ជំងឺសើស្បែក “កមរមាស់ ឬអាត់”!
កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។ ការចម្លងជំងឺនេះកើតឡើងតាមរយៈ៖
- ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
- ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
- មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា។
ក) រោគសញ្ញា៖
- ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវិចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
- ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
- ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ (HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រម៉ធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។
ខ) ការវិវត្តន៍៖
ជំងឺកមរមាស់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថាពពួកប៉ារ៉ាស៊ីត ឬចៃនោះបាត់ ឬស្លាប់ឡើយ។ ការលាប់ឡើងវិញដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីគួអ៊ីត (ថ្នាំលាបឲ្យស្បែកស ឬស្បែករលោង) ច្រើនពេក។
គ) ការព្យាបាល៖
- ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
- ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញឯកទេស
- មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយបន្ទះក្រណាត់ស្អាត នៅពេលយប់
- លាបថ្នាំ អោយពេញខ្នួនទាំងអស់ ពីកដល់ចុងជើង (គ្រប់កន្លុកកន្លៀតទាំងអស់)
- ទុកឲ្យស្ងួត ហើយរក្សាវាឲ្យនៅលើស្បែកខ្លួនមួយយប់ទល់ភ្លឺ (១២ម៉ោង)
- មុជទឹកជំរះកាយវិញបាននៅពេលព្រឹក
- ធ្វើដូចខាងលើម្តងទៀត នៅយប់ទី២ ទី៣ រហូតដល់មួយអាទិត្យ
- ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្កៅ និងហាលថ្ងៃឲ្យបានស្ងួត
“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះ បើសិនជាមានរោគសញ្ញាដូចខាងលើ។ ក្រុមគ្រូពេទ្យឯកទេស ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបង្កឲ្យមានផលប៉ះពាល់ ពិសេសដល់ទារកក្នុងផ្ទៃ។ ”