ជម្ងឺឬសដូងបាតអាចកើតមានចំពោះមនុស្សរាល់រូប ប្រសិនបើមិនបានយល់ដឹងពីវាដើម្បីបង្ការនោះទេ។
ជម្ងឺឬសដូងបាត ជាជម្ងឺមួយដែលសម្បូរកើតមាននៅលើពិភពលោក។ ចំណែកប្រទេសកម្ពុជាវិញ ក៏កើតមានច្រើនផងដែរ។ ទន្ទឹមនឹងនោះ ក៏មានប្រជាពលរដ្នខ្មែរមួយចំនួនបានចាញ់បោក និងកំពុងរងនូវការបោកប្រាស់ក្នុងការព្យាបាលជម្ងឺនេះ ពីជនខិលខូចមួយចំនួន ដោយសារតែ គាត់មិនបានយល់ច្បាស់អំពីជម្ងឺឬសដូងបាតនេះ។ ជម្ងឺឬសដូងបាតស្រាលសោះ តែអាចរិតតែធ្ងន់ធ្ងរ។
ដើម្បីបំបាត់ចម្ងល់ និងធ្វើការស្វែងយល់ឱ្យកាន់តែច្បាស់អំពីជម្ងឺឬសដូងបាតនេះ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូន អំពីជម្ងឺនេះដោយជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ អ្នកឯកទេសថ្លើមក្រពះពោះវៀន និងឬសដូងបាត។
ជម្ងឺឬសដូងបាត ជាអ្វី?
ជម្ងឺឬសដូងបាតមិនមែនជាជម្ងឺដែលមានឬសស្ញេះ ចាក់ចេញមកខាងក្រៅដូចជាឬសដូង ឬដើមឈើនោះទេ។ ដើម្បីឱ្យ ប្រិយមិត្ដអ្នកអានជ្រាបកាន់តែច្បាស់ពីជម្ងឺឬសដូងបាត យើងខ្ញុំសូមធ្វើការបកស្រាយពីនិយមន័យរបស់ឬសដូងបាត និងជម្ងឺឬសដូង បាតជាមុនសិន។
ឬសដូងបាត៖ ជាបណ្ដាញសរសៃឈាមតូចៗ ជាអាកទែរ និងវ៉ែនដែលប្រទាក់ក្រឡាគ្នា ដែលបង្កើតជាបណ្ដាញសរសៃ នៅក្នុងបាត(ទ្វារលាមក) វាជារឿងធម្មតាដែលមនុស្សគ្រប់គ្នាតែងតែមាន។ ដូចនេះអ្នកណាក៏មានឬសដូងបាតដែរ។
ជម្ងឺឬសដូងបាត៖ ជាជម្ងឺដែលបង្កឡើងដោយការរីកធំនៃបណ្ដាញសរសៃឈាមក្នុងបាត ដែលធ្វើឱ្យមានរោគសញ្ញាធ្លាក់ ឈាម និងការស្រុតចុះនៃសាច់សរសៃឈាមនេះ ពេលនោះទើបសន្និដ្ឋានថាមានជម្ងឺឬសដូងបាត។ ជម្ងឺឬសដូងបាតមិនមែនមានគ្រប់ គ្នាទេ។
គេហៅជម្ងឺឬសដូងបាតជាភាសាបារាំងថាអេម៉ូរ៉ូអ៊ីដ។ អេម៉ូរ៉ូអ៊ីដ ឬជម្ងឺឬសដូងបាតនេះ ត្រូវបានគេស្គាល់តាំងពីជំនាន់ដើម ជំនាន់ស្ដេចអេហ្សីបផារ៉ាអុង មុនគ្រឹស្ដសករាជមកម្លេះ។ ជាភាសាក្រិច អេម៉ូប្រែថាឈាម និងរ៉ូអ៊ីនប្រែថាហូរ។ ដូចនេះជាភាសាក្រិច អេម៉ូរ៉ូអ៊ីនប្រែមកថាឈាមហូរ។ នេះមានន័យថាជម្ងឺឬសដូងបាតមានរោគសញ្ញាសំខាន់របស់វាស្ដែងចេញឡើង គឺជាការហូរឈាម តាមរន្ធគូទ ឬទ្វារលាមក។
ការរីករាលដាលរបស់ជម្ងឺឬសដូងបាត
