្ដុំស្លាបប្រចៀវ) ហើយវាអាចរាលដាលឈឺដល់កែងដៃ កដៃ ម្រាមដៃទៀតផង ជួនកាលមានស្ពឹកនៅលើម្រាមទី៤ ទី៥ ឬម្រាមទី២ ទី៣ ឬឈឺក្រហាយនៅលើផ្នែកខាងក្រៅកំភួនដៃ ។
- ភាពមិនស្រណុកសុខស្រួលនៃក ស្មា ដៃ ឈឺស្ពឹកស្រពន់ ចុករោយ ដែលធ្វើឲ្យរំខានដល់ការធ្វើការងារ
- ខ្សោយកំលាំងដៃ
- ឈឺស្ពឹក ស្រពន់ ក្រហាយដូចរលាកភ្លើង ឈឺចាក់ៗដូចមុតវត្ថុស្រួច ឈឺស្ទំ ពីកចាក់ទៅចុងដៃ។ ការឈឺបែបនេះវាមានបញ្ហាជាមួយការគាបសរសៃ ប្រសាទនៅឆ្អឹងកងក។
សញ្ញាទាំងអស់ខាងលើនេះចាំបាច់ណាស់ដែលត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះ និងព្យាបាល។
ខ) មូលហេតុដែលធ្វើឲ្យអការៈខាងលើកើតឡើង គឺបណ្តាលមកពី
- ធ្វើការងារជាប្រចាំថ្ងៃ
- ការងារការិយាល័យដែលអង្គុយយូរ ធ្វើឲ្យមានស្ត្រេស មានបញ្ហាឈឺចុករោយកញ្ចឹងក ឈឺស្មា ឈឺចង្កេះ
- ធ្លាប់គ្រេចចង្កេះ
- ដួលអុកគូថ
- លើកវត្ថុធ្ងន់ៗ
- គ្រោះថ្នាក់ចរាចរ... ។ល។
គ) ការព្យាបាលក្នុងគោលការណ៏៖
១) សំរាកឲ្យបានច្រើន ៖ វាធ្វើឲ្យយើងបន្ធូរបន្ថយនូវស្ត្រេសនិងភាពតានតឹងក្នុងអារម្មណ៏បានមួយចំនួនធំ និងបន្ថយការសំលឹងមើលច្រើនពេក។
២) ព្យាបាលដោយឱសថ ៖ ការប្រើប្រាស់ថ្នាំពេទ្យ ធ្វើឲ្យយើងបាត់ឈឺចាប់លឿន ទៅតាមតម្រូវការដែលយើងចង់បានគ្រប់គ្នា ហើយវាជាផ្នែកមួយក្នុងការព្យាបាល ដ៏ចាំបាច់ដើម្បីឲ្យបាត់ឈឺនិងជាសះស្បើយនៃជំងឺ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានផលពិបាកនោះគឺ នៅពេលអស់ជាតិថ្នាំ ការឈឺកើតឡើងវិញដដែល ។
៣) ព្យាបាលដោយចលនា ៖ជាធម្មតា អ្នកត្រូវដោះស្រាយព្យាបាលការបាត់បង់មុខងារចលនាដំបូង ហើយព្យាបាលនៅក ស្មា និងដៃ និងសន្លាក់ឆ្អឹងខ្នងផ្នែកខាងលើរបស់អ្នក ។
- ស្អំសរសៃដោយម៉ាស៊ីន Microthremy ៖ ធ្វើឲ្យបន្ធូរសាច់ដុំដែលឈឺ កន្ត្រាក់ជាប់នៅម្ដុំកញ្ចឹងក បំបាត់ភាពស្ត្រេសនិងចុករោយកញ្ចឹងក
- ព្យាបាលដោយម៉ាស៊ីនថែនន៏ (TENS) ៖ ដើម្បីសំរួលនិងបន្ធូរសាច់ដុំ
- ធ្វើការបន្ធូរសាច់ដុំនិងធ្វើចលនាដោយដៃនៅម្ដុំកញ្ចឹងក ស្មា ខ្នងផ្នែកខាងលើ ឲ្យប្រសើរឡើងមកវិញនូវចលនាសន្លាក់
- ទាញពន្លាតសាច់ដុំនិងការពន្លាតបន្ធូរដោយដៃ លើសរសៃប្រសាទដែលមានការឈឺចាប់
- ធ្វើចលនាសន្លាក់ស្មា ស្លាបប្រចៀវឲ្យមានដំណើរការល្អឡើងវិញ
- ទាញត្រាក់ស្យុងឆ្អឹងកងក (Traction Cervicale) ៖ ក្នុងករណីលៀនទ្រនាប់ឌីសគាបសង្កត់លើសរសៃប្រសាទដែលឈឺដល់ដៃ។
ជាទូទៅការឈឺកឈឺដៃអាចព្យាបាលបានដោយជោគជ័យនូវដំណាក់កាលដំបូងនិងអាស្រ័យទៅលើរយៈពេលនៃការឈឺចាប់។ជាញឹកញាប់យើងសង្ឃឹមថាវាចុះថយសញ្ញាការឈឺចាប់ជាមួយការព្យាបាល ៣ - ៥ សេអង់ដំបូង។ករណីខ្លះទៀត វាមានការឈឺចាប់ដល់កដៃ កែងដៃ ឬដៃទាំងសងខាង យើងត្រូវការពេលវេលានិងការព្យាបាលលំអិតថែមទៀតដែលធ្វើឲ្យវាជាសះស្បើយប្រកបដោយគុណភាពជីវិតគឺ អាចធ្វើការងារបានដូចធម្មតា ធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗបានឡើងវិញទាំងស្រុង។
៤) បើការព្យាបាលដោយចលនាមិនបានជោគជ័យ អ្នកត្រូវទៅជួបគ្រូពេទ្យជំនាញព្យាបាលដោយវះកាត់ឆ្អឹងកងខ្នងលើបញ្ហាទ្រនាប់ឌីសឆ្អឹងកងក ដែលគាបសរសៃប្រសាទ។