កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល

កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល!

“Hémorragie du post-partum”

១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?

រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។

ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកំរិតធ្ងន់ធ្ងរ។


ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖

   - ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ (Hémorragie du post-partum immédiate): រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។

   - ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ (Hémorragie du post partum tardive): រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់ ៦សប្តាហ៍។


ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។


២) មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?

   - ស្បូនទន់ ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)

   - ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឫតំបន់ប៉េរីណេ (Déchirure des filières génitales 20%) 

   - ការនៅសល់សុក ឫកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)

   - វិបិត្តកំនកឈាម (Trouble de coagulation ១%)


៣) កត្តាប្រឈម (Facteur de risques) ៖

   - កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី:

     • កូនថ្លោះ (Gros foetus)

     • កូនភ្លោះ (Grossesse multiple)

     • ទឹកភ្លោះច្រើន (Hydramnios)

   - ស្ត្រីធ្លាប់សម្រាលកូនច្រើនដង (Multiparité)

   - ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ (Obésité)

   - ស្ត្រីដែលធ្លាប់មានប្រវត្តិដូចជា៖ ឈឺពោះយូរ, សម្រាលបុត្រលឿនពេក, ស្ត្រីធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាល

   - ស្រ្តីដែលមានសុកពាំងមាត់ស្បូន (Placenta prévia) មានដុំឈាមកកនៅពីក្រោយសុក (Hématome rétro-placentaire) មានដុំសាច់នៅនឹងស្បូន (Myome utérin)។

   - ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ (Anémie maternal)។

   - កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…

   - កត្តាប្រឈមមកពីវិបត្តិកំនកឈាមពីកំណើត (Trouble de constitutionnel de l’Hémostase congénitale)


៤) ផលវិបាកដែលស្ត្រីអាចជួប (Complications)៖

   - វិបត្តិកំនកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត

   - វិបត្តិផ្លូវតម្រងនោម (ខូចតំរងនោម)

   - វិបត្តិគ្មានកូន


៥) ការព្យាបាល (Traitements)៖

   - ការព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយនឹងការសង្កត់សរសៃឈាមអាក់អក (Aorte)

   - ការស្វែងរកនៅកន្លែងដែលរហែករួចដេរឡើងវិញ

   - ការព្យាបាលដោយចងសរសៃឈាម (Ligature vasculaire) និងចងស្បូនផ្អិបជាប់គ្នា (Plicature utérine)។ 

   - ការព្យាបាលដោយកាត់ស្បូន (Hystérectomie)

   - ការព្យាបាលដោយបាញ់ផ្ចិតសរសៃឈាមអាកទែរ (Embolisation artérielle)។


៦) អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យ៖

  - ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីអោយគ្រូពេទ្យស្វែងរកនៅកត្តា

ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ

   - ស្រ្តីគួរញ៉ាំជាតិដែកអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន

   - ស្រ្តីមិនត្រូវអោយឡើងទំងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។ ជាធម្មតាស្ត្រីគួរតែឡើងទំងន់ត្រឹម ១២គីឡូក្រាម នៅពេលគ្រប់ខែ។

   - ស្រ្តីគួរមកសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសំភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ។


#ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured