ការព្យាបាលជំងឺបាក់ខ្ទង់ច្រមុះ

ការព្យាបាលជំងឺបាក់ខ្ទង់ច្រមុះ
Nasal fracture management

ការបាក់ខ្ទង់ច្រមុះជាជំងឺមួយដែលជួបប្រទះញឹកញាប់នៅពេលបច្ចុប្បន្ននេះ ជាពិសេសនៅមន្ទីរពេទ្យកាល់ម៉ែត ដែលឈរនៅលេខរៀងទី ៣ នៃការបាក់ឆ្អឹងទូទៅនៅលើដងខ្លួនមនុស្ស ហើយជាញឹកញាប់ ការបាក់នេះពុំសូវបានទទួលការព្យាបាលសមស្របឡើយ ជាផលវិបាកបណ្តាលអោយមានការប៉ះពាល់ដល់ការដកដង្ហើម និងខូចទំរង់មុខជាដើម។

ក) មូលហេតុ បណ្តាលអោយបាក់ខ្ទង់ច្រមុះ ៖
   - ការប៉ះទង្គិចផ្ទាល់ទៅលើផ្ទៃមុខដែលងាយនឹងបាក់ខ្ទង់ច្រមុះ
   - បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ ឫរថយន្តមានប្រហែល ៨០%នៃការបាក់ខ្ទង់ច្រមុះ
   - គ្រោះថ្នាក់ដោយកីឡា ជាពិសេសកីឡាប្រដាល់
   - គ្រោះថ្នាក់ការងារជាងសំណង់ជាដើមដោយការធ្លាក់ពីទីខ្ពស់
   - អំពើហឹង្សាក្នុងគ្រួសារជាពិសេសអ្នករងគ្រោះជាស្រ្តី ឫកុមារ

ខ) តើមានរោគសញ្ញាអ្វីខ្លះនៅពេលបាក់ខ្ទង់ច្រមុះ?
   - មានការឈឺចាប់នៅលើច្រមុះ
   - ហើម ហើយឡើងក្រហមនៅជុំវិញច្រមុះ
   - មានហូរឈាមពីច្រមុះ
   - មានជាំច្រមុះ ឫរង្វង់ភ្នែក
   - ការប្រែប្រួលទ្រង់ទ្រាយខ្ទង់ច្រមុះ
   - មានការពិបាកដកដង្ហើម
   - រន្ធច្រមុះម្ខាង ឫសងខាងហាក់ដូចគេចុកជិត

គ) ការធ្វើរោគវិនិច្ឆ័យ៖
   - ការសាកសួរ និងការពិនិត្យដោយគ្លីនិកអាចធ្វើ រោគវិនិច្ឆ័យការបាក់ខ្ទង់ច្រមុះបាន ដោយយើងអាចដឹងថាវៀច ខ្ទង់ច្រមុះ ឫស្នូរឆ្អឹងប៉ះគ្នាពេលស្ទាប។
   - ប៉ុន្តែបច្ចុប្បន្ននេះ ការថតស្កែនដោយម៉ាស៊ីន CT-Scan ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែតអាចអោយយើងដឹងពីការបាក់បែក នៅផ្នែកផ្សេងទៀតនៃមុខ ឫបញ្ហាផ្សេងទៀតនៃការប៉ះទង្គិច។
   - យើងត្រូវបញ្ជាក់អោយច្បាស់ដែរថាតើច្រមុះអ្នកជំងឺ ពីមុនត្រង់ធម្មតាឫទេ?

ឃ) ការព្យាបាល៖
   - គោលបំណងសំខាន់របស់យើង គឺការព្យាបាលទាន់ពេលវេលា សម្រាប់សម្រួលមុខងារដកដង្ហើម និងកែទ្រង់ទ្រាយផ្នែកសម្ជស្ស។
   - ការគាស់តម្រង់ខ្ទង់ច្រមុះបាក់ ដែលល្អប្រសើរបំផុត គឺចន្លោះ ៣ម៉ោងបន្ទាប់ពីការប៉ះទង្គិច។
   - បើមិនដូច្នេះទេ យើងអាចរង់ចាំចន្លោះ ៣ ទៅ ៧ថ្ងៃនៅពេលដែលហើមជាំស្រកយើងមានភាពងាយស្រួលក្នុងការ ដាក់ឆ្អឹងចូលតាមលំនាំដើមវិញ។
   - បើមិនបានតម្រង់ក្នុងចន្លោះ ៧ ទៅ១០ថ្ងៃទេ ឆ្អឹងបាក់ក៏អាចរឹងជាប់បានដែរ តែជាប់ទាំងវៀច និងពិបាកដកដង្ហើម។
   - នៅពេលនោះការព្យាបាលទាមទារអោយមានការ បំបាក់ឆ្អឹងឡើងវិញ ហើយមានភាពស្មុគ្រស្មាញ។

ង) តើមានផលវិបាកអ្វីខ្លះនៅពេលបាក់ខ្ទង់ច្រមុះ?
   - វៀចជញ្ជាំងខ័ណ្ឌរន្ធច្រមុះ មិនអាចដកដង្ហើមបាន
   - មានឈាមដក់នៅនឹងជញ្ជាំងច្រមុះធ្វើអោយស្ទះរន្ធច្រមុះដែរ។
   - បាក់រហូតដល់ឆ្អឹងខ្ចីខ្ទង់ច្រមុះ
   - ធ្លាយ ឫលេចទឹកក្នុងស្រោមខួរ (Cerebrospinal fluid)

សូមបងប្អូនទាំងអស់ បើមានការប៉ះទង្គិចលើផ្ទៃមុខ ឫសង្ស័យមានការបាក់ខ្ទង់ច្រមុះ អញ្ជើញមកជួបជាមួយ គ្រូពេទ្យជំនាញឯកទេស ដើម្បីពិគ្រោះ និងធ្វើការព្យាបាលអោយទាន់ពេលវេលា ដើម្បីជៀសវាងផលវិបាក មុខងារដកដង្ហើម និងផលវិបាកផ្នែកសម្ជស្ស។

Post a Comment

Khmer drama

4/Disease/featured