ស្វែងយល់ពីកត្តាប្រឈម មូលហេតុ និងរោគសញ្ញាជំងឺមហារីកសុដន់!

ស្វែងយល់ពីកត្តាប្រឈម មូលហេតុ និងរោគសញ្ញាជំងឺមហារីកសុដន់! 




បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះគឺស្ថិតក្នុងចំណាត់ថ្នាក់ទី២នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ អត្រានៃអ្នកជំងឺមហារីសុដន់៖
   - 10% អាចកើតលើស្ត្រីវ័យក្រោម 35ឆ្នាំ
   - 20% អាចកើតលើស្ត្រីវ័យក្រោម 50ឆ្នាំ
   - 50% អាចកើតលើស្ត្រីវ័យចន្លោះ 50-69ឆ្នាំ
   - 28% អាចកើតលើស្ត្រីវ័យចន្លោះ 60ឆ្នាំ ឡើងទៅ

ក) កត្តាប្រឈមនិងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី៖
ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖
   - កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ ៥៥ឆ្នាំ)
   - ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ 30ឆ្នាំ
   - ស្ត្រីដែលប្រើថ្នាំពន្យាការមានរដូវ
   - បញ្ហាតំណរពូជ
   - របបចំនីអាហារ:
      • អ្នកមិនសូវទទួលទានបន្លែ
      • អ្នកមិនបានហាត់កីឡា
      • អ្នកធាត់ខ្លាំង
      • អ្នកញាំស្រា 500ml ក្នុងមួយថ្ងៃ
   - ជក់បារី
   - ប្រវត្តិក្រុមគ្រួសារមាន: ជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី 20%-30% ក្នុងលក្ខណៈដំណរពូជ) ។

ខ) រោគសញ្ញា៖
   - ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
   - ស្បែកសុដន់រាងដូចសំបកក្រូច
   - ក្បាលដោះផតចូលក្នុង
   - ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
   - ចេញទឹកដោះលាយឈាម
   - មានកូនកណ្តុរនៅក្រោមឃ្លៀក
   - សញ្ញាផ្សេងៗទៀត

ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល ក្អក។

តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺមហារីកសុដន់?

គ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីសុដន់៖
   - ការប៉ះ ឬស្ទាបពិនិត្យទម្រង់របស់ដុំដោះ
   - ការពិនិត្យអេកូសុដន់
   - ការពិនិត្យថតគៀបសុដន់(បើស្ត្រីអាយុពី៤០ឆ្នាំឡើង)
   - ការថតស្កេន (Scan)
   - ការថត អ៊ីអែអឹម (IRM)
   - ការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)
   - ការវិភាគលើសាច់ដែលបានចោះរួច (Anatomopathologie de la pièce biopsique)។

ឃ) ការព្យាបាល៖
ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ។ ជាទូទៅការព្យាបាលនោះរួមមាន៖
   - ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្តាល
   - ការព្យាបាលដោយថ្នាំគីមី
   - ការព្យាបាលដោយកាំរស្មីអ៊ីយ៉ុង
   - ការព្យាបាលដោយ អរម៉ូន

ង) វិធីបង្ការកុំឲ្យមានជំងឺមហារីកសុដន់៖
ការពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី:
   - ថតគៀបសុដន់រៀងរាល់ឆ្នាំដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ ៤០ឆ្នាំទៅ
   - ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ ៥០ឆ្នាំត្រូវពិនិត្យរៀងរាល់ ៦ខែម្តង ដោយធ្វើការគៀបដោះ អេកូដោះ។

ជាទូទៅ នៅប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីបង្កាមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង។

ច) ស្ត្រីគ្រប់រួបត្រូវចេះស្ទាបនិងពិនិត្យសុដន់របស់ខ្លួនដោយ៖
    ១. ឈរនៅមុខកញ្ចក់៖
     ពិនិត្យសុដន់នូវសញ្ញាខាងក្រោមៈ
        - ការចេញទឹកដោះ (Écoulement mamelonnaire)
        - ស្បែកគ្រើមដូចសំបកក្រូច
        - ក្រហមរមាស់ ផតចូលនៃផ្នែកណាមួយ

    ២. លើកដៃខាងស្តាំឡើង ហើយដៃឆ្វេងប្រើចុងម្រាមដៃ៣ស្ទាបដោះស្តាំ ដោយចាប់ផ្តើមស្ទាបពីខាងក្រៅទៅស្ទាបជារង្វង់។
    ៣. សូមធ្វើការពិនិត្យសុដន់ទាំង២ ព្រមទាំងឃ្លៀក
    ៤. ការបញ្ចប់ការពិនិត្យសុដន់ចុងក្រោយ ត្រូវពិនិត្យចុងដោះ មានចេញទឹកដោះលាយឈាមឬអត់ ឬក៏ផតក្បាលចូលក្នុង។

“ ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញរោគស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបាន ត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងយឺតពេល ដែលបង្ករគ្រោះថ្នាក់ ដល់អាយុជីវិត។ ”

Post a Comment

Khmer drama

4/Disease/featured