សក់មានសុខភាពល្អ អាស្រ័យលើវីតាមីនប៉ុន្មានប្រភេទនេះ!
រឿងនេះស្រីៗច្បាស់ជាចង់ដឹងហើយ ប៉ុន្តែ “Hello គ្រូពេទ្យ” មិនមែនចិត្តលម្អៀងចង់ប្រាប់តែស្រីៗទេ ប្រុសៗ បើស្រលាញ់សក់ ចង់បានសក់ស្អាត រស់រវើក ភ្លឺរលោង គួរអានអត្ថបទនេះ ជាមួយស្រីៗដែរទៅ។ អ្វីសំខាន់ចង់ប្រាប់ពេលនេះ ក្រៅពីល្អខ្លាំងសម្រាប់សុខភាពរាងកាយហើយនោះ វីតាមីននទាំងនេះក៏ល្អខ្លាំងសម្រាប់សុខភាពសក់ដូចគ្នា។
១- វីតាមីន A
វីតាមីន A ជាកត្តាជំរុញការលូតលាស់ជាលិកាសក់ ជួយដល់ការផលិតជាតិប្រេងលើស្បែកក្បាល។ប្រេងធម្មជាតិនេះ មាននាទីរក្សាសក់ឲ្យមានសំណើម ភ្លឺថ្លា និងមានសុខភាពល្អ។ បន្ថែមវីតាមីន A ទៅលើអាហារប្រចាំថ្ងៃដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ ទឹកដោះគោ យ៉ាអួ និងស៊ុត តាមកម្រិតសមស្រប អាចជួយឲ្យសក់កាន់តែលូតលាស់បានល្អ។
២- វីតាមីន C
វីតាមីនC ជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ប្រសើរ ជួយការពារសក់មិនឲ្យខូច ដោយសារការបង្កមកពីរ៉ាឌីកាល់សេរី។ លើសពីនេះ ពេលញ៉ាំវីតាមីនសេ C វាជួយបង្កើតប្រូតេអ៊ីនម៉្យាង ហៅថាកូឡាជែន រឹតបន្តឹងជាលិកាសក់ និងពង្រឹងរចនាសម្ព័ន្ធសក់កូឡាជែន ដែលវីតាមីនប្រភេទនេះ សម្បូរនៅក្នុង ម្ទេស ទំពាំងបាយជូរ ផ្លែស្ត្របឺររី និងផ្លែក្រូចផ្សេង។
៣- វីតាមីន E
វីតាមីន E អាចជួយបង្កើនដំណើរការលូតលាស់សក់។ អ្នកស្រាវជ្រាវមួយក្រុម រកឃើញថារយៈពេល ៨ខែ គ្នាយើងមានបញ្ហាជ្រុះសក់ សក់កើនឡើងវិញ បន្ទាប់ពីទទួលបានថ្នាំវីតាមីន E។វីតាមីន E សម្បូរក្នុងផ្លែឈើស្រស់ៗ ដូចជាផ្លែប៊ើរ គ្រាប់ផ្កាឈូករ័ត្ន ស្ពៃពួយលេង និងគ្រាប់ អាល់ម៉ុន ជាដើម។ ព្យាយាមបំប៉នវីតាមីនក្នុងរាងកាយ ដោយប្រើប្រភពធម្មជាតិ ព្រោះមានតម្លៃថោកមានរសជាតិសម្បូរបែប។
៤- វីតាមីន B
ក្រុមវីតាមីន B ជួយដល់ការលូតលាស់សក់ ដោយសារមានការជំរុញកោសិកាឈាមក្រហម ដើម្បីនាំអុកស៊ីហ្សែន និងសារធាតុមួយចំនួន ទៅចិញ្ចឹមស្បែកក្បាល និងឫសសក់។ បាយអូទីន (Biotin) ជាប្រភេទវីតាមីន B សម្រាប់ការព្យាបាលសក់ជ្រុះ។ ប៉ុន្តែព្យាយាមបន្ថែមបន្លែបៃតងឲ្យបានច្រើនក្នុងរបបអាហារ ចំណែកសាច់ និងផលិតផលទឹកដោះគោ ក៏ជាប្រភពសម្បូរវីតាមីន B12។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទ Hello Krupet