ស្ត្រីព្រួយបារម្មណ៍ចំពោះការឈឺចាប់នៅពេលសម្រាលបុត្រមែនទេ?



សម្រាលបុត្រដោយប្រើប្រាស់ថ្នាំសន្តំ(Epidural) គឺជាវិធីសាស្ដ្រដែលកំពុងពេញនិយមបំផុត សំរាប់បំបាត់ការឈឺចាប់ក្នុងកំឡុងពេលសំរាលកូននៅដំណាក់កាលបច្ចុប្បន្ន។ ជាង 70% នៃស្ត្រីដែលផ្តល់កំណើតនៅមន្ទីរពេទ្យនៃប្រទេសអភិវឌ្ឍន៍បានប្រើថ្នាំសន្ដំ epidural ។ ការយល់ដឹងពីរបៀបប្រើប្រាស់ អត្ថប្រយោជន៍ និងហានិភ័យរបស់វា នឹងជួយអ្នក ក្នុងការធ្វើការសម្រេចចិត្តរបស់អ្នកក្នុងអំឡុងពេល ឈឺពោះសំរាលកូន។

ក) ការប្រើថ្នាំសណ្តំ epidural ជាអ្វី?
ការដាក់ថ្នាំសន្ដំ epidural ជាការប្រើថ្នាំបំបាត់ការឈឺចាប់ ក្នុងតំបន់ដែលមានការឈឺចាប់ ជាក់លាក់ណាមួយនៃរាងកាយ។ ជាក់ស្ដែងក្នុងពេលសំរាល គឺបន្ថយការឈឺចាប់ដោយសារការកន្ត្រាក់នៃស្បូន។ ថ្នាំ epidural ជាថ្នាំបំបាត់ការឈឺចាប់ដែលមានផលប៉ះពាល់ តិចតួចបំផុត។

ខ) តើ epidural ត្រូវបានចាក់យ៉ាងដូចម្ដេច?
ជាទូទៅការប្រើថ្នាំសន្ដំ epidural នឹងចាប់ផ្តើម ចាប់ពីពេលមាត់ស្បូនបើកបាន 3សង់ទីម៉ែត្រ។ ជាដំបូងគ្រូរពេទ្យនឹងផ្ដល់សារធាតុរាវតាមសរសៃឈាមរបស់អ្នក(iv fluid) មុនពេល ចាប់ផ្តើមដាក់ epidural។ គ្រូពេទ្យជំនាញផ្នែកសម្ភព និងផ្នែកដាក់ថ្នាំសន្ដំ នៃមន្ទីរពេទ្យកាល់ម៉ែត នឹងនៅទីនោះ សំរាប់ដំណើរនៃការដាក់ថ្នាំសន្តំ។
អ្នកនឹងត្រូវបានស្នើឱ្យអង្គុយ ឬគេងចង្កោងខ្នង បន្ទាប់មកខ្នងរបស់អ្នកនឹងត្រូវលាងសំអាត ដោយទឹកសំលាប់មេរោគ។ គ្រូរពេទ្យនឹងចាក់បញ្ចូលម្ជុលទៅចន្លោះឆ្អឹងខ្នងរបស់អ្នក។ ម្ជុលជ័រតូចនឹង ត្រូវបានបិតជាប់ខ្នងរបស់អ្នកដើម្បីបង្ហូរថ្នាំ។ ពេលនោះ អ្នកនឹងត្រូវស្នើរអោយត្រឡប់មកគេងក្នុង សភាពធម្មតាវិញ អារម្មណ៍ឈឺចាប់ក៏ត្រូវបានកាត់បន្ថយ។

គ) អត្ថប្រយោជន៍៖
   - បន្ថយការឈឺចាប់ពេលសំរាល ពេលទម្លាក់សុក នឹងពេលដេររបួស
   - អ្នកមានពេលសំរាក បើការសំរាលមានរយៈពេលយូរ
   - ក្នុងករណីមានការវះកាត់យកកូន យើងនៅតែអាចបន្តតាមរយៈបច្ចេកទេសនេះដដែល
   - ជួយសំរួល ភាពភ័យខ្លាច ហត់នឿយ ថប់បារម្មណ៍ ហើយជំនួសមកវិញនៅអារម្មណ៍ ជឿជាក់, ស្ងប់ស្ងាត់ និងមានកំលាំងចិត្តក្នុងការសំរាល។

ឃ) ផលរំខាន៖
   - សំពាធឈាមធ្លាក់ចុះ ក្នុងករណីនេះ គ្រូរពេទ្យជំនាញនឹងព្យាយាមជួយរក្សាសំពាធឈាមអោយនៅធម្មតា
   - ឈឺក្បាលផលលំបាកនេះតិចជាង 1%
   - អាចមានផលរំខានដូចជា ញាក់ញ័រ ហឹងត្រចៀក ឈឺត្រង់កន្លែងចាក់ម្ជុល (នឹងបាត់ទៅវិញដោយឯកឯង)
   - បន្ទាប់ពីចាក់ថ្នាំហើយ អ្នកនឹងតំរូវអោយគេងមួយកន្លែងនៅលើគ្រែដើម្បីរង់ចាំការសំរាល
   - អ្នកអាចកាត់បន្ថយអារម្មណ៍នៃការប្រឹង ឬបញ្ចេញកូនដោយសារការមិនឈឺចាប់

ង) តើការប្រើថ្នាំ epidural មានផលអាក្រក់លើទារកដែររឺទេ?
តាមការសិក្សាថ្មីៗ epidural មិនមានផលប៉ះពាល់អាក្រក់លើទារកឡើយ។

ច) តើស្រ្តីប្រភេទណាដែលមិនអាចប្រើប្រាស់ epidural?
ស្រ្តីដែលមិនអាចប្រើថ្នាំ epidural មាន៖
   - ការបដិសេធមិនធ្វើពីអ្នកជំងឺ
   - មានសំពាធឈាមទាប
   - មានជំងឺវិបត្តកំណកឈាម
   - មានមេរោគក្នុងឈាម
   - មានដំបៅ ឬដាច់របួសនៅកន្លែងដែលត្រូវចាក់ម្ចុល
   - ធ្លាប់មានប្រតិកម្មជាមួយថ្នាំស្ពឹក
   - ជំងឺបេះដូងធ្ងន់ធ្ងរ

Post a Comment

Khmer drama

4/Disease/featured