ការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមទាបពេក នៃអ្នកជំងឺទឹកនោមផ្អែម ជាគ្រោះថ្នាក់មួយដែលមិនគួរមើលរំលង!
(Hypoglycémie sévère chez sujet diabétique)
ជាការពិតណាស់ស្ទើរតែគ្រប់អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបតែងតែមានការខ្វាយខ្វល់អំពីការឡើងកម្រិតជាតិស្ករ
នៅក្នុងឈាមរបស់គាត់ប៉ុន្តែពួកគាត់ទាំងនោះបានមើលរំលងអំពីគ្រោះថ្នាក់នៃការថយចុះកម្រិតជាតិស្ករទាប
ពេកនៅក្នុងឈាមដែលជាមូលហេតុចំបងទី១នៃការចូលសម្រាកពេទ្យរបស់អ្នកជំងឺទឹកនោមផ្អែមហើយវាជា
ក្តីបារម្ភណ៍ខ្លាំងបំផុតនៃក្រុមវេជ្ជបណ្ឌិតយើងខ្ញុំ។
១) តើពេលណាទើបយើងហៅថាការធ្លាក់ចុះជាតិស្ករខ្លាំងពេក នៃអ្នកជំងឺទឹកនោមផ្អែម?
តាមនិយមន័យ វាជាការស្តែងចេញនៃរោគសញ្ញានៃការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល (Neuroglucopénie) ព្រមគ្នាជាមួយការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ដែលមានចំនួនតូចជាង ០.៧ g/l ហើយសញ្ញាទាំងអស់នេះនឹងបាត់ទៅវិញបន្ទាប់ពី មានការបង្គ្រប់ជាតិស្ករ (Triade de WHIPPLE)។
២) រោគសញ្ញា៖
ក) សញ្ញាដែលកើតឡើងដោយសារការបញ្ចេញអ័រម៉ូនអាដ្រេណាលីន (Réaction adrénergique)
- អាការៈញ័រដៃជើង (Tremblement)
- ញ័រទ្រូង (Palpitation)
- បែកញើស (Transpiration)
- ថបបារម្មណ៍ (Anxiété)
- ឃ្លានអាហារខ្លាំង (Faim)
- ចង្អោរ (Nausée)
- ស្ពឹកជុំវិញមាត់ (Picotement péribuccale)
- ស្លេកស្លាំង (Paleur)
ខ) សញ្ញាដែលកើតចេញពីការខ្វះស្ករចិញ្ចឹមខួរក្បាល (Neuroglucopénie)
- វិបត្តិនៃការផ្ចង់អារម្មណ៍ (Trouble de concentration)
- ប្រែប្រួលអារម្មណ៍ (Changement de l’humeur)
- ខ្សោយកំលាំង (Faibless)
- ស្រវាំងភ្នែក (Flou visuelle)
- ឈឺក្បាល (Céphalée)
- សន្លឹម (Somnolence)
- វង្វេង (Confusion)
- ប្រកាច់ (Convulsion)
ការធ្លាក់ចុះជាតិស្ករខ្លាំងធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ស្មារតី និងអាចដល់ស្លាប់បាត់បង់ជីវិតផងក៏មាន។
៣) ផលវិបាកនៃការចុះជាតិស្ករទាបពេកនៃអ្នកជំងឺទឹកនោមផ្អែម ដែលប្រជាពលរដ្ឋត្រូវតែដឹង៖
ក) ផលវិបាកទៅលើខួរក្បាល៖
វាអាស្រ័យទៅលើភាពធ្ងន់ធ្ងរ និងរយៈពេលនៃការចុះជាតិស្ករ ដែលក្នុងនោះវាអាចបណ្តាលអោយអ្នកជំងឺបាត់បង់ស្មារតី រឺអាចឈានដល់ការស្លាប់តែម្តង។ មួយវិញទៀត តាមការសិក្សាថ្មីៗបានបង្ហាញថា ការចុះជាតិស្ករខ្លាំង និងញឹកញាប់ បណ្តាលអោយមានការកើនឡើងនូវអត្រាជំងឺវង្វេង (Dementia) នៅពេលគាត់មានវ័យចាស់។
ខ) ផលវិបាកទៅលើបេះដូង៖
តាមការស្រាវជ្រាវបង្ហាញថា ការធ្លាក់ចុះជាតិស្ករទាបពេក និងស្រួចស្រាវ បង្កអោយមានការកើនឡើងនូវគ្រោះថ្នាក់បេះដូង ដូចជា ការស្ទះសរសៃឈាមបេះដូង និងវិបត្តិចង្វាក់បេះដូង។
គ) វិបត្តិទៅលើភ្នែក៖
វាធ្វើអោយមានការថយចុះនៃគំហើញ ដោយសារការប៉ះពាល់ដល់រ៉េទីននៃបាតភ្នែក
៤) តើអ្នកជំងឺ និងក្រុមគ្រួសារត្រូវធ្វើដូចម្តេច ពេលមានបញ្ហានេះកើតឡើង?
ជាការចាំបាច់ អ្នកជំងឺទឹកនោមផ្អែមដែលព្យាបាលដោយថ្នាំអ៊ាំងស៊ុយលីន ស៊ុលហ្វាមីត និងក្រុមគ្លីនីត ត្រូវមានជាប់ខ្លួននៅម៉ាស៊ីនតេស្តជាតិស្ករ និងស្ករ (ស្ករគ្រាប់ រឺស្ករដុំ) និងថ្នាំ Glucagon ចាក់បេីអាចមាន។
ក្នុងករណីដែលអ្នកជំងឺមានអាការៈនៃការថយចុះជាតិស្ករ ដូចបានរៀបរាប់ខាងលើ ហើយអ្នកជំងឺនៅដឹងខ្លួន សូមធ្វើតេស្តជាតិស្ករ រួចអោយអ្នកជំងឺទទួលទានស្ករដែលមានបំរុងទុក។
ក្នុងករណីអ្នកជំងឺចុះជាតិស្ករខ្លាំងពេករហូតបាត់បង់ស្មារតី ក្រុមគ្រួសារអាចជួយគាត់បានតាមរយៈការចាក់ថ្នាំគ្លុយកាកុង (Glucagon) ក្នុងសាច់ដុំ រឺបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការបង្គ្រប់ជាតិស្ករតាមសរសៃឈាម។
៥) ការសន្និដ្ឋាន
គ្រប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ គួរតែបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាចុះកម្រិតជាតិស្ករខ្លាំងក្នុងឈាម ដែលជាគ្រោះថ្នាក់ដ៏ធំ មួយសំរាប់ជីវិត ហើយការចុះជាតិស្ករខ្លាំងបែបនេះ ត្រូវតែស្រាវជ្រាវរកមូលហេតុអោយបានច្បាស់លាស់ និងធ្វើការព្យាបាលអោយបានសមស្រប។
បើបងប្អូនជួបបញ្ហា រឺមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកទឹកនេាមផ្អែម ដើម្បីពិគ្រោះជំងឺរកមូលហេតុអោយបានច្បាស់លាស់ និងព្យាបាលបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
This comment has been removed by the author.
ReplyDelete