នៅប្រទេសកម្ពុជាពុំទាន់មានការសិក្សាណាមួយដែលបញ្ជាក់ច្បាស់អំពីអ្នកដែលកើតជម្ងឺឬសដូងបាតនេះនៅឡើយទេ។ ប៉ុន្ដែយើងអាចដឹងបានថាជម្ងឺនេះជាជម្ងឺដែលសម្បូរកើតមាននៅគ្រប់ប្រទេស។ នៅបណ្ដាប្រទេសនានា មានការសិក្សាបញ្ជាក់ថាក្នុង ចំណោមមនុស្សចំណាស់អាយុចាប់ពី៥០ឆ្នាំឡើងទៅ ចំនួនពីរនាក់ ក្នុងនោះមានម្នាក់កើតមានជម្ងឺនេះទៅហីយ។ រីឯនៅក្នុងប្រទេស កម្ពុជាវិញ ក៏សម្បូរកើតមានច្រើនផងដែរ។ អត្រាបុរស និងស្ដ្រីកើតមានជម្ងឺនេះស្ទើរតែប្រហែលគ្នា។
មូលហេតុកើតជម្ងឺឬសដូងបាត
មានមូលហេតុជាច្រើនដែលនាំឱ្យកើតជម្ងឺឬសដូងបាត។ ប៉ុន្ដែគេសង្កេតឃើញមានមូលហេតុមួយដែលសំខាន់ ហើយអ្នក ជម្ងឺភាគច្រើនមានស្ទើរតែគ្រប់គ្នានោះ គឺការបន្ទោរបង់លាមកពិបាក។ ជម្ងឺឬសដូងបាតមិនមែនជាជម្ងឺឆ្លងទេ។
1. ការបន្ទោរបង់លាមកពិបាក៖
មានន័យថានៅពេលបន្ទោរបង់លាមកម្ដងៗ មានអាការទល់ ឬក្ដៀន ដែលតម្រូវឱ្យ អង្គុយយូរ ប្រើកម្លាំងខំប្រឹងបន្ទោរបង់ខ្លាំង។ កាលដែលប្រឹងបន្ទោរបង់ខ្លាំង មិនមែនមានន័យថាលាមកសុទ្វតែរឹងនោះទេ។ ជួនកាល លាមកមានសភាពទន់ជ្រាយផងដែរ ហើយមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ដូច្នេះធ្វើឱ្យខំប្រឹងខ្លាំង អង្គុយនៅបង្គន់យូរ។ នៅពេល ខំប្រឹងខ្លាំងនេះហើយ ដែលធ្វើឱ្យមានកម្លាំង និងសម្ពាធមួយបុកមកទ្វារលាមក។ នៅពេលសម្ពាធនេះមានជាប្រចាំរាល់ពេលបន្ទោរ បង់លាមក ធ្វើឱ្យមានការរីកប៉ោងសរសៃឬសដូងបាត ប៉ោងរីកធំ នាំឱ្យសរសៃនោះផុយអាចបែកជាឈាមធ្លាក់មកតាមបាត នៅពេល បន្ទោរបង់លាមក។ ពេលនោះហើយដែលអាចឱ្យកើតជម្ងឺឬសដូងបាតបាន។
2. មនុស្សមានវ័យកាន់តែចំណាស់៖
ជម្ងឺនេះកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្ដែគេសង្កេតឃើញមនុស្សដែលមានអាយុកាន់ តែច្រើន ចាប់់ពីអាយុ៥០ឆ្នាំឡើងទៅ កាន់តែសម្បូរកើត។ ដោយសារនៅពេលមានវ័យកាន់តែចាស់ សាច់នៅត្រង់កន្លែងរន្ធគូទយារ ហើយវាងាយធ្លាក់ចុះមក ពេលប្រឹងបន្ទោរបង់។
រោគសញ្ញាជម្ងឺឬសដូងបាត
រោគសញ្ញាជម្ងឺឬសដូងបាតងាយស្រួលឱ្យដឹងណាស់ មិនមានអ្វីលំបាកទេ។
- នៅពេលបន្ទោរបង់លាមកមក មានធ្លាក់ឈាមក្រហមស្រស់
- នៅពេលបន្ទោរបង់លាមកមក មានស្រុតសាច់អ្វីធ្លាក់ចេញមកនៅខាងក្រៅទ្វារលាមក។ ជួនកាលពេលឈប់ប្រឹងបន្ទោរ បង់សាច់នោះលិបចូលទៅក្នុងវិញ។ ជួនកាលទៀត លុះត្រាតែរុញបញ្ចូលសាច់នោះទៅក្នុងវិញ ទើបវាលិបចូលទៅវិញ។
ជម្ងឺនេះមិនឱ្យអ្នកជម្ងឺវិលមុខ ឈឺចង្កេះ ឬស្កូវសក់អ្វីឡើយ។ ប៉ុន្ដែវាអាចឱ្យអ្នកជម្ងឺងងឹតមុខ ដែលបណ្ដាលមកពីខ្វះឈាម ក្រហម នៅពេលគាត់មានធ្លាក់ឈាមច្រើនពេក។ ទោះជាយ៉ាងណាក៏ដោយ ក៏ករណីនេះកម្រកើតមានណាស់។
ប្រការត្រូវធ្វើ ពេលកើតជម្ងឺឬសដូងបាត
- អ្នកជម្ងឺត្រូវពិសាបន្លែឱ្យបានច្រើនដើម្បីឱ្យលាមកទន់ ងាយស្រួលបន្ទោរបង់។
- ត្រូវឧស្សាហ៍ហាត់ប្រាណ និងមិនត្រូវអង្គុយយូរនៅមួយកន្លែងនោះទេ ត្រូវឧស្សាហ៍ដើរ។
- មិនត្រូវទទួលទានថ្នាំផ្ដេសផ្ដាស ដោយគ្មានវេជ្ជបញ្ជានោះទេ។ បើចង់ប្រើថ្នាំ ត្រូវអញ្ចើញទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ។
កម្រិតជម្ងឺឬសដូងបាត
ជម្ងឺឬសដូងបាតមាន៤កម្រិត។
- កម្រិតទី១ ៖ ស្ដែងចេញឡើងដោយអ្នកជម្ងឺបន្ទោរបង់លាមកមកមានហូរឈាមស្រស់់។
- កម្រិតទី២ ៖ ស្ដែងចេញឡើងនៅពេលដែលបន្ទោរបង់លាមកមានហូរឈាម ហើយមានលៀនដុំសាច់ចេញមកជាមួយ។ នៅពេលបន្ទោរបង់រួច សាច់នោះក៏លិបចូលទៅក្នុងវិញ។
- កម្រិតទី៣ ៖ អ្នកជម្ងឺបន្ទោរបង់លាមកមកមានហូរឈាម ហើយមានលៀនចេញនូវដុំសាច់ចេញមកដែរ។ ប៉ុន្ដែនៅ ពេលបន្ទោរបង់ហើយ សាច់នោះមិនលិបចូលទៅក្នុងវិញទេ ទាល់តែយកម្រាមដៃទៅរុញបញ្ចូល ទើបលិបចូលទៅក្នុងវិញ។
- កម្រិតទី៤ ៖ ក្រោយពេលបន្ទោរបង់់មក មានធ្លាក់ឈាម សាច់ដែលលៀនចេញពីក្នុងរន្ធគូទនោះមិនលិបចូលទៅក្នុង ឡើយ ទោះបីជាយកម្រាមដៃរុញបញ្ចូលក៏ដោយ។ សាច់នោះលៀនចេញជាអចិន្ដ្រៃយ៍។
ត្រូវជួបជាមួយគ្រូពេទ្យនៅពេលណា?
នៅរាល់ពេលលោកអ្នកបន្ទោរបង់មកមានឈាមក្រហមស្រស់ ឬមានស្រុតចុះនូវអ្វីដែលជាសាច់ចេញមកតាមរន្ធគូទពេល បន្ទោរបង់រួច វាលិបចូលទៅវិញ ឬទាល់តែរុញចូល ទើបវាចូលទៅវិញ គួរប្រញាប់អញ្ជើញទៅមន្ទីរពេទ្យ ឬទៅជួបគ្រូពេទ្យជំនាញ។
ការពិនិត្យជម្ងឺ និងធ្វើរោគវិនិច្ឆ័យ
