ជំងឺកូនក្រៅស្បូន

#ជំងឺកូនក្រៅស្បូន!

កូនក្រៅស្បូន គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ជាងគេ នៅចំពោះស្ត្រីលើសកលលោកក៏ដូចជានៅប្រទេសកម្ពុជាដែរ។ ជំងឺនេះកើតឡើងចំពោះស្ត្រីដែលមានផ្ទៃពោះនៅត្រីមាសដំបូង ដែលគភ៌បង្កកំណើតនៅក្រៅស្បូន។ ភាគច្រើននៃជំងឺកូនក្រៅស្បូននេះ កើតឡើងនៅក្នុងដៃស្បូន (trompe de Fallope et tubaires)។ ប្រសិនបើអ្នកជំងឺមកមន្ទីរពេទ្យនិងទទួលការព្យាបាលមិនទាន់ពេលនោះ ជំងឺនេះបង្កឲ្យមានការឈឺចាប់ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

១) មូលហេតុ៖
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមានៈ
   - ធ្លាប់មានធ្លាក់ស រ៉ាំរ៉ៃ
   - ធ្លាប់មានជំងឺរលាកដៃស្បូន
   - ធ្លាប់មានជំងឺកាមរោគ
   - ធ្លាប់វះកាត់ដៃស្បូន
   - មានដុំដៃស្បូន
   - ជក់បារីច្រើន
   - មានដៃគូរួមភេទច្រើន
   - និងកត្តារួមផ្សំផ្សេងៗទៀត

២) រោគសញ្ញា៖
ជាទូទៅរោគសញ្ញានៃជំងឺនេះកើតឡើងចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង (ចន្លោះពី ៤ ទៅ ១០សប្តាហ៍) ដូចជា:
   - មានការឈឺចាប់នៅអាងត្រគាក (Douleur Pelvienne)
   - មានការធ្លាក់ឈាមតាមទ្វារមាស (តិច រឺច្រើន ទៅតាមទីតាំងនៃគភ៌)
   - អ្នកជំងឺមានសភាពស្លេកស្លាំង
   - អស់កំលាំង ល្ហិតល្ហៃ វិលមុខ
   - ចុកពោះ ក្អួតចង្អោរ

៣) រោគវិនិច្ឆ័យ៖
យើងអាចដឹងពីជំងឺនេះតាមរយៈការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យដូចខាងក្រោមៈ
   - សម្ពាធឈាមចុះខ្លាំង
   - ជីពចរដើរញាប់ខុសធម្មតា
   - សីតុណ្ហភាពក្នុងខ្លួនថយចុះជាងធម្មតា
   - ការពិនិត្យទឹកនោមរកមើលសញ្ញាមានគភ៌ (Test de Grossesse Urinaire)
   - ការធ្វើតេស្តឈាម (Béta HCG et NFS Groupage)
   - មានការឈឺចាប់ខ្លាំង ពេលស្ទាបលើអាងត្រគាក និងពិនិត្យទ្វារមាស
   - ការពិនិត្យអេកូសាស្ត្រៈ
      ● ពុំមានអំប៊្រីយ៉ុងក្នុងស្បូន
      ● មានឃើញចង្វាក់បេះដូងទារកនៅនឹងដៃស្បូន (អាចឆ្វេង រឺស្តាំ)
      ● មានដក់ឈាមនៅក្នុងពោះ តិចរឺច្រើន ទៅតាមសភាពជំងឺ

៤) ការព្យាបាល៖
វិធីព្យាបាលនៃជំងឺនេះមាន ២ប្រភេទៈ
   ក. ការព្យាបាលដោយថ្នាំ ក្នុងករណីអ្នកជំងឺមកពិគ្រោះទាន់ពេលវេលា និងគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ (Diagnostic précoce) ដឹងថាអ្នកជំងឺមានកូនក្រៅស្បូនក្នុងកំឡុងពេល ៤សប្តាហ៍នៃគភ៌។

   ខ. ការព្យាបាលដោយវះកាត់ មាន ២របៀបៈ
   - ការវះកាត់ដោយប្រើឧបករណ៍ចោះ (Coelio-chirurgie): វិធីនេះធ្វើឡើងចំពោះ៖
      ● អ្នកជំងឺមកទាន់ពេលវេលា និងមានសភាពធម្មតា
      ● ដុំឈាមកូនក្រៅស្បូនមិនទាន់បែក រឺបែកដែលមានហូរឈាមតិចតួច
      ● មានដក់ឈាមតិចតួចនៅក្នុងអាងត្រគាក
ការវះកាត់ដោយប្រើឧបករណ៍ចោះនេះអ្នកជំងឺពុំមានការឈឺចាប់ខ្លាំង ស្នាមវះកាត់តូច សម្រាកពេទ្យរយៈពេលខ្លី ឆាប់បានត្រលប់ទៅធ្វើការបានធម្មតាវិញ។ អ្វីដែលពិសេស គឺរក្សាទុកដៃស្បូនរបស់ស្ត្រីដើម្បីអាចមានកូនទៅថ្ងៃក្រោយបាន។
   - ការវះកាត់ដោយបើកពោះ (Laparotomie): វិធីនេះធ្វើឡើងចំពោះស្ត្រីមកមន្ទីរពេទ្យយឺតយ៉ាវ មានសភាពធ្ងន់ធ្ងរ ស្លេកស្លាំងខ្លាំង មានបែកឈាមពេញពោះ ដែលតម្រូវឲ្យវះកាត់ជាបន្ទាន់ និងកាត់ដៃស្បូនចោល។

ដូច្នេះស្ត្រីមានគភ៌នៅកំឡុងត្រីមាសដំបូងគ្រប់រូប ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលត្រឹមត្រូវ ទាន់ពេលវេលា ជៀសវាងហានិភ័យផ្សេងៗ ដូចជាការកាត់ដៃស្បូនដែលគ្មានឱកាសមានកូនទៅថ្ងៃក្រោយ និងករណីធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់អាយុជីវិត។

" ស្រលាញ់សុខភាពមាតា គ្រួសារមានសុភមង្គល! "

ប្រភពៈ មន្ទីពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured