ការឈឺចាប់នៅអាងត្រគាក ដែលស្ត្រីជួបប្រទះញឹកញាប់!


គួរចាប់អារម្មណ៍ការឈឺចាប់នៅអាងត្រគាក ដែលស្ត្រីជួបប្រទះញឹកញាប់!

ការឈឺចាប់នៅអាងត្រគាក ជារឿងជួបប្រទះញឹកញាប់ជាងគេក្នុងជីវិតរស់នៅរបស់ស្ត្រី។ ស្ត្រីគួរចាប់អារម្មណ៍ថា ការឈឺចាប់នេះមួយចំណែកជារឿងធម្មជាតិរបស់ស្ត្រី (Physiological menses)ប៉ុន្តែមួយភាគធំ វាជារឿងមិនធម្មតា និងកើតឡើងដោយសារបញ្ហា និងជំងឺផ្សេងៗ៖

១) ការឈឺចាប់ជាខ្លាំង ដែលពុំធ្លាប់មាន (Acute pelvic pain)៖
នេះជាសញ្ញាដែលគួរអោយចាប់អារម្មណ៍លើមូលហេតុដែលបណ្តាលមកពីជំងឺផ្សេងៗ ហើយចាំបាច់ត្រូវធ្វើការព្យាបាលជាបន្ទាន់។ ជំងឺទាំងអស់នោះមានដូចជា៖
   - ជំងឺដុំដៃស្បូន (Ovarian cyst): ដុំដៃស្បូនអាចរមូល ឬក៏បែកដែលបណ្តាលអោយហូរឈាមពេញពោះ។
   - ជំងឺរលាកអាងត្រគាក (Pelvic inflammatory disease): វាបង្ករោគឡើងដោយបាក់តេរីនៅលើសរីរាង្គបន្តពូជស្ត្រី (ស្បូន ដៃស្បូន អូវែរ)។
   - អាចជាជំងឺរលាកខ្នែងពោះវៀន (Appendicitis): ជាទូទៅវាឈឺនៅផ្នែកអាងត្រគាកខាងក្រោម និងផ្នែកខាងស្តាំ។
   - ជំងឺរលាកស្រោមពោះ (Peritonitis): ជំងឺនេះវាមានសភាពធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវការព្យាបាលជាបន្ទាន់ បើពុំនោះទេវាអាចគ្រោះថ្នាក់ដល់អាយុជីវិត។
   - ជំងឺរលាកផ្លូវបង្ហូរនោម (Urinary tract infection): ជំងឺនេះជាទូទៅឈឺចាប់នៅអាងត្រគាក ហើយរាលដាលទៅផ្នែកខាងក្រោយ ជាពិសេសនៅពេលយើងបន្ទោរបង់ទឹកនោម និងបណ្តាលអោយយើងនោមញឹក។
   - ជំងឺទល់លាមក (Constipation or bowel spasm): ជំងឺនេះកើតឡើងម្តងម្កាល ជាករណីកម្រ ប៉ុន្តែវាអាចធ្ងន់ធ្ងរដែលបណ្តាលអោយស្ទះពោះវៀន។
   - ជំងឺអាប់សែអាងត្រគាក (Pelvic abscess): វាបង្កឡើងដោយសារមានខ្ទុះនៅក្នុងអាងត្រគាក ជាពិសេសនៅដៃស្បូន តួស្បូន និងទ្វារមាស ដែលចាំបាច់ត្រូវមកសម្រាកពេទ្យ និងព្យាបាលជាបន្ទាន់។
២) ការឈឺចាប់អាងត្រគាករ៉ាំរ៉ៃ (Persistent or recurrent pelvic pain)៖
ការឈឺចាប់នេះជាទូទៅពាក់ព័ន្ធនឹងវដ្តរដូវរបស់ស្ត្រី ជាពិសេសឈឺចាប់នៅពេលមានរដូវ ទៅតាមស្ត្រីម្នាក់ៗ និងអាចបណ្តាលមកពីជំងឺរួមផ្សំមួយចំនួនទៀតដូចជា៖
   - ជំងឺអង់ដូមេទ្រីយ៉ូស (Endometriosis): ជំងឺនេះធ្វើអោយស្ត្រីមានការឈឺចាប់ជារឿយៗ រាល់ពេលមានវដ្តរដូវ។
   - ការរលាកអាងត្រគាករ៉ាំរ៉ៃ (Pelvic inflammatory disease): ភាគច្រើនបង្ករោគដោយមេរោគផ្សេងៗនៅលើសរីរាង្គបន្តពូជរបស់ស្ត្រី ដូចជា Chlamydia ឬក៏ Gonorrhoea ដែលតម្រូវអោយព្យាបាលដោយថ្នាំផ្សះ។
   - ការរលាកពោះវៀន (Irritable bowel syndrome) ដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារដែលធ្វើអោយឈឺពោះ ហើមពោះ រាគរូស និងទល់លាមកជាដើម។
   - ជំងឺគីសដៃស្បូន (Recurrent ovarian cysts): ដុំគីសនេះជាធម្មតាអាចកើតហើយបាត់ទៅវិញ អាស្រ័យទៅតាមអរម៉ូននៃវដ្តរដូវ។
   - ជំងឺស្រុតស្បូន (Prolapse of the womb): ជាទូទៅសរីរាង្គបន្តពូជរបស់ស្ត្រី ជាពិសេសនៅពេលមានវ័យចំណាស់ ត្រូវធ្លាក់ចុះតាមទ្វារមាសខុសទីតាំងធម្មតាចេញមកក្រៅតិច ឬច្រើនទៅតាមកម្រិតនៃជំងឺ ដែលបង្កអោយមានការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ជីវភាពប្រចាំថ្ងៃរបស់ស្ត្រី។
   - ជំងឺដុំស្បូន (Fibroids or adenomyosis): ជំងឺនេះជាទូទៅ ឈឺស្ទុំៗ និងមានអារម្មណ៍តឹងណែននៅលើអាងត្រគាក ហើយអាចឈឺចាប់ខ្លាំងនៅពេលដុំនេះរមួល ដែលស្ត្រីត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលអោយបានទាន់ពេលវេលា។
៣) ការឈឺចាប់នៅអាងត្រគាក ចំពោះស្ត្រីមានផ្ទៃពោះ (Pelvic pain in pregnant women)៖
ស្ត្រីមានផ្ទៃពោះទាំងឡាយ គួរចាប់អារម្មណ៍ការឈឺចាប់នេះអាចបណ្តាលមកពីជំងឺទាំងឡាយដូចរៀបរាប់ខាងលើក្នុងកំឡុងពេលគាត់មានផ្ទៃពោះ ប៉ុន្តែដោយឡែកស្ត្រីក៏អាចបណ្តាលមកពីគត៌របស់គាត់ដូចជាៈ
   - ជំងឺកូនក្រៅស្បូន (Ectopic pregnancy): ជំងឺនេះកើតឡើងនៅត្រីមាសដំបូងនៃគត៌ ហើយធ្វើអោយហូរឈាមនៅក្នុងពោះ ដែលបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
   - ការរលូតកូន (Miscarriage threatening): កើតឡើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើអោយស្ត្រីមានការកន្ត្រាក់ស្បូន និងធ្លាក់ឈាមតាមទ្វារមាស។
   - កូនស្លាប់ក្នុងពោះ (MFIU): ជាទូទៅស្ត្រីជាម្តាយមានការឈឺពោះ ហើយទារកក្នុងផ្ទៃមិនកម្រើក។ ស្ត្រីជាម្តាយត្រូវប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រីជាបន្ទាន់ ដើម្បីពិនិត្យគភ៌របស់គាត់។
   - ការសម្រាលកូនមុនខែ (Premature delivery): ជាទូទៅកើតនៅត្រីមាសចុងក្រោយ ដែលស្ត្រីមានការឈឺចាប់នៅអាងត្រគាក កន្ត្រាក់ស្បូន និងមានធ្លាក់ឈាម ឬក៏ហូរទឹកភ្លោះ នៅមុនថ្ងៃកំណត់នៃការសម្រាល។

ប្រសិនបើស្ត្រីដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមមេត្តារួសរាន់មកពិគ្រោះនិងពិនិត្យសុខភាព ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្ត្រី ដើម្បីទទួលការព្យាបាលទាន់ពេលវេលា។

Post a Comment

Khmer drama

4/Disease/featured