ការព្យាបាលជំងឺដុំមហារីកថ្លើម សមយ័ទំនើប !

ការព្យាបាលជំងឺដុំមហារីកថ្លើម សមយ័ទំនើប !
(HCC: Hepatic Cellular Carcinoma)

ក) ការយល់ដឹងទូរទៅ៖
ប្រភេទជម្ងឺដុំមហារីកសាច់ថ្លើម (HCC) គឺជាប្រភេទជម្ងឺថ្លើមដែលក្រុមការងារវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំតែងតែបានជួបប្រទះ និងទទួលព្យាបាលអ្នកជម្ងឺជាញឹកញាប់នៅក្នុងផ្នែកឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត។

បើទោះបីសព្វថ្ងៃនេះយើងមានវិធីសាស្រ្តទំនើបៗ ហើយមានថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺយ៉ាងណាក៏ដោយ ក៏ជំងឺមួយនេះគឺនៅតែមានភាពកាចសារហាវ ហើយក៏មានភាពលំបាកនៅក្នុងការថែរទាំព្យាបាលចំពោះអ្នកជំងឺ និងបានកំពុងតែសំលាប់ជីវិតមនុស្សជាច្រើនលើពិភពលោកក្នុងមួយឆ្នាំៗ។

ខ)មូលហេតុ៖
ដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសារគ្រឿងស្រវឹងច្រើនហើយរយះពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (80-90%)។
មូលហេតុខ្លះៗបន្ថែមទៀតមានៈ
   - សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចំអិនមិនឆ្អិនល្អ។
   - ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលអោយកើតមហារីកថ្លើម មាអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។

ចំណាំ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរៃ (chronic hepatitis B )។

គ) រោគសញ្ញា៖
រោគសញ្ញាដែលអាចអោយយើងដឹងអំពីជំងឺមួយនេះគឺមានដូចជា:
   - មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ
   - ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)
   - អ្នកជម្ងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជម្ងឺគ្រិនថ្លើម (លឿងភ្នែកនិងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង...)
   - មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនត្យមើលអេកូពោះ (Medical checkup)...។

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
យើងអាចធ្វើឡើងបានតាមរយៈ
   - ការសាកសួរអំពីប្រវត្តិរបស់ជំងឺ
   - ការពិនិ្យរបស់វេជ្ជបណ្ឌិត (Physical examination)
   - ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម
   - ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker
   - ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy)
   - ការធ្វើស្កាន់នែពោះដោយចាក់ថ្នាំ (Injection abdominal CT scan) ។

ង)ការព្យាបាល៖
វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល និង សារជាតិគីមី (Chemo embolisation) ដើម្បីកំទិចដុំសាច់មហារីកនេះ និង ការប្រើប្រាស់ថ្នាំដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកំពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺអោយបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

បច្ចុប្បន្ននេះមានការព្យាបាលទំនើបថ្មីមានដូចជា៖
   ១. ការព្យាបាលដោយថ្នាំឆ្លាតកំទេចហ្សែន អាចពន្យាជីវិតអ្នកជំងឺបានយូរដល់២ឆ្នាំភាគច្រើន ហើយគុណភាពជីវិតរបស់អ្នកជំងឺប្រសើរជាងការមិនព្យាបាលឆ្ងាយណាស់។ អ្នកជំងឺភាគច្រើនរស់នៅដូចមនុស្សធម្មតា មិនមានការឈឺចាប់អ្វីទាំងអស់។
   ២. មហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្តូរថ្លើមថ្មី បន្ទាប់មកបន្តការព្យាបាលដោយថ្នាំឆ្លាត រយះពេល២ឆ្នាំ អ្នកជំងឺរស់បានលើសពី៥ឆ្នាំ ៥០%។

បញ្ជាក់៖ ការប្រើប្រាស់ថ្នាំគីមីចាក់តាមសរសៃ (Chemotherapy) និង ការបាញ់កាំរស្មី (Radiotherapy) ទៅលើដុំសាច់មហារីកនេះ គឺមិនមានចម្លើយល្អជាវិជ្ជមាននោះទេសំរាប់ប្រភេទនៃដុំមហារីកមួយនេះ។ ជម្ងឺមហារីកថ្លើមមិនអាចបង្ការបាន100%ទេ។

“ដំបូន្មានរបស់ក្រុមការងារវេជ្ជបណ្ឌិតឯកទេស គឺមានតែការបង្ការ និងកាពារតែមួយគត់ដែលជាវិធីល្អបំផុតសំរាប់គ្រប់អ្នកជំងឺ។ ការព្យាបាលមេរោគលាកថ្លើមប្រភេទ បេ និង សេ អោយបានត្រឹមត្រូវ និងប្រាកដប្រជា មុនពេលវិវត្តិទៅដល់ដំណាក់កាលក្រិនថ្លើមនេះ ការចាក់ថ្នាំបង្ការការពារមេរោគរលាកថ្លើងប្រភេទ បេពីតំបូងទី និងជៀសវាងការពិសារគ្រឿងស្រវឹងរយៈពេលយូរជាដើម គឺជាវិធានការដ៏ប្រសើរបំផុត។”

Post a Comment

Khmer drama

4/Disease/featured