ជំងឺថប់បារម្ភ(Anxiety)ដែលមានអារម្មណ៍ច្រាស់ច្រាល់អន្ទះអន្ទែងជាជំងឺផ្លូវចិត្តម្យ៉ាងកើតមានញឹកញាប់។ជាទូទៅអ្នកជំងឺថប់បារម្ភរមែងគិតនិងព្រួយបារម្ភច្រើន(ហួសហេតុ)អំពីបញ្ហានានាក្នុងជីវិតដូចជាគិតពីបញ្ហាការងារបញ្ហាមុខរបរពីអនាគតកូនចៅបញ្ហាគ្រួសារនិងជាពិសេសពីបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ...។
ជាការណែនាំដោយអ្នកជំនាញនៃអង្គការចិត្តសង្គមអន្តរវប្បធម៌នៃកម្មវិធីសុខភាពផ្លូវចិត្តបានបង្ហាញពីរោគសញ្ញារបស់ជំងឺថប់បារម្ភក៏ដូចជាដំណោះស្រាយដូចខាងក្រោម៖
👉 រោគសញ្ញាថប់បារម្ភ
អ្នកជំងឺថប់បារម្ភច្រើនមានអាការៈលើផ្លូវចិត្តនិងលើរាងកាយមួយចំនួន៖
១.អាការៈលើចិត្ត៖
• ភ័យខ្លាចគិតព្រួយគិតច្រើន
• រសាប់រសល់ទាល់គំនិត
• វិលមុខមានអារម្មណ៍ញាប់ញ័រ
• ងាយភ្ញាក់ផ្អើលនិងគេងមិនលក់ដូចធម្មតា
២.អាការៈលើរាងកាយ
• បែកញើសខុសធម្មតា
• ត្រជាក់ដៃ-ជើង
• ដង្ហើមផុតៗស្ងួតមាត់
• នោមញឹកឬរាករូស
• ញ័រដើមទ្រូងឬតឹងទ្រូងពិបាកដកដង្ហើម
លក្ខណៈទាំងនេះអាចធ្វើឲ្យមនុស្សភាគច្រើនគិតថាខ្លួនមានជំងឺខ្សោយបេះដូង។
ដំណោះស្រាយ៖
គេអាចជួយអ្នកមានជំងឺថប់បារម្ភបានតាមរយៈវិធីមួយចំនួនដូចជា៖
១.លំហាត់សម្រាកចិត្តកាយ៖
ធ្វើលំហាត់សម្រាកចិត្តកាយដូចជាលំហាត់ដកដង្ហើម(ចុចអាន៖វិធីធ្វើលំហាត់សម្រាកចិត្តកាយ)
២.ពិភាក្សាយោបល់ជាមួយអ្នកជឿទុកចិត្ត
អ្នកកើតមានជំងឺថប់បារម្ភអាចទទួលបានការធូរស្បើយតាមរយៈការនិយាយពិគ្រោះបញ្ហារបស់ខ្លួនជាមួយមនុស្សដែលខ្លួនជឿទុកចិត្តឬទទួលបានការណែនាំឬឱវាទល្អៗពីសំណាក់ចាស់ព្រឹទ្ធាចារ្យនិងជាពិសេសពីសំណាក់អ្នកឯកទេសផ្ដល់ប្រឹក្សាតាមបែបចិត្តសាស្ត្រ។
៣.ធ្វើតាមវិធីបែបប្រពៃណីបុរាណ
វិធីប្រពៃណីបុរាណដូចជាការសែនព្រេនបន់ស្រន់ពិធីនិមន្តព្រះសង្ឃស្រោចទឹកមន្តរំដោះគ្រោះ។ល។អាចជួយឲ្យអ្នកជំងឺថប់បារម្ភធូរស្បើយបាន។
៤.វិធីព្យាបាលដោយគ្រូពេទ្យ
ចំពោះករណីដែលអ្នកជំងឺមានអាការៈភ័យខ្លាចនិងព្រួយបារម្ភខ្លាំងចាំបាច់ត្រូវតែនាំអ្នកជំងឺទៅពិគ្រោះនិងទទួលការពិនិត្យព្យាបាលពីគ្រូពេទ្យឯកទេសផ្លូវចិត្ត។
