ការវះកាត់រលាកខ្នែងពោះវៀនដោយវិធីចោះ!

ខ្នែងពោះវៀន គឺជាបំពង់តូចមួយដែលចុងបិទជិតស្ថិតនៅផ្នែកទីមួយ នៃពោះវៀនធំក្បែរចំណុចប្រសព្វនៃពោះវៀធំនិងពោះវៀនតូច។ ជាធម្មតាវាស្ថិតនៅផ្នែកខាងស្តាំ ក្រោមផ្ចិតមានប្រវែងប្រហែលជា៥-៧សង់ទីម៉ែត។
ការរលាកខ្នែងពោះវៀនត្រូវព្យាបាលដោយវះកាត់យកចេញដោយវិធីវះបើក និងវះចោះ។

ក) គុណសម្បត្តិៈនៃការវះកាត់រលាកខ្នែងពោះវៀនដោយវិធីចោះ
- ការឈឺចាប់តិចក្រោយវះកាត់
- សម្រាកពេទ្យរយៈពេលខ្លី
- ចលនាពោះវៀនមានឡើងវិញលឿន
- អាចធ្វើការងារបានវិញឆាប់រហ័ស
- ស្លាកស្នាមតូចក្រោយវះកាត់
*** លទ្ធផលនៃការវះកាត់អាស្រ័យទៅនឹងកត្តារបស់អ្នកជំងឺផងដែរ ។

ខ) អ្នកជំងឺណាខ្លះដែលអាចវះកាត់ដោយចោះបាន ?

គេអាចធ្វើការវះចោះបានក្នុងគ្រប់ករណី(ទាំងជំងឺរោគស្រ្តី) អាស្រ័យទៅលើភាពស្ទាត់ជំនាញរបស់គ្រូពេទ្យ និងមានឧបករណ៍គ្រប់គ្រាន់ទៅតាមតម្រូវការ។

គ) តើការវះកាត់ដោយចោះត្រូវធ្វើដូចម្តេច ?
ពាក្យថាវះចោះ និងវះបើកគឺជាពាក្យបច្ចេកទេសដែលវេជ្ជបណ្ឌិតវះកាត់ប្រើប្រាស់សម្រាប់ធ្វើការវះកាត់ ។ ការវះកាត់ដោយចោះ ដោយមើលតាមកាមេរ៉ាវីដេអូ ដែលមានស្នាមប្រហោងវះបីតូចៗគឺ៖
- ទី១ នៅលើផ្ចិត
- ទី២ នៅផ្នែកក្រោមផ្ចិតខាងឆ្វេង
- ទី៣ នៅលើថ្ងាសពោះផ្នែកខាងក្រោមផ្ចិត ។

ឃ) តើធ្វើដូចម្តេច ប្រសិនបើការវះកាត់ដោយចោះពុំអាចធ្វើទៅបាន ?
មួយចំនួនតូចនៃអ្នកជំងឺ ប្រសិនបើមិនអាចធ្វើការវះកាត់ដោយចោះបាន ដោយសារតែយើងមិនអាចមើលឃើញខ្នែងច្បាស់ ហើយវារលាកខ្លាំងពុំអាចបេះបាន។ ដូច្នេះដើម្បីអោយងាយស្រួលយើងត្រូវប្តូរពីការវះកាត់ដោយចោះ មកវះកាត់ដោយបើកវិញ។ កត្តាដែលអាចប្តូរពីការវះកាត់ដោយចោះទៅការវះកាត់ដោយបើក៖
- ការបង្ករោគរាលដាលខ្លាំង និងអាប់សែ
- ខ្នែងពោះវៀនបែក ហើយស្អិតខ្លាំង
- ធ្លាប់មានការវះកាត់ពីមុនមក
- មានបញ្ហាហូរឈាមអត់ឈប់ពេលវះកាត់។

ង) ផលវិបាកអ្វីខ្លះដែលអាចកើតមានក្រោយការវះចោះ?
- ការហូរឈាមអត់ឈប់
- ការបង្ករោគ
- ធ្លាយលាមកក្នុងពោះតាមគល់ខ្នែងពោះវៀនដែលយើងកាត់
- អាចធ្លាយពោះវៀន ឬប៉ះពាល់ដល់ផ្នែកផ្សេងៗ នៃសរីរាង្គក្នុងពោះ

ច) រោគសញ្ញាអ្វីខ្លះដែលត្រូវទៅពេទ្យក្រោយវះចោះ?
- ក្តៅខ្លួនខ្លាំងលើសពី ៣៩អង្សាសេជាប់រហូត
- ឈឺពោះលេបថ្នាំមិនបាត់
- ចង្អោរ និងក្អួត
- ស្រាវស្រាញ
- ក្អករហូត និងហត់
- មានខ្ទុះនៅតាមកន្លែងវះ
- មានចេញក្រហមស្បែកនៅតាមរន្ធវះកាត់
- មិនអាចហូប និងផឹកបាន

“ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងពោះវៀន សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។”

Post a Comment

Khmer drama

4/Disease/featured