ការវះកាត់សីនុសដោយម៉ាស៊ីនអង់ដូស្កុប!
Endoscopic Sinus Surgery
រលាកសីនុស គឺជាជំងឺបណ្ដាលមកពីការបង្ករោគ និងរលាកក្នុងច្រមុះនិងសីនុស។អ្នកជំងឺដែលមានបញ្ហាជាមួយជំងឺនេះមានសញ្ញាដូចជា ឈឺធ្ងន់ៗនៅលើផ្ទៃមុខ តឹងច្រមុះ សំបោរខាប់ហូរធ្លាក់ទៅក្នុងបំពង់កពេលខ្លះមានក្លិនស្អុយ ឈឺក្បាលជាដើម។ល។
ការធ្វើរោគវិនិច្ឆយ័នៃជំងឺនេះត្រូវធ្វើយ៉ាងល្អិតល្អន់ដោយគ្រូពេទ្យជំនាញ។ ភាគច្រើននៃជំងឺនេះអាចជាសះស្បើយដោយប្រើថ្នាំក៏ប៉ុន្តែមានមួយចំនួនតូចដែលទទូលបរាជ័យក្នុងការព្យាបាលដោយប្រើថ្នាំ បូកផ្សំជាមួយមេរោគស្ថិតនៅជាប្រចាំនៅក្នុងសីនុស ដូច្នេះអ្នកជំងឺចាំបាច់ត្រូវព្យាបាលដោយការវះកាត់ (Endoscopic Sinus Surgery) ។
១) តើសីនុសជាអ្វី?
សីនុស គឺជាប្រហោងឆ្អឹងដែលស្ថិតនៅផ្ទៃមុខនិងក្បាល វាមានទំនាក់ទំនងជាមួយច្រមុះតាមរយះរន្ធបង្ហៀរតូចៗ (Ostium)។ សីនុសមានតួនាទីក្នុងការដកដង្ហើម លំហូរសំបោរ (Drainage mucus) បំពង់សំលេង (Resonances) ធ្វើអោយក្បាលស្រាល រក្សាសំណើមនៅក្នុងច្រមុះ។ នៅពេលមានការបង្ករោគ ឬរលាកនៅក្នុងសីនុសគេហៅថារលាកសីនុស(Sinusitis)។
២) រលាកសីនុសជាអ្វី?
រលាកសីនុសបណ្តាលមកពីការស្ទះរន្ធបង្ហូរ(Blocked Ostium) ដោយការបង្ករោគ ឬហើមសាច់សីនុសដែលបង្កើតអោយមានសញ្ញាដូចជា តឹងច្រមុះ ឈឺធ្ងន់ៗ ឬតឹងណែននៅផ្ទៃមុខ សំបោរខាប់ហូរធ្លាក់ចូលទៅក្នុងបំពង់ក(Post nasal drips) ជួនកាលមានក្លិនស្អុយ ឈឺក្បាលភាគច្រើននៅផ្នែកខាងមុខ មិនដឹងក្លិន(Hyposmia)។ ចំពោះការធ្វើរោគវិនិច្ឆ័យជួនកាលមានភាពលំបាក ហេតុដូច្នេះគ្រូពេទ្យជំនាញចាំបាច់ត្រូវធ្វើការឆ្លុះច្រមុះដោយម៉ាស៊ីនអង់ដូស្កុបដើម្បីស្វែងរកមូលហេតុបង្ក។
៣) ការវះកាត់សីនុសដោយម៉ាស៊ីនអង់ដូស្កុបជាអ្វី?
នៅពេលដែលរលាកសីនុសព្យាបាលដោយថ្នាំទទូលបរាជយ័ ចាំបាច់ត្រូវវះកាត់ដោយប្រើម៉ាស៊ីនអង់ដូស្កុប។
វះកាត់ដោយប្រើម៉ាស៊ីនអង់ដូស្កុប(Endoscopic Sinus Surgery) គឺជាការវះកាត់សីនុសដែលស្ទះផ្លូវបង្ហូរ និងសំអាតមេរោគចេញពីសីនុសដោយប្រើម៉ាស៊ីនអង់ដូស្កុបដែលបំពាក់ដោយកាមេរ៉ាដែលផ្ដល់នូវរូបភាពច្បាស់ងាយស្រួលក្នុងការវះកាត់ប្រកបដោយសុវត្ថិភាពនិងគុណភាព។ ការវះកាត់ដោយអង់ដូស្កុប គឺមិនមានស្លាកស្នាមពីខាងក្រៅ មានការបាត់បង់ឈាមតិចក្នុងការវះកាត់ មិនសូវមានការឈឺចាប់ ឆាប់ជាសះស្បើយ និង សំរាកពេទ្យរយៈពេលខ្លី។
ជំងឺដែលត្រូវវះកាត់ដោយម៉ាស៊ីនអង់ដូស្កុបមានដូចជា៖
-រលាកសីនុស
-ឫសដូងច្រមុះ
-ដុះសាច់ច្រមុះ
-វៀចឆ្អឹងច្រមុះ
-ឈាមច្រមុះ
-រលាកច្រមុះរាំរ៉ៃ ឬអាលែកហ្ស៊ី ។
ជាចុងក្រោយនេះសូមបងប្អូនដែលមានបញ្ហាទាក់ទងនឹងច្រមុះ ដែលព្យាបាលយូរហើយមិនជាសះស្បើយទាំងការប្រើថ្នាំ ឬការវះកាត់ សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យឯកទេសវះកាត់សីនុសដោយម៉ាស៊ីនអង់ដូស្កុបនៅផ្នែកត្រចៀក ច្រមុះ បំពង់ក មន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវភាពប្រសើរឡើងវិញនូវសុខភាព និងគុណភាពសីនុសរបស់បងប្អូន។