វិធីការពារនិងព្យាបាល ជំងឺឆ្កែឆ្កួត

វិធីការពារ និងព្យាបាលជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ (LA RAGE DECLAREE)

ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។ 

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

ក) មូលហេតុ និងការចម្លង៖

- ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure), ខ្វាច (griffure), លិតលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយះសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត

- ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

ខ) រោគសញ្ញានិងការបង្ករោគ៖

១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។

២) រោគសញ្ញា (Symptômes)៖

- រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖

• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក 

• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន

• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ

• ឈឺក្បាល វិលមុខ តប់ប្រម៉ល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

- រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖

• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន

• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)

• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)

• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន

• ពិបាកលេបចំណីអាហារ (Dysphagie)

• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)

• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

គ) ការព្យាបាលក្រោយពីឆ្កែខាំ៖

- ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត

- មិនត្រូវដេររបួសដែលឆ្កែខាំ

- ចាក់វាក់សាំងការពារតេតាណូស

- ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)

- ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)

- ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក

ឃ) វិធានការការពារ៖

- ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ

- ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់

- ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ

- ជៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិតលើរបួសឬដំបៅ។

- ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)

ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត។

Post a Comment

Khmer drama

4/Disease/featured