គ្រោះថ្នាក់នៃការបង្ករោគលើទារកក្រោមអាយុ២៨ថ្ងៃ

#គ្រោះថ្នាក់នៃការបង្ករោគលើទារកក្រោមអាយុ២៨ថ្ងៃ (Neonatal sepsis)!

១) តើអ្វីទៅជាការបង្ករោគលើទារក?
ការបង្ករោគលើទារកគឺជាការយាយីដោយមេរោគបាក់តេរីលើទារក បណ្តាលអោយលេចចេញនូវចង្កោមរោគ សញ្ញានៃជំងឺដែលប៉ះពាល់ដល់សារពាង្គកាយទាំងស្រុង រួមនឹងការបណ្តុះមេរោគក្នុងឈាមវិជ្ជមាន។
គេបែងចែកការបង្ករោគនេះជាពីរ៖
   - ការបង្ករោគលើទារកបឋម ដែលរោគសញ្ញាលេចឡើងក្នុងកំឡុងពេល ៧២ម៉ោងនៃជីវិត
   - ការបង្ករោគលើទារកយឺតយ៉ាវ ដែលរោគសញ្ញាលេចឡើងបន្ទាប់ពី ៧២ម៉ោងនៃជីវិត

២) មូលហេតុអ្វីបានជាត្រូវប្រុងប្រយ័ត្នកុំអោយមានការបង្ករោគលើទារក?
ទារកក្រោមអាយុ ២៨ថ្ងៃ ជាពិសេសទារកពុំគ្រប់ខែ ឬពុំគ្រប់គីឡូ មានប្រព័ន្ធការពារខ្លួនខ្សោយ ប្រសិនបើមានជ្រៀតចូលមេរោគលើទារកទាំងនេះ អាចបង្កអោយមានរោគសញ្ញាធ្ងន់ធ្ងរ ដែលអាចអោយមានអត្រាមរណៈភាព និងពិការភាពខ្ពស់ បើសិនមិនមានការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។

៣) តើរោគសញ្ញាដែលសង្ស័យថាមានការបង្ករោគលើទារកមានអ្វីខ្លះ?
   - វិបត្តិផ្លូវដង្ហើមៈ ទារកដកដង្ហើមហត់ខ្លាំង ផតទ្រូង ថ្ងូរ បាត់ដង្ហើមមួយរយៈៗ សំបុរស្វាយ
   - វិបត្តិនៃការរក្សាសីតុណ្ហភាពធម្មតាក្នុងខ្លួនៈ ទារកមានភាពត្រជាក់ខ្លាំង (កំដៅទារកទាបជាង ៣៥អង្សារសេ) ឬទារកក្តៅខ្លួន (កំដៅលើសពី ៣៨អង្សារសេ)
   - សំបុរទារកស្លេកស្លាំងខុសពីធម្មតា
   - ខាន់លឿងចំពោះទារកដែលមានអាយុក្រោម ២៤ម៉ោង
   - ប្រកាច់ ឬទារកមានសភាពទន់ខុសពីធម្មតា
   - ទារកបៅតិចជាងធម្មតា ឬពុំបៅ
   - ពោះប៉ោងតឹង មានឈាមតាមលាមក....។

៤) កត្តាប្រឈមដែលបណ្តាលអោយមានការបង្ករោគលើទារក៖
   - ម្តាយមានសញ្ញាក្តៅខ្លួនលើសពី ៣៨អង្សារសេ មុនកំឡុងពេល និងក្រោយសម្រាល
   - បែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
   - ទឹកភ្លោះមានពណ៌ខ្ទុះ មានក្លិនស្អុយ
   - ម្តាយមានការបង្ករោគនៅនឹងទ្វារមាស ឬការបង្ករោគលើផ្នែកណាមួយ
   - ទារកកើតពុំគ្រប់ខែ (ក្រោម ៣៧សប្តាហ៍នៃគភ៌) ឬពុំគ្រប់គីឡូ (តិចជាង ២៥០០ក្រាម)
   - ទារកដែលខ្សោយពេលកើត

៥) ការធ្វើរោគវិនិច្ឆ័យ៖
   - ទារកដែលមានសញ្ញា ឬកត្តាប្រឈមដែលសង្ស័យថាមានការបង្ករោគ នឹងត្រូវបានធ្វើការតាមដានតាមរយៈ ការអង្កេតគ្លីនិក និងការធ្វើតេស្តដើម្បីបញ្ជាក់ពីការចំលងរោគនេះ (បណ្តុះមេរោគក្នុងឈាម)។

៦) ការព្យាបាល៖
   - ការព្យាបាលដោយថ្នាំផ្សះដែលត្រឹមត្រូវតាមលទ្ធផលនៃការបណ្តុះមេរោគ
   - ការព្យាបាលតាមរោគសញ្ញា (ផ្តល់អុកស៊ីសែន ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមលើទារកដែលមានវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងការព្យាបាលដោយកាំរស្មីចំពោះខាន់លឿង)

៧) ការការពារការចំលងរោគលើទារក៖
   - ព្យាបាលដោយថ្នាំផ្សះលើម្តាយដែលមានការបង្ករោគ ឬបែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
   - រក្សាអនាម័យជុំវិញការថែទាំទារកក្រោយកើត (សំអាតដៃមុនពេលប៉ះពាល់ទារក)

" រាល់ទារកដែលមានសញ្ញាពុំប្រក្រតីណាមួយ ដែលសង្ស័យថាមានការបង្ករោគ សូមមេត្តាបញ្ជូនទារកមកទទួលការពិនិត្យ និងវាយតម្លៃដោយក្រុមការងារគ្រូពេទ្យឯកទេសសង្គ្រោះទារកដើម្បីឈានដល់ការព្យាបាលអោយបានទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាព ប្រសិទ្ធិភាពខ្ពស់។ "

#ប្រភពៈ #មន្ទីពេទ្យកាល់ម៉ែត

Khmer drama

4/Disease/featured

Post a Comment