ចំពោះគ្រូពេទ្យជំនាញ មិនមានអ្វីពិបាកក្នុងការធ្វើរោគវិនិច្ឆ័យជម្ងឺនេះនោះទេ។ ដោយសារប្រជាពលរដ្ឋខ្មែរខ្លះ នៅមាន ភាពអៀនខ្មាសច្រើន គាត់មិនមកជួបគ្រូពេទ្យ ច្រើនតែលួចលាក់ទៅរកកន្លែងស្ងាត់ៗ។ ចំណុចនេះហើយដែលងាយចាញ់បោកគេ ព្រោះគាត់មិនអាចមើលឃើញខ្លួនឯង អ្នកដែលតាំងខ្លួនជាគ្រូពេទ្យនោះធ្វើអ្វីមួយនៅនឹងរន្ធគូទរបស់គាត់។
គ្រូពេទ្យព្យាបាលពិនិត្យមើលរន្ធគូទអ្នកជម្ងឺ ថាតើមានបញ្ហាអ្វីឬទេ។ គ្រូពេទ្យព្យាបាលអាចប្រើឧបករណ៍បើកមើលរន្ធគូទ ដែលអាចមើលឃើញផ្ទាល់ភ្នែកភ្លាមៗ ដោយមិនបាច់ធ្វើការថត ឬឆ្លុះមើលអ្វីឡើយ។
ការព្យាបាលជម្ងឺឬសដូងបាត
ជម្ងឺឬសដូងបាតជាជម្ងឺដែលអាចព្យាបាលជាសះស្បើយ។ ការព្យាបាលមានវិធីព្យាបាលដោយចាក់ថ្នាំ ដោយចងឬសដូងបាត និងវិធីព្យាបាលដោយវះកាត់។ ការព្យាបាលដោយមិនមែនវះកាត់ និងមិនមែនដោយប្រើថ្នាំលេប គឺការព្យាបាលដោយប្រើឧបករណ៍ ចងឬសដូងបាត ឬវិធីចាក់់ថ្នាំឱ្យឬសដូងបាតជ្រុះ។
1. វិធីព្យាបាលដោយថ្នាំចាក់
គឺជាការព្យាបាលដោយប្រើថ្នាំចាក់ ចាក់នៅកន្លែងឬសដូង ដើម្បីឱ្យកន្លែងនោះក្លាយទៅ ជាដំបៅ ហើយឬសដូងនោះដាច់ចេញ។ បែបនេះជាវិធីមួយដែលគេមិនសូវប្រើទេក្នុងវិស័យវេជ្ជសាស្ដ្របច្ចុប្បន្ន ដោយសារវាជាវិធី មួយដែលបង្កផលវិបាកដល់អ្នកជម្ងឺ។ ជាអាទិវិធីព្យាបាលនេះធ្វើឱ្យអ្នកជម្ងឺឈឺចាប់ និងធ្វើឱ្យអ្នកជម្ងឺមានដំបៅ មានរបួស អាចរំខាន អ្នកជម្ងឺធ្វើការងារពុំកើត។ អ្នកជម្ងឺអាចមានគ្រោះថ្នាក់បាន ប្រសិនបើគ្រូពេទ្យដែលព្យាបាលនោះមិនមានបទពិសោធន៍គ្រប់គ្រាន់ ដោយអាចចាក់ថ្នាំជ្រុលហួសដល់សាច់ខាងក្នុងអាចឱ្យក្លាយជាដំបៅរលួយជាហេតុអាចឱ្យមានគ្រោះថ្នាក់ដល់ជីវិត ក៏អាចថាបាន។ វិធី នេះដែរឱ្យលទ្ធផលមិនសូវល្អឡើយ វាធ្វើឱ្យឬសដូងបាតដាច់មិនបានស្អាតល្អ។
2. វិធីព្យាបាលដោយចងឬសដូងបាត
បច្ចុប្បន្ននេះ គេនិយមប្រើវិធីចងនេះ។ គ្រូពេទ្យព្យាបាលប្រើឧបករណ៍ចងចំកន្លែង ឬសដូងបាត។ ការចងធ្វើឱ្យឬសដូងងាប់ ហើយជ្រុះដាច់មកមានសភាពស្អាត។ នៅពេលចងឬសដូងនេះ អ្នកជម្ងឺអាចធ្វើការប្រកបការ ងារបានដូចធម្មតា។ វាជាវិធីមួយដែលអ្នកជម្ងឺមានការឈឺចាប់តិចតួចបំផុត។
3. វិធីព្យាបាលដោយវះកាត់
គេធ្វើឡើងនៅពេលដែលឬសដូងធំហួស គឺឋិតនៅក្នុងកម្រិត ឬដំណាក់កាលទី៤។ គ្រូពេទ្យព្យាបាលត្រូវវះកាត់យកឬសដូងចេញ។
ឬសដូងបាតអាចដុះឡើងវិញឬទេ?
អ្នកជម្ងឺតែងតែលើកឡើងពីចម្ងល់នេះជានិច្ច ថាតើឬសដូងបាតអាចដុះឡើងវិញឬទេ។ ពេលដែលអ្នកជម្ងឺមកជួបគ្រូពេទ្យ ព្យាបាល អ្នកជម្ងឺមានជម្ងឺឬសដូងបាតរួចជាស្រេចទៅហើយ។ គ្រូពេទ្យអាចព្យាបាលជម្ងឺនេះឱ្យជាស្អាត មិនមានន័យថាការពារមិនឱ្យ វាកើតទៅថ្ងៃក្រោយនោះទេ។ ជម្ងឺឬសដូងបាតអាចកើតមានឡើងវិញ ឬមិនកើត គឺអាស្រ័យលើកត្ដាដែលបង្ករោគដែលឱ្យកើតជា ជម្ងឺឬសដូងបាត ឬទេ។
ផលវិបាករបស់ជម្ងឺឬសដូងបាត
ប្រសិនបើអ្នកជម្ងឺមិនធ្វើការព្យាបាលទេ ទុករហូតដល់ជម្ងឺឬសដូងបាតមានសភាពធំខ្លាំង អ្នកជម្ងឺអាចមានផលវិបាកដោយ គ្រូពេទ្យមិនអាចប្រើវិធីព្យាបាលដោយចងបានទេ ដោយសារតែឬសដូងបាតរីកធំជ្រុល។ ប៉ុន្ដែគ្រូពេទ្យអាចព្យាបាលដោយវិធីវះកាត់ វាអាចឱ្យជាសះស្បើយបាន គ្រាន់តែអ្នកជម្ងឺត្រូវខាតបង់ពេលវេលាក្នុងការសម្រាកនៅមន្ទីរពេទ្យ ថវិកាច្រើន និងខាតបង់ការងារ។
វិធានការទប់ស្កាត់ជម្ងឺឬសដូងបាត
ដើម្បីទប់ស្កាត់ជម្ងឺឬសដូងបាតនេះ លោកអ្នកត្រូវការពារខ្លួនតាំងពីវ័យក្មេងទៅ ព្រោះជម្ងឺនេះកើតលើមនុស្សគ្រប់វ័យ។ លោកអ្នកត្រូវប្រតិបត្ដិនូវប្រការមួយចំនួនដូចខាងក្រោមនេះ។
- ការទទួលទានអាហារ៖ ត្រូវទទួលទានបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់។ ព្រោះការទទួលទានបន្លែមិនបានគ្រប់គ្រាន់ ធ្វើឱ្យ លោកអ្នកបន្ទោរបង់លាមកពិបាក។ នៅក្នុងគ្រួសារ ប្រសិនបើសមាជិកណាម្នាក់ ជាកូន ឬជាចៅក្ដី មិនចូលចិត្ដបន្លែ សូមឪពុកម្ដាយ អប់រំណែនាំឱ្យទទួលទានបន្លែឱ្យបានច្រើន ព្រោះបន្លែជួយឱ្យលោកអ្នកបន្ទោរបង់លាមកបានស្រួល។
- ការបន្ទោរបង់លាមក ៖ ត្រូវទម្លាប់បន្ទោរបង់លាមកឱ្យបានទៀងទាត់ និងមិនត្រូវអង្គុយប្រឹងលើបង្គន់យូរពេកទេ។
- ការហាត់ប្រាណ ៖ ត្រូវទម្លាប់ហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់។
នៅពេលធ្វើបានដូចនេះ ជម្ងឺឬសដូងបាតមិនអាចកើតមានឡើយ។ ប្រសិនបើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់ អំពីវិធី ទប់ស្កាត់ការទល់លាមកនោះ សូមលោកអ្នកអានទស្សនាវដ្ដី សុខភាពយើង ដែលបានចុះផ្សាយនៅលេខទី០០៧ ខែសីហា ២០០៦។
ដំបូន្មានអ្នកជំនាញ
សូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបឱ្យច្បាស់ថាជម្ងឺឬសដូងបាតជាជម្ងឺមួយសាមញ្ញ និងមិនធ្ងន់ធ្ងរ។ យើងអាចព្យាបាលជាសះស្បើយបាន ដោយចំណាយអស់ថវិកាតិច មិនមានអ្វីគួរឱ្យបារម្ភទេ។ សំខាន់អ្នកជម្ងឺត្រូវហ៊ានស្ដែងចេញនូវអាការជម្ងឺរបស់គាត់ ប្រាប់ទៅគ្រូពេទ្យ។ ក្លាហានក្នុងការទៅជួបជាមួយគ្រូពេទ្យដែលមានជំនាញពិតប្រាកដ ចៀសវាងក្នុងការទៅរកគ្រូពេទ្យដែលមិន ច្បាស់លាស់ ធ្វើឱ្យខាតបង់ថវិកាច្រើន។ រាល់ពេលដែលមានធ្លាក់ឈាមតាមទ្វារលាមក សូមកុំរារែកមកមន្ទីរពេទ្យដើម្បីពិគ្រោះជម្ងឺ។
ប្រភពៈ